អ៊ិត សំហេង៖ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ យុវជនទូទាំងប្រទេសលែង​ពិបាក​រកការងារទៀតហើយ

  • 2017-07-03 04:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • រដ្ឋាភិបាល​កំពុង​ធ្វើ​កំណែទម្រង់​ថ្មី ក្នុង​ការ​តភ្ជាប់​ប្រព័ន្ធ​អប់រំ​ចំណេះ​ដឹង​ទូទៅ ប្រព័ន្ធ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​ប្រព័ន្ធ​ការងារ​ជា​បណ្ដាញ​តែ​មួយ

  • ប្រព័ន្ធ​នេះ​នឹង​ជួយ​ដល់​យុវជន ក៏​ដូច​ជា​ពលរដ្ឋ​ទាំង​អស់ ងាយ​ស្រួល​ក្នុង​ការ​កំណត់​អំពី​គោលដៅ​របស់​ខ្លួន ងាយ​បត់​បែន អាច​កំណត់​ផ្លូវ​សិក្សា​ច្បាស់​លាស់

-​ បន្ទាប់​ពី​មាន​សមត្ថភាព​ទាំង​ចំណេះ​ដឹង​ទូទៅ​ ទាំង​ជំនាញ​វិជ្ជាជីវៈ​ហើយ គឺ​យុវជន​នឹង​មាន​ការងារ​ធ្វើ​សមស្រប​តាម​សមត្ថភាព និង​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ទៀត​ផង​

ថ្លែង​នៅ​ក្នុង​វេទិកា​ជាតិ​ស្ដី​ពី​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ កាល​ពី​ព្រឹក​មិញ​នេះ ឯកឧត្ដម អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​កំណែទម្រង់​ថ្មី ក្នុង​ការ​តភ្ជាប់​ប្រព័ន្ធ​អប់រំ​ចំណេះ​ដឹង​ទូទៅ ប្រព័ន្ធ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​ប្រព័ន្ធ​ការងារ​ជា​បណ្ដាញ​តែ​មួយ ដើម្បី​ឆ្លើយ​តប​នឹង​សំណួរ​ដែល​តែង​លើក​ឡើង​ថា គួរ​រៀន​អ្វី រៀន​ចប់​មាន​ការ​ងារអ្វី​? ដូច្នេះ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​យុវជន​ទូទាំង​ប្រទេស​កម្ពុជា លែង​ពិបាក​ទៀត​ហើយ​។

រដ្ឋ​មន្ត្រី​ក្រសួង​ការងារ បាន​បន្ត​ទៀត​ថា ប្រព័ន្ធ​នេះ​នឹង​ជួយ​ដល់​យុវជន ក៏​ដូច​ជា​ពលរដ្ឋ​ទាំង​អស់ ងាយ​ស្រួល​ក្នុង​ការ​កំណត់​អំពី​គោលដៅ​របស់​ខ្លួន ងាយ​បត់​បែន អាច​កំណត់​ផ្លូវ​សិក្សា​ច្បាស់​លាស់ ថា​តើ​ខ្លួន​មាន​សមត្ថភាព​ផ្នែក​អ្វី​ ពូកែ​អ្វី​? ដូច្នេះ​ប្រព័ន្ធ​ថ្មី​នឹង​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​ដល់​យុវជន តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង និង​ដឹកនាំ​ឆ្ពោះ​ទៅ​រក​អនាគត ដែល​យុវជន​ប្រាថ្នា​ចង់​ទៅ​ដល់​។ ឯកឧត្ដម​លើក​ឡើង​ថា ​បន្ទាប់​ពី​មាន​សមត្ថភាព​ទាំង​ចំណេះ​ដឹង​ទូទៅ​ ទាំង​ជំនាញ​វិជ្ជាជីវៈ​ហើយ គឺ​យុវជន​នឹង​មាន​ការងារ​ធ្វើ​សមស្រប​តាម​សមត្ថភាព និង​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ទៀត​ផង​។

ឯកឧត្ដម អ៊ិត សំហេង បាន​បញ្ជាក់​ថា ទៅ​ថ្ងៃ​ខាង​មុខ​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទាំង​អស់​នឹង​​ត្រូវ​ចុះបញ្ជី​ ហើយ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង របស់​គណៈកម្មការ​​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ ដើម្បី​ឱ្យ​កំណែទម្រង់​មួយ​នេះ​អាច​ដំណើរការ​។ ក្រៅ​ពី​នោះ​រដ្ឋាភិបាល​នឹង​សហការ​ជាមួយ​វិស័យ​ឯកជន​ទូទាំង​ប្រទេស ក៏​ដូច​ជា​ក្រសួង​នានា ដើម្បី​ធ្វើ​កំណែ​ទម្រង់​មួយ​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​។

ឯកឧត្ដម បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​កំពុង​រៀបចំ ប្រព័ន្ធ​ធ្វើ​តេស​សមត្ថភាព ដោយ​មាន​ការ​សហការ​គ្នា​រវាង​ក្រសួង​អប់រំ​យុវជន និង​កីឡា វិស័យ​ឯកជន និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់ ដើម្បី​ជួយ​រក​ការងារ​ឱ្យ​យុវជន​កម្ពុជា​៕​​

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ