អ្នក​បម្រើការ​លើ​ជើងហោះហើរ Delta វាយ​ក្បាល​អ្នក​ដំណើរ ២​ដប​ស្រា ព្រោះ​តែ...

  • 2017-07-09 08:35:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ហេតុការណ៍​កើត​ឡើង ក្រោយ​ហោះហើរ​បាន ១ម៉ោង
  • អ្នក​ដំណើរ​ព្យាយាម​បើក​ទ្វារ​អាសន្ន ពេល​កំពុង​នៅ​លើ​អាកាស
  • ប្រឈម​ការ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២៥ម៉ឺន​ដុល្លារ

អ្នក​ដំណើរ​ម្នាក់ ត្រូវ​អ្នក​បម្រើ​ការ​លើ​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Delta វាយ​ក្បាល​ពីរ​ដប​ស្រា ដើម្បី​បញ្ចប់​ស្ថានការណ៍​ដ៏​វឹកវរ បន្ទាប់​ពី​រូប​គេ​ព្យាយាម​បើក​ទ្វារ​អាសន្ន ហើយ​ប្រតាយប្រតប់​គ្នា​​ជាមួយ​អ្នក​បម្រើការ​លើ​យន្តហោះ ព្រម​ទាំង​អ្នក​ដំណើរ​ផ្សេង​ទៀត។

បើ​តាម​អ្នក​នាំ​ពាក្យ FBI ឈ្មោះ Ayn Dietrich-Williams បាន​បញ្ជាក់​ថា អ្នក​ដំណើរ​វ័យ ២៣​ឆ្នាំ​ឈ្មោះ Joseph Daniel Hudek IV បាន​ព្យាយាម​បើក​ទ្វារ​អាសន្ន ទើប​នាំ​ឲ្យ​មាន​ការ​ប្រតាយ​ប្រតប់​ជាមួយ​អ្នក​បម្រើការ និង​អ្នក​ដំណើរ​ផ្សេង​ទៀត មុន​ពេល​ត្រូវ​អ្នក​បម្រើការ​លើ​យន្តហោះ វាយ​ដោយ​ដប​ស្រា២។ បន្ទាប់​ពី​ត្រលប់​ក្រោយ​ដល់​​ព្រលាន Seattle-Tacoma International Airport វិញ អ្នក​ដំណើរ​នោះ​ត្រូវ​ឃាត់​ខ្លួន​ភ្លាមៗ។

ការ​ទង្គិច​គ្នា​រវាង​អ្នក​ដំណើរ និង​អ្នក​បម្រើការ​លើ​យន្តហោះ​នេះ កើត​ឡើង​ជិត​កន្លែង​បញ្ជាការ​ហោះហើរ នៃ​ជើង​ហោះហើរ 129 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Delta។ ជើង​ហោះហើរ​នេះ កំពុង​ដឹក​អ្នក​ដំណើរ ២១០​នាក់ និង​ក្រុម​ការងារ​លើ​យន្តហោះ ១១​នាក់ ឆ្ពោះ​ទៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន។ ចំណែក​ហេតុការណ៍​ចម្រូង​ចម្រាស់ កើត​ឡើង​ប្រមាណ ១​ម៉ោង​ក្រោយ​ពេល​ហោះហើរ នៅ​ត្រង់​ចំណុច​ឆ្នេរ​ភាគ​ខាង​លិច​ប្រទេស​កាណាដា។

តាម​របាយការណ៍​ដែល​ចេញ​កាល​ពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា Hudek បាន​ហៅ​ស្រាបៀ​មួយ​កំប៉ុង មុន​ពេល​យន្តហោះ​ចាប់​ផ្ដើម​ហោះហើរ ហើយ​គ្មាន​សញ្ញា​ណា​បង្ហាញ​ថា​រូប​គេ​ស្រវឹង​ឡើយ។ ប្រហែល​មួយ​ម៉ោង​ក្រោយ​មក អ្នក​ដំណើរ​រូប​នេះ បាន​ដើរ​ទៅ​បន្ទប់​ទឹក និង​ត្រលប់​មក​វិញ​សួរ​អ្នក​បម្រើការ​ប៉ុន្មាន​សំនួរ រួច​ត្រលប់​ទៅ​បន្ទប់​ទឹក​វិញ​ម្ដង​ទៀត ក្នុង​រយៈពេល​ប្រហែល ២​នាទី។

ពេល​ត្រលប់​មក​វិញ​លើក​ទី២ Hudek បាន​តម្រង់​ទៅ​ទ្វារ​អាសន្ន រួច​ទាញ​គន្លឹះ​ដើម្បី​បើក​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​យន្តហោះ។ ភ្លាម​នោះ អ្នក​បម្រើការ ២​នាក់ បាន​ព្យាយាម​ហាម​ឃាត់ Hudek តែ​ត្រូវ​គេ​ច្រាន​ចេញ​មក​វិញ។ អ្នក​បម្រើការ ក៏​បាន​ប្រាប់​ទៅ​ផ្នែក​បញ្ជាការ​ហោះហើរ ឲ្យ​ហៅ​ក្រុម​ការងារ​ផ្សេង​ទៀត​មក​ជួយ​បន្ទាន់ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់។

ដោយ​សារ​ក្រុម​អ្នក​បម្រើការ​លើ​យន្តហោះ​ទប់​ទល់​មិន​ឈ្នះ អ្នក​ដំណើរ​លើ​នោះ​ក៏​បាន​ព្យាយាម​ជួយ​ឃាត់។ Hudek បាន​វាយ​អ្នក​បម្រើការ​ម្នាក់​លើ​យន្តហោះ ចំ​មុខ ២​ដង និង​វាយ​អ្នក​ដំណើរ​ម្នាក់​ទៀត​មួយ​ដប​ស្រា ព្រម​ទាំង​វាយ​ដោយ​​ដៃ​ជា​ច្រើន​ដង​ទៀត។ ក្រោយ​មក អ្នក​បម្រើការ​ម្នាក់ ក៏​បាន​ទាញ​ដប​ស្រា​២ មក​វាយ Hudek ហើយ​ដប​មួយ​ក្នុង​ចំណោម​នោះ បាន​បែក​ស្រោច​លើ​ក្បាល Hudek។ អ្នក​ដំណើរ​នេះ ហាក់​មិន​ថមថយ​កម្លាំង​ឡើយ ថែម​ទាំង​សួរ​ថា "ស្គាល់​ខ្ញុំ​ជា​អ្នក​ណា​អត់?” ទៀត​ផង។ បន្ទាប់​ពី​អ្នក​ដំណើរ​ផ្សេង​ទៀត​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ជួយ ទើប​ចាប់ Hudek បាន​សម្រេច និង​ចង​ជាប់ រហូត​ចុះ​ចត​ដោយ​សុវត្ថិភាព។

ក្នុង​ហេតុការណ៍​នោះ មាន​អ្នក​របួស ៣​នាក់ គឺ Hudek, អ្នក​បម្រើការ​លើ​យន្តហោះ និង​អ្នក​ដំណើរ​ម្នាក់​ទៀត។ យន្តហោះ​បាន​ហោះហើរ​ម្ដង​ទៀត នៅ​រយៈ​ពេល ៥​ម៉ោង​ក្រោយ ចំណែក Hudek ត្រូវ​ឃាត់​ខ្លួន​ដើម្បី​ចាត់​ការ​តាម​ច្បាប់ ហើយ​ជាប់​ចោទ​ពី​បទ​ជ្រៀតជ្រែក​ការងារ​របស់​​អ្នក​បម្រើការ​លើ​យន្តហោះ។ សាលក្រម​នឹង​ប្រកាស​នៅ​សប្ដាហ៍​ក្រោយ​នេះ ដែល Hudek ប្រឈម​ការ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២៥ម៉ឺន​ដុល្លារ៕ ​​

ចុចអានអត្ថបទ៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី