ទៀតហើយ! អគ្គិភ័យឆាបឆេះ​ផ្សារមួយកន្លែង យ៉ាងសន្ធោសន្ធៅ ក្នុងទីក្រុងឡុងដ៍

  • 2017-07-10 00:52:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រើ​​រថយន្ត​ពន្លត់​អគ្គិភ័យ ៦ គ្រឿង និង​អ្នក​ពន្លត់​អគ្គិភ័យ ៦០ នាក់
  • ធ្លាប់​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ ២០០៨
  • ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​ផ្ទះ

យ៉ាង​ហោច​ណាស់​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន ៦ គ្រឿង និង​អ្នក​ពន្លត់​អគ្គិភ័យ ៦០ នាក់ បាន​ប្រឈម​មុខ​ជាមួយ​នឹង អណ្តាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ ដែល​បាន​ឆាបឆេះ​ចេញ​ពី​ផ្សារ​មួយ​កន្លែង មាន​ឈ្មោះ​ថា Camden Lock Market។

អង្គភាព​ពន្លត់​អគ្គិភ័យ London Fire Brigade ត្រូវ​បាន​គេ​ហៅ បន្ទាប់​ពី​មាន​អ្នកដំណើរ​សម្គាល់​ឃើញ​ថា ខាង​ក្នុង​ផ្សារ​មាន​ភ្លើង​ឆាបឆេះ។ ទោះ​បី​ជា​យ៉ាង​ណា គេ​មិន​ទាន់​អាច​កំណត់​ចំនួន​អ្នក​រងគ្រោះ នៅ​ក្នុង​ហេតុការណ៍​ខាង​លើ​នេះ​បាន​ឡើយ។

អ្នក​នាំ​ពាក្យ​ម្នាក់ បាន​និយាយ​ថា «យើង​ត្រូវ​បាន​គេ​រាយការណ៍​ពី​ករណី​អគ្គិភ័យ​នៅ​ម៉ោង ១២ និង ១០ នាទី​រំលង​អធ្រាត្រ (ត្រូវ​នឹង​ម៉ោង ៦ និង ១០ នាទី​នៅ​កម្ពុជា) ថ្ងៃច័ន្ទ នៅ​​ផ្សារ Camden Lock Market»។

គួរ​រំលឹក​ឲ្យ​ដឹង​ថា តំបន់​ខាង​លើ​ធ្លាប់​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ ២០០៨ ដោយ​បង្ក​ឲ្យ​មាន​ការ​បិទទ្វារ​ជា​ច្រើន​ខែ​ទៀត​ផង។ ផ្សារ​ខាងលើ​នោះ​មាន​ហាង និង​តូប ជាង ១ ០០០ ដោយ​ទាក់ទាញ​អ្នកទេសចរ​រាប់ពាន់​នាក់​ក្នុង​មួយ​សប្ដាហ៍។

យ៉ាងណាមិញ អង្គភាព London Fire Brigade បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ខណៈ​មិន​មាន​របាយការណ៍​ពី​អ្នក​ស្លាប់ និង​របួស​ឡើយ។ ចំណែក​ឯ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​ផ្ទះ ដោយ​គ្មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី