ឃើញស្រ្តីចំណាស់ដើរឆ្លងផ្លូវដែក លោតចុះពីលើរថភ្លើងទៅជួយ ចុងក្រោយ ជួបរឿងអកុសលខ្លួនឯង

  • 2017-07-10 02:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • បុរស​នោះ​ប្រថុយ​ជីវិត​របស់​ខ្លួន ជួយ​សង្គ្រោះ​ស្រ្តី​វ័យ​ចំណាស់​ម្នាក់
  • បុរស​នោះ​បាន​ទាញ​ហ្វ្រាំង​ភ្លាមៗ ហើយ​បន្លឺ​សំឡេង​ស៊ីផ្លេ​ឡើង
  • បុរស​នោះ​បាន​លោត​ចុះ​ពី​លើ​រថភ្លើង

អ្នក​មើល​ការ​ខុស​ត្រូវ​លើ​រថភ្លើង​ម្នាក់ បាន​ប្រថុយ​ជីវិត​របស់​ខ្លួន ជួយ​សង្គ្រោះ​ស្រ្តី​វ័យ​ចំណាស់​ម្នាក់ ប៉ុន្តែ​សំណាង​អាក្រក់ បែរ​ជួប​រឿង​ដ៏​អកុសល​ខ្លួន​ឯង​ទៅ​វិញ។

ហេតុការណ៍​នោះ​បាន​កើត​ឡើង​នៅ​ពេល​ដែល លោក Xu Qiankai អាយុ ២៩ ឆ្នាំ កំពុង​ធ្វើ​ដំណើរ​តាម​រថភ្លើង​មួយ​គ្រឿង នៅ​ជាយក្រុង Chongqing ប្រទេស​ចិន កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ហើយ​លោក​ក៏​បាន​ប្រទះ​ឃើញ ស្រ្តី​វ័យ​ចំណាស់​ម្នាក់​បម្រុង​នឹង​ឆ្លង​ផ្លូវ​រថភ្លើង។

លោក Xu បាន​ទាញ​ហ្វ្រាំង​ភ្លាមៗ ហើយ​បន្លឺ​សំឡេង​ស៊ីផ្លេ​ឡើង ប៉ុន្តែ​ស្រ្តី​ចំណាស់នោះ មិន​បាន​រត់​ចេញ​ឡើយ (ដោយសារមានជំងឺថ្លង់) ហើយ​បែរ​ជា​ឈរ​ស្ងៀម​នៅ​លើ​ផ្លូវ​រថភ្លើង​ទៅ​វិញ។ មួយ​រំពេច​ក្រោយ​មក លោក Xu បាន​លោត​ចុះ​ពី​លើ​រថភ្លើង និង​រត់​សំដៅ​ស្រ្តី​នោះ ដោយ​រថភ្លើង​នៅ​តែ​បន្ត​ធ្វើ​ដំណើរ​ពី​ក្រោយ​លោក។

រយៈពេល​មិន​ដល់ ១០ វិនាទី​ផង អ្វីៗ​ក៏​បាន​បញ្ចប់​ទៅ ខណៈ​លោក Xu ពិត​ជា​អាច​ជួយ​ស្រ្តី​ចំណាស់​នោះ​បាន​ទាន់​ពេលវេលា​មែន ប៉ុន្តែ​លោក​ធ្វើ​មិន​បាន​លឿន​គ្រប់គ្រាន់ ដើម្បី​ជួយ​ខ្លួន​ឯង​ឡើយ។ លោក Xu ត្រូវ​រថភ្លើង​កិន​ចំ​ជើង​ខាងស្តាំ។

ក្រោយ​ពេល​កើតហេតុ លោក Xu ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ហើយ​ក្រុម​គ្រូពេទ្យ​ត្រូវ​បង្ខំ​ចិត្ត កាត់​ជើង​ខាង​ស្តាំ​ត្រឹម​ជង្គង់ របស់​លោក Xu ចេញ។

«ទោះ​បី​ជា​ខ្ញុំ​បាន​បាត់បង់​ជើង​ម្ខាង​ក្តី ប៉ុន្តែ​ខ្ញុំ​បាន​ជួយ​ជីវិត​មនុស្ស​ម្នាក់។ ប្រសិន​បើ​ខ្ញុំ​ត្រូវ​ធ្វើ​វា​ម្តង​ទៀត ខ្ញុំ​នឹង​ធ្វើ​បែប​នេះ​ទៀត»។ នេះ​បើ​តាម​សម្តី លោក Xu បាន​និយាយ​ប្រាប់​ទៅ​កាន់​សារព័ត៌មាន​មួយ ខណៈ​កំពុង​ដេក​នៅ​លើ​គ្រែ​មន្ទីរពេទ្យ។

យ៉ាងណាមិញ ស្រ្តី​វ័យ ៦៨ ឆ្នាំ​ដែល​មាន​ជំងឺ​ថ្លង់​ខាងលើ បាន​មក​មើល​លោក Xu ហើយ​លត់​ជង្គង់​ចំ​ពី​មុខ​គ្រែ ដើម្បី​បង្ហាញ​ពី​ការ​ដឹង​គុណ​ផង​ដែរ៕

សូម​ទស្សនា​ទិដ្ឋភាព​នៅ​ពេល​កើតហេតុ៖

ចុចអាន៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី