ជីវិត​កសិករ​ពិការ ផ្ញើ​វាសនា​លើ​ចម្ការ​ឈូក​បឹង​អូ​តុំ​

  • 2017-07-10 08:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កសិករ​ពិការ​ជើង​ ជា សៅ ​ បាន​ចាប់យក​មុខរបរ​ដាំ​ឈូក​​ក្នុង​បឹង​អូ​តុំ ​ដើម្បី​បន្ត​ក្តីសង្ឃឹម​របស់​ខ្ខួន​ក្នុង​ការ​រកស៊ី​ចិ​ញ្ចឹ​ម​ភរិយា​ និង​កូន​ពីរ​នាក់​ បន្ទាប់ពី​លោក​មិន​​ជោគជយ័ ​ក្នុង​ការតស៊ូ​លើ​របរ​ចិ​ញ្ចឹ​ម​គោ​អស់​ជាច្រើន​ឆ្នាំ​​។​

​ក្នុង​ទឹកមុខ​ស្រស់ស្រាយ​លោក សៅ ប្រាប់​ Sabay​ ថា ​បន្ទាប់ពី​លោក​ចាប់ផ្តើម​ចិញ្ចឹម​គោមិនសូវ​បាន​ ​ផល​ រយៈពេល​ច្រើន​ឆ្នាំ​មក​ លោកក៏​សម្លឹង​ឃើញ​វាល​ដីល្បាប់​ក្នង​បឹង​អូ​តុំ​នេះនៅទំនេរ​ ហើយ​លោកក៏បាន​ទិ​ញ​ឈូក​មក​ដាំ​ លើ​ផ្ទៃដី​ជាង ១ ​ហិកតា។ បើគិត​មកទល់ពេលនេះ​ លោកដាំបាន​ពីរ​ឆ្នាំ​ហើយ​ បើ​ទោះ​បី​ជា​មុខរបរ​នេះ​ មិន​ផ្តល់​​ប្រាក់កម្រៃ​​អ្វី​ធំដុំ​ក៏ដោយ។

ទោះបីជា​យ៉ាងណា ​លោក​សម្ដែងការ​សប្បាយចិត្ត​ ដោយ​ជាម​ធ្យ​មលោកអាច​រកចំណូល​បាន​ពី ​៦ ​ទៅ ​៧​ ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​ ពី​ការ​លក់​ផ្លែ​ឈូក​ និង​បន្លែ​ផ្សេងៗ​ទៀត​ ល្មម​នឹង​អាច​ផ្គត់​ផ្គង់​ការ​ចំ​ណាយ​ផ្សេងៗ ​នៅក្នុង​គ្រួសារ​បន្ថែម​​លើ​មុខរបរ​ធ្វើស្រែ​។

​កសិករ​វ័យ ​៣៥ ​ឆ្នាំរស់នៅ​ភូមិ​ស្វាយ​អំ​ពារ ​ឃុំ​ស្រ​ង៉ែ ​ស្រុក​ទ្រាំង ​ខេត្តតាកែវ​​បន្តថា​៖ ”​ចាប់ពី​រសៀល​ម៉ោង​១​ទៅ ​ខ្ញុំ​ត្រូវ​ស្ថិតនៅ​ជាប់​ជាមួយ​ចម្ការ​ឈូក ​ដើម្បី​បេះ​ឈូក ​និង​ដក​ក្រអៅឈូក ព្រម​ទាំង​មើលថែទាំ​ការពារ​ កុំ​អោយមាន​គោ ​ឬ​សត្វ​ផ្សេងៗ​មក​យាយី​។​ នៅ​ព្រឹក​បន្ទាប់​ព្រហ៊ាមស្រា​ងៗ ​ត្រូវ​រៀបចំឥ​វ៉ាន់ដា​ក់លើ​ម៉ូតូ​ យកទៅ​បោះឱ្យ​ម៉ូយ​នៅ​ផ្សា​រតាកែវ ​ដែល​ម៉ូយ​ខ្លះ​មក​តាំងពី​ផ្សារ​ល្វេ ​ខាងត្បូង​ព្រៃ​សណ្តែក​ឯ​ណោះ​។​”

កសិករ​ដដែល​បាន​បន្តថា​ ក្រៅពី​លក់​ឈូក​ លោកនៅមាន​ដី​ដាំ​ព្រលិត​ដែល​ក្នង ​១​ថ្ងៃ ​អាច​ដក​បាន​ ១៥០ ​ដុំ​(១​ដុំ​ថ្លៃ​ ៣៥០៛) និង​​កញ្ឆែត​ ៣០​ ដុំ​ (១​ដុំ​ថ្លៃ​៧០០៛)​។​

“ឈូក​ឆ្នាំ​នេះ​មិនជា​ធ្លាក់​តម្លៃ​អី​ទេ ​តែ​សំ​ខាន់​គឺ​វា​មិនសូវ​ផ្លែ​តែម្តង។ ​អ្នក​ទិ​ញ​មិន​ខ្វះ​ទេ ព្រោះ​ខ្ញុំ​លក់​តែ​ ​ផ្លែ​ខ្ចី​ តែ​វា​មិនសូវ​ផ្លែ​ដូច​ឆ្នាំទៅ​មិញ​”។​ លោក ​សៅ​ និយាយ​៕

អត្ថបទ៖ ជិន វេន

អត្ថបទពេញនិយម