សមិទ្ធផលធំ៣ របស់ឯកឧត្តម ជា សុផារ៉ា បន្ទាប់ពីឡើងកាន់តំណែងថ្មី
- 2017-07-13 08:23:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមិទ្ធផលធំ៣ របស់ឯកឧត្តម ជា សុផារ៉ា បន្ទាប់ពីឡើងកាន់តំណែងថ្មី
ចន្លោះមិនឃើញ
-សមិទ្ធផលការងាររបស់ក្រសួងដែនដីក្នុងអាណត្តិឯកឧត្តម ជា សុផារ៉ា
-ចំណាត់ការលើសំណង់ខុសច្បាប់
-ដោះស្រាយសំណងជូនពលរដ្ឋប៊ូឌីញ ដោយគ្មានហិង្សា
-សង់ផ្ទះតម្លៃទាបឲ្យពលរដ្ឋក្រីក្រ ៧ ៦៣៧ខ្នង
ជាមន្ត្រីរាជការដែលមានប្រជាប្រិយភាពជាងគេ ក្នុងចំណោមមន្ត្រីកំពូលៗនៅជួររដ្ឋាភិបាល ឯកឧត្តម ជា សុផារ៉ា បានក្លាយជានិមិត្តរូបមន្ត្រីគំរូក្នុងចិត្តប្រជាជនជាច្រើនក្នុងរាជធានីភ្នំពេញ ព្រោះលោកបានសម្រេចកិច្ចការជាហូរហែជូនជាច្រើនជូនប្រជាពលរដ្ឋ។ ចាប់តាំងពីការចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៦ តើអ្វីខ្លះជាសមិទ្ធផលការងាររបស់ក្រសួងដែនដីក្នុងអាណត្តិឯកឧត្តម ជា សុផារ៉ា?
ចំណាត់ការលើសំណង់ខុសច្បាប់ផ្សេងៗ
ទេសរដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដីរូបនេះ បានចាត់ចំណាត់ការលើសំណង់ខុសច្បាប់ផ្សេងៗ ជាពិសេសសំណង់ NagaWorld ដែលបានសាងសង់លយចូលមកដល់ទីលានសាធារណៈ។ លោកបានសរសេរយ៉ាងម៉ឺងម៉ាត់នៅក្នុងទំព័រ Facebook ដែលលោកបានសរសេរថា ៖ «សំណង់ណាហ្គាកាន់តែហ៊ាន កាន់តែផ្គើន កាន់តែលយចេញមកផ្លូវសាធារណៈវាយចោលសិនកុំឲ្យធ្លាប់»។ ក្រោយមកសហគ្រាសកាស៊ីណូនេះ បានគោរពតាមការណែនាំក្នុងការរុះរើដំបូលបាំងទឹកភ្លៀង ដែលបានលយ ចេញមកលើផ្លូវសាធារណៈ ហើយ ក៏ត្រូវបានណែនាំឲ្យជួសជុលផ្លូវដើរនៅខាងមុខ NagaWorld ដែលបានរំលោភផ្លូវសាធារណៈផងដែរ។
ដោះស្រាយសំណងជូនពលរដ្ឋប៊ូឌីញ ដោយគ្មានហិង្សា
ឯកឧត្តម ជា សុផារ៉ា គឺជារដ្ឋមន្រ្តីទីមួយហើយដែលអាចដោះស្រាយបញ្ហាអូសបន្លាយរាប់ឆ្នាំកន្លងមកនេះជូនពលរដ្ឋដោយជោគជ័យ និងសន្តិភាព ហើយកំពុងទទួលបានប្រជាប្រិយភាព ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដម បានរៀបចំពិធីជប់លៀងជូនប្រជាពលរដ្ឋអគារប៊ូឌីញ «ស» ដោយការហូបនំបញ្ចុក នៅក្បែរអគារប៊ូឌីញផ្ទាល់តែម្ដង ដែលការជប់លៀងនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងអគារប៊ូឌីញនេះ បានព្រមព្រៀងលក់លំនៅដ្ឋានទៅឲ្យក្រុមហ៊ុនវិនិយោគអចលនទ្រព្យរបស់ជប៉ុន Arakawa ក្នុងមួយម៉ែត្រការ៉េ ១ ៤០០ដុល្លារអាមេរិក។
សង់ផ្ទះតម្លៃទាបឲ្យពលរដ្ឋក្រីក្រ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រុមហ៊ុន World Bridge Land និងក្រុម B & BM ក្នុងការសាងសង់លំនៅឋានមានសមរម្យ សម្រាប់លក់ជូនក្នុងតម្លៃទាបជាង ៣ម៉ឺនដុល្លារ និងបានសម្រេចបានលំនៅឋានតម្លៃទាបសរុបចំនួន ៧ ៦៣៧ខ្នង នៅពាក់កណ្ដាលឆ្នាំ ២០១៧។
ទន្ទឹមនឹងនេះ កាលពីថ្ងៃទី ២៧ ខែមិថុនា កន្លងទៅថ្មីៗនេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រីនៃក្រសួងដែនដី បានថ្លែងក្នុងកិច្ចពិភាក្សាមួយស្ដីពី «វេទិកាលំនៅឋានជាតិ» ថា ក្រសួងដែនដីបាន នឹងបន្តអនុវត្តនូវគោលនយោបាយជាតិស្ដីអំពីលំនៅឋាន ដោយជម្រុញនិងគាំទ្រដល់ការអភិវឌ្ឍលំនៅឋានគ្រប់ប្រភេទ ដោយតម្រូវឲ្យលក់ក្នុងតម្លៃមធ្យមទាបជាង ៣ ម៉ឺនដុល្លារអាមេរិក សម្រាប់ប្រជាពលរដ្ឋដែលមានចំណូលមធ្យម និងទាប។ លោកបានគូសបញ្ជាក់ថា មន្ដ្រីរាជការ ក្រុមគ្រូបង្រៀន និងពលរដ្ឋមានចំណូលទាប នឹងអាចទទួលបានលំនៅឋាននេះ តាមរយៈការបង់រំលស់ប្រចាំខែ ដោយបង់ប្រាក់តិចនិងមានរយៈពេលវែង៕
សូមអានអត្ថបទទាក់ទង៖
-ពលរដ្ឋប៊ូឌីញ៖ "ខ្ញុំចាកចេញតែកាយ តែខ្ញុំមិនភ្លេចជម្រកក្ដីសុខខ្ញុំនេះឡើយ"
-ក្រសួងដែនដី បន្តគោលដៅលក់ផ្ទះតម្លៃទាបជាង ៣ម៉ឺនដុល្លារ ឲ្យពលរដ្ឋក្រីក្រ
-ក្នុងថ្ងៃជប់លៀងជូនពលរដ្ឋនៅប៊ូឌីញ ឯកឧត្ដម ជា សុផារ៉ា បានធ្វើរឿងមួយគួរឱ្យគោរពបំផុត