វ៉ែន​ សុផល​៖ រំពឹង​ថា​កីឡាករ ​ហ្វីលីក​ យកមេដាយ​​មាស​បាន​នៅ​ស៊ីហ្គេម២០១៧នេះ

  • 2017-07-14 03:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​សកល​ជម្រើស​ជាតិ​កម្ពុជា​ វ៉ែន​ សុផល​ សង្ឃឹម​ខ្ពស់​ថា​ហ្វីលីក​ មីលីនម៉ាលីន​ នឹង​យក​មេដាយ​មាស​ជូន​កម្ពុជា​បាន​នៅ​ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​នា​ខែ​សីហា​ ខាង​មុខ​នេះ។

កីឡាករ ហ្វីលីក​

លោក​គ្រូ​ វ៉ែន​ សុផល​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​កីឡាករ​ ហ្វីលីក​ ម្នាក់​នេះ​បើ​និយាយ​ពី​សមត្ថភាព​វិញ​គឺ​ខ្លាំង​ដូច​និង​កីឡាករ​ វ៉ែន​ រដ្ឋា​ អតីត​អ្នក​ប្រដាល់​សកល​ជម្រើស​ជាតិ​កម្ពុជា​ ដែល​ឈ្នះ​បាន​មេដាយ​ប្រាក់​ពេល​ស៊ីហ្គេម​ នៅ​សិង្ហបុរី​អញ្ចឹង។​ ដោយ​គ្រាន់​តែ​ពួក​គេ​ទាំង​ពីរ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​ វ៉ែន​ រដ្ឋា​ វ៉ៃ​ក្នុង​ទម្ងន់​ ៦៤​គីឡូក្រាម​ ខណៈ​ ហ្វីលីក​ វ៉ៃ​ក្នុង​ទម្ងន់​ ៨១​គីឡូក្រាម។​

គ្រូ​ជម្រើស​ជាតិ​រូប​នេះ​បន្ត​ថា​ លោក​ពិត​ជា​សង្ឃឹម​ខ្លាំង​លើ​កីឡាករ​សញ្ជាតិ​ដើម​គុយបា​ម្នាក់​នេះ ​ព្រោះ​បើ​មើល​ពី​ការ​ខំប្រឹង​ហ្វឹកហាត់​រាល់​ថ្ងៃ​គឺ​ល្អ​ខ្លាំង​ណាស់។​ បើ​និយាយ​ពី​បច្ចេកទេស​វ៉ៃ​វិញ​កីឡាករ​ខាង​លើ​នេះ ​ឈ្លាសវៃ​មិន​ចេះ​តែ​វ៉ៃ​នោះ​ទេ​ ហើយ​បើ​វ៉ៃ​វិញ​គឺ​វ៉ៃ​មិន​ដក​ដៃ​ ចំពោះ​ការ​ចូល​ការ​ចេញ​ និង​ឆាប​វិញ​ដើម្បី​វ៉ៃ​បាន​ល្អ​ណាស់​ កម្លាំង​ដៃ​ក៏​ធ្ងន់​ថែម​ទៀត។​ ដោយ​នៅ​កម្ពុជា​មិន​សូវ​មាន​កីឡាករ​ទម្ងន់​ធ្ងន់​ អញ្ចឹង​ហើយ​វា​ពិបាក​រក​ដៃ​គូ​ហាត់​សម​ឲ្យ​គេ​ ប្រសិន​មាន​ដៃ​គូ​ហាត់​សម​ខ្លាំង​ទៀត​នោះ​ កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ម្នាក់​នេះ​នឹង​រឹតតែ​ខ្លាំង​ជាង​នេះ​ទៀត។​

កីឡាករ ហ្វីលីក​

បច្ចុប្បន្ន​នេះ​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​សកល​កម្ពុជា​មាន​៥រូប​កំពុង​ហ្វឹកហាត់​ត្រៀម​ចេញ​ទៅ​ស៊ីហ្គេម​នា​ខែ​សីហា​ ឆ្នាំ​២០១៧​នៅ​ប្រទេស​ម៉ាឡេស៊ី​ ក្នុង​នោះ​មាន​ សាន​ តុលា​ ហង្ស​ រ៉ាម៉ន​ ណាត​ ស៊ីនិន​ ផល​ សោភ័ណ្ឌ​ និង​កីឡាករ​ ហ្វីលីក​ មីលីនម៉ាលីន៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី