ណាសា ចេញ​មុខ​សារភាព​ថា​គ្មាន​លុយ​ដើម្បី​​នាំ​មនុស្ស​ទៅ​នៅ​​ភព​អង្គារ

  • 2017-07-16 04:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កន្លង​មកណាសា​​ធ្លាប់​បាន​បង្ហាញ​ពី​ផែនការ​ដឹក​ជញ្ជូន​មនុស្ស​ទៅ​កាន់​ភព​អង្គារ​នៅ​អំឡុង​ទសវត្ស​ឆ្នាំ ២០៣០ ខាង​មុខ​ដើម្បី​រុក​រក​លើ​ដែនដី​នៃ​ភព​ក្រហម​នេះ ដោយ​ផែនការ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​នៅ​ទូទាំង​ពិភពលោក។

ផែនការដែលណាសាបង្ហាញកន្លងមក

ប៉ុន្តែ​​ក្នុង​កិច្ច​ប្រជុំ​ American Institute of Aeronautics and Astronautics ​ដែល​ធ្វើ​ឡើង​ថ្មីៗ​នេះ​​អ្នក​ដឹក​នាំ​ផ្នែក​​​​ហោះហើរ​លំហ​អាកាស​របស់​មនុស្ស​នៃ​អង្គការ​ណាសា​លោក​ William Gerstenmaier បាន​ប្រកាស​ថា​​អង្គការ​មិន​មាន​​​ថវិកា​គ្រប់​គ្រាន់​សម្រាប់​នាំ​មនុស្ស​ទៅ​កាន់​ភព​អង្គារ​នោះ​ទេ។ ការ​ប្រកាស​នេះ​មាន​ន័យ​ថា​​​អង្គការ​អាច​នាំ​មនុស្ស​លោក​​ទៅ​កាន់​ភព​អង្គារ​បាន​ ប៉ុន្តែ​​ការ​ចំណាយ​ដើម្បី​បង្កើត​បច្ចេកវិទ្យា​នាំ​មនុស្ស​ទៅ​ភព​អង្គារ​គឺ​លើស​ពី​ថវិកា​ដែល​ណាសា​មាន​នា​ពេល​បច្ចុប្បន្ន។

ត្បិត​ថា​មាន​ការ​ប្រកាស​ពី​បញ្ហា​ហិរញ្ញវត្ថុ​នេះ​មែន ប៉ុន្តែ​មិន​មាន​ន័យ​ថា​ណាសា​​ផ្អាក​រាល់​សកម្មភាព​រុក​រក​​ក្នុង​លំហអាកាស​របស់​ខ្លួន​នោះ​ទេ ដោយ​លោក​ William បាន​លើក​ឡើង​បន្ថែម​ថា​ដំណើរ​ទៅ​កាន់​ឋាន​ព្រះចន្ទ​ជា​ថ្មី​ម្ដង​ទៀត អាច​នឹង​កើត​ឡើង​ឆាប់ៗ។

មួយ​វិញ​ទៀត​​ក្ដី​ស្រមៃ​​​ដែល​ចង់​ឃើញ​មនុស្ស​​ធ្វើ​ដំណើរ​ទៅ​កាន់​ភព​អង្គារ​របស់​មនុស្ស​លោក​នៅ​មិន​ទាន់​ស្លាប់​​ទាំង​ស្រុង​នៅ​ឡើយ​ទេ។ ប្រសិន​បើ​ណាសា​សម្រេច​សហការ​ជា​មួយ​ក្រុមហ៊ុន​អវកាស​ឯកជន​ដូច​ជា SpaceX, Blue Origin និង Boeing នោះ​ណាសា​អាច​នឹង​មាន​លទ្ធភាព​លើ​ថវិកា​ ហើយ​នឹង​បន្ត​​ផែនការ​​របស់​ខ្លួន​ជា​បន្ត​ទៀត៕​​​​​​​​​​​​​​​​​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង