ក្រសួងព្រមាន ចាត់វិធានការតាមផ្លូវច្បាប់លើគ្រូ អនុរក្ស ធ្វើសំណៅឯកសារឲ្យសិស្ស
- 2017-07-18 10:19:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងព្រមាន ចាត់វិធានការតាមផ្លូវច្បាប់លើគ្រូ អនុរក្ស ធ្វើសំណៅឯកសារឲ្យសិស្ស
ចន្លោះមិនឃើញ
ក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការតាមផ្លូវច្បាប់មិនលើកលែងដាច់ខាត ប្រសិនបើមានករណីចំពោះគ្រូ និងអនុរក្ស ជួយធ្វើវិញ្ញាសាប្រឡងឲ្យសិស្ស ឬការបញ្ចេញឯកសារសំណៅផ្សេងៗទៅឲ្យសិស្ស។ នេះបើតាមប្រសាសន៍ ឯកឧត្ដម ហង់ជួន ណារ៉ុន ក្នុងពិធីប្រកាសជាផ្លូវការគាំទ្រសកម្មភាពអំណានតាមរយៈបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៅតាមសហគមន៍ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នេះ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍បញ្ជាក់ថា ទាក់ទងការប្រឡងបាក់ឌុប នៅពេលខាងមុខនេះ គឺក្រសួងមានវិធានការរឹតបន្តឹងដូចបណ្ដាឆ្នាំមុនៗ។ ចំពោះកម្រិតសំណួរកាន់មានលក្ខណៈស្តង់ដារជាងមុន មិនមានការបន្ធូរបន្ថយនោះទេ។ ចំពោះអ្នកដែលផ្សព្វផ្សាយថា ក្រសួងនឹងបន្ធូរបន្ថយ ដោយសារជិតបោះឆ្នោតក៏ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ដូចគ្នា ប្រសិនបើក្រសួងចាប់បាន។
ទន្ទឹមនឹងនោះដែរ ឯកឧត្ដម ក៏បានក្រើនរំឭកសារជាថ្មី ចំពោះសិស្សដែលបើកមើលវិញ្ញាសាក្នុងពេលប្រឡង យកគ្រឿងអេឡិចត្រូនិកមានទូរសព្ទ នាឡិកាទំនើបមានម៉ាស៊ីនគិតលេខ ចម្លងអ្នកដទៃ ឬឱ្យអ្នកដទៃមើលនោះនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។ លើសពីនេះទៀតអ្នកដែលទៅប្រឡងជំនួសអ្នកដទៃ ឬអ្នកដែលឱ្យអ្នកដទៃប្រឡងជំនួសនោះនឹងត្រូវមានទោសឡើងតុលាការ និងមិនឱ្យប្រឡង២ឆ្នាំ។
គួរជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២១ សីហា ២០១៧ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា) រួមមានបេក្ខជនទាំងអស់សរុបចំនួន ១០៣ ១១២ នាក់ និងមានមណ្ឌលប្រឡងចំនួន ១៧៨ មណ្ឌល ចែកចេញជា ៤ ១៥៥ បន្ទប់ ទូទាំងប្រទេស។ ចំពោះការប្រកាសលទ្ធផលនៅធ្វើនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ចំណែកនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕
ចុចអានអត្ថបទពាក់ព័ន្ធ៖
ត្រឹមនាឡិកាធម្មតា គ្មានម៉ាស៊ីនគិតលេខ អាចយកចូលបន្ទប់ប្រឡងបានឫទេ?
ប្រាសាទសំបូរព្រៃគុក អាចក្លាយជាវិញ្ញាសាប្រឡងបាក់ឌុបឆ្នាំ ២០១៧
ឯកឧត្ដម ហង់ជួន ណារ៉ុន៖ សិស្សឆ្នើម៧០% មកពីខេត្តប្រឡងជាប់សាលាកំពូលៗនៅភ្នំពេញ