ប្រវត្តិ​ត្រួសៗ ​និង​សមិទ្ធផល​ផ្សេងៗ​របស់​លោក​ Chester Bennington

  • 2017-07-21 04:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២០​ ថ្ងៃ​ព្រហស្បតិ៍​ ម៉ោង​៩ព្រឹក​នេះ​ មាន​ព័ត៌មាន​ដ៏​គួរ​ឲ្យ​តក់​ស្លុត​និង​គួរ​ឲ្យ​សោក​ស្ដាយ​មួយ​ដោយ​សារ​តែ តារា​ចម្រៀង Vocal ប្រចាំ​ក្រុម​ចម្រៀង​ Linkin Park លោក​ Chester Benningtonបាន​ធ្វើ​អត្តឃាត​ដោយ​ចងក​ខ្លួន​ឯង​ ដោយ​សារ​តែ​មាន​វិបត្តិ​ផ្លូវ​ចិត្ត។

លោក Chester Bennington

ពេលនេះ​មក​ដឹង​ពី​ជីវប្រវត្តិ​និង​សមិទ្ធផល​ផ្សេងៗ​របស់​លោក​ទាំង​អស់​គ្នា៖

ជីវប្រវត្តិ

លោក Chester Charles Bennington កើត​នៅ​ថ្ងៃ​ទី​២០​ខែ​មិនា​ឆ្នាំ ១៩៧៦​ (អាយុ ៤១​ ឆ្នាំ) នៅ​ទីក្រុង​ Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក​ជា​តារា​ចម្រៀង​និង​អ្នក​សរសេរ​បទ​ចម្រៀង​សញ្ជាតិ​អាមេរិក ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​ចម្រៀង​សម្រាប់​ក្រុម​ចម្រៀង​ចង្វាក់​ Rock គឺ​ក្រុម​ Linkin Park។ Chester ក៏​ធ្លាប់​ជា​អ្នក​ច្រៀង​ប្រចាំ​ក្រុម​ចម្រៀង Dead by Sunrise និង Stone Temple Pilots ផង​ដែរ។

Chester មាន​ប្រវត្តិ​គ្រួសារ​ដ៏​ជូរ​ចត់​ដោយ​សារ​តែ​ឪពុក​ម្ដាយ​ខ្លួន​បាន​លែង​លះ​គ្នា​ កាល​ពី​រួប​គេ​មាន​អាយុ​១១​ឆ្នាំ​ ហើយ​ត្រូវ​មក​រស់​ជាមួយ​ឪពុក​។

បន្ទាប់​ពី​ការ​លែង​លះ​នោះ​មក​ Chester បាន​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដូច​ជា​ កញ្ឆា​ ស្រា​ និង​ថ្នាំ​ញៀន​ផ្សេងៗ​ដូច​ជា​ កូកាអ៊ីន​ អាភៀន LSD និង​ Methamphetamine ជា​ដើម។​ ប៉ុន្តែ​ក្រោយ​មក​លោក​ក៏​បាន​ជម្នះ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ទាំង​អស់​នោះ ដោយ​មក​នៅ​ជា​មួយ​ម្តាយ​វិញ​​ពេល​មាន​អាយុ​១៧​ឆ្នាំ​ ហើយ​ចាប់​ផ្តើម​ធ្វើ​ការ​នៅ Burger King។

​Chester ចាប់​ផ្តើម​ប្រឡូក​ក្នុង​សិល្បៈ​ក្នុង​ឆ្នាំ ១៩៩៣​ ជាមួយ​នឹង​ក្រុម​ចម្រៀង​ "Sean Dowdell and His Friends?” ប៉ុន្ដែ​ដោយ​សារ​តែ​មាន​បញ្ហា​ជា​ច្រើន​សមាជិក​ក្រុម​នោះ​ក៏​បាន​បែក​បាក់​គ្នា​ជា​បន្តបន្ទាប់។ រហូត​ដល់​ឆ្នាំ ១៩៩៨ លោក​ Chester មាន​ឱកាស​ក្នុង​ការ​សាក​សំឡេង​ (Audition) សម្រាប់​ចូល​ជា​សមាជិក​ក្រុម​ចម្រៀង​ Linkin Park។ បន្ទាប់​ពី​បាន​ជោគ​ជ័យ​ នៅ​ថ្ងៃ​ទី​២៤​ខែ​តុលា​ឆ្នាំ ២០០០​ ក្រុម​ចម្រៀង​នេះ​ក៏​ចេញ​អាល់ប៊ុម​ដំបូង "Hybrid Theory” របស់​ពួក​គេ។

Chester ក៏​ជា​សមាជិក​ក្រុម​ចម្រៀង​​មួយ​​ឈ្មោះ​ថា "Dead by Sunrise” ដែល​បាន​ចាប់​ផ្តើម​សម្ដែង​នៅ​​ខែ​ឧសភា​ឆ្នាំ​ ២០០៨ ហើយ​បាន​បញ្ចេញ​អាល់ប៊ុម​ "Out of Ashes” កាល​ពី​ថ្ងៃ​ទី​១៣​ខែ​តុលា​ឆ្នាំ ២០០៩។

នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០១៣​ អ្នក​ច្រៀង​នាំ​មុខ​របស់​ក្រុម​ចម្រៀង​ Stone Temple Pilots លោក​ Scott Weiland ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ Chester បាន​ស្លាប់​ដោយ​សារ​ធ្វើ​អត្តឃាត​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ បន្ទាប់​មក​ Chester ក៏​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​អ្នក​ចម្រៀង​នាំ​មុខ​ប្រចាំ​ក្រុម​ Stone Temple Pilots នៅ​ខែ​ឧសភា​ឆ្នាំ ២០១៣ រហូត​ដល់​ឆ្នាំ​ ២០១៥ លោក​ក៏​ត្រលប់​មក​ក្រុម​ចម្រៀង Linkin Park វិញ។

លោក​ Chester មាន​កូន​​បង្កើត​ទាំង​អស់​ចំនួន ៥​នាក់ និង​កូនចិញ្ចឹម​ម្នាក់​។ ​

Chester និង​មិត្ត​ជិតស្និទ្ធិ​​តារា​ចម្រៀង​ Scott Weiland

សមិទ្ធផល

តារា​រូប​នេះ​ទទួល​បាន​ការ​គាំ​ទ្រ​និង​ពេញ​និយម​ខ្លាំង​​ក្នុង​ឋានៈ​ជា​អ្នក​ច្រៀង (Vocalist) ប្រចាំ​ក្រុម​ចម្រៀង Linkin Park ពេល​ចេញ​អាល់​ប៊ុម​ដំបូង​ "Hybrid Theory”​ នៅ​ឆ្នាំ ២០០០។​

ក្រោយ​ពី​នោះ​មក​ក្រុម​ចម្រៀង​ Linkin Park បាន​បញ្ចេញ​អាល់ប៊ុម​ជា​បន្ត​បន្ទាប់​ដូច​ជា Meteora ឆ្នាំ ២០០៣ Minutes to Midnight ឆ្នាំ ២០០៧ A Thousand Suns ឆ្នាំ ២០១០ Living Things ឆ្នាំ ២០១២ The Hunting Party ឆ្នាំ​ ២០១៤ និង One More Light ឆ្នាំ ២០១៧។

ក្រុម​ច្រៀង​នេះ​លក់​អាល់ប៊ុម​ចម្រៀង​បាន​ដល់​ទៅ ៧០​លាន​អាល់​ប៊ុម​ឯណោះ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ក្រុម​ចម្រៀង​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​បំផុត​លំដាប់​ថ្នាក់​ទី​៤០។​

បទ​ចម្រៀង​២​បទ​របស់​ Linkin Park គឺ​ជាប់​ជា​បទ​ចម្រៀង​អមត (Timeless Song) នៅ​លើ​បណ្តាញ​ស្តាប់​ចម្រៀង​​ Spotify ដែល​ "Numb” ជាប់​ចំណាត់​ថ្នាក់​លេខ​៣​ និង "In The End” ចំណាត់​ថ្នាក់​លេខ​៦។ មាន​តែ​ក្រុម​ចម្រៀង​ Linkin Park តែ​ប៉ុណ្ណោះ​ដែល​មាន​បទ​ចម្រៀង​២បទ​ក្នុង​តារាង​នេះ។​

​​ក្រុម​ចម្រៀង​ Linkin Park ក៏​បាន​ធ្វើ​តន្ត្រី​ទេសចរណ៍​ទូទាំង​ពិភព​លោក​ដល់​ទៅ ១០​លើក ហើយ​មាន​​បន្ថែម​២លើក​ទៀត​ដែល​ជា​ការ​ចូលរួម​​តន្ត្រី​ទេសចរណ៍​ជាមួយ​សំណាក់​ក្រុម​ចម្រៀង​ល្បី​ៗ​។

ក្រុម​ចម្រៀង Linkin Park

ចុច​អាន​អត្ថបទ៖

​​

​ ​​

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ ធារ៉ូ