វេបសាយមានតម្លៃ ២៣ លានដុល្លារ លក់​ដូរ​ទំនិញ​ខុស​ច្បាប់​ត្រូវ​បាន​រឹប​អូស

  • 2017-07-23 05:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • មុនពេលដែលបិទ វេបសាយ​ AlphaBay មានអតិថិជនប្រមាណជា ២០០,០០០នាក់។

វេបសាយ​ទិញ-លក់​ផលិតផល​ខុស​ច្បាប់​របស់ ឧក្រិដ្ឋជន​អ៊ិនធឺណិត​ធំ​បំផុត​មួយ​មាន​ឈ្មោះថា​ AlphaBay ត្រូវ​បាន​បិទ​ឈប់​ដំណើរការ ដោយ​ប្រតិបត្តិការ​អន្តរជាតិ​មួយ​ក្រោម​យុទ្ធនាការ​សហការណ៍​គ្នា​រវាង Europol, FBI​, DEA (Drug Enforcement Agency)​ និង Dutch National Police ។

មិន​ត្រឹម​តែ​វេបសាយ​ AlphaBay​ តែ​មួយ​ប៉ុណ្ណោះ​ទេ ភ្នាក់ងារ​​មាន​​សមត្ថកិច្ច​ក៏​​បាន​រឹប​អូស​យក វេបសាយ​ខុស​ច្បាប់​មួយ​ទៀត​ហៅថា​ HANSA​ (នេះ​បើ​តាម Europol បញ្ជាក់​នៅ​ក្នុង​​សន្និសិទ្ធ​​សារព័ត៌មាន​​នា​ពេល​ថ្មី​ៗ​នេះ​)​។​

យោង​ទៅ​តាម Europol ប្រាប់​ថា វេបសាយ​ទាំង​ពីរ​នេះ​គឺ​ ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​ ​ពាណិជ្ជកម្ម​ទៅ​លើ​វត្ថុ​ខុស​ច្បាប់​ច្រើន​ជាង ៣៥០,០០០ គ្រឿង​មាន​ដូច​ជា​គ្រឿង​ញៀន អាវុធ និង​មេរោគ​កុំព្យូទ័រ។

កាល​ពី​ថ្ងៃ​ទី ០៤ ខែ​កក្កដា​កន្លងទៅ​ វេបសាយ AlphaBay​ ត្រូវ​បាន​បិទ​យ៉ាង​លឿន​ដោយ​គ្មាន​ ការ​ពន្យល់​ពី​អ្នក​អភិបាល​គ្រប់គ្រង(Admin) ដែល​ធ្វើ​ឲ្យ​អតិថិជន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ក៏​ប៉ុន្តែ​កាល​ពី​សប្តាហ៍​មុន​ វា​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ការ​បិទ​វេបសាយ​ទាំង​នោះ​គឺ​ដោយសារ​តែ​ការ​ឆ្មក់​ចាប់ ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អន្តរជាតិ។

នៅ​ក្នុង​នោះ​ក៏​មាន​ការ​ចាប់​ឃាត់​ខ្លួន​លោក Alexandre Cazes ជនជាតិ​កាណាដា​អាយុ ២៦ឆ្​នាំ ដែល​ត្រូវ​បាន​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​វេបសាយ AlphaBay ហើយ​រង់​ចាំ​ការ​ធ្វើ​បត្យាប័ន​ទៅ​សហរដ្ឋ​អាមេរិក (​តែ​ត្រូវ​បាន​ធ្វើ​អត្តឃាត​​ខ្លួន​ឯង​នៅ​ក្នុង​គុក​នា​ថ្ងៃ​បន្ទាប់​)។​

បើ​តាម​លោក Rob Wainwright ដែល​ជា​នាយក​ប្រតិបត្តិ​នៃ Europol បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ជោគជ័យ​ដ៏​ធំ​មួយ​របស់​​អាជ្ញាធរ​នៅ​ក្នុង Europe និង​ US។​ ដោយ​សារ​កិច្ច​សហការណ៍​គ្នា​ក្នុង​​កម្រិត​សាកល​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច គឺ​ប្រៀបបាន​ទៅ​នឹង​ការ​ផ្ញើរសារ​មួយ​ថា​យើង​មាន​នូវ​យន្តការ​ជាក់លាក់​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ឧក្រិដ្ឋជន ទោះ​បី​ជា​នៅ​ក្នុង​ Dark Web​ ក៏​ដោយ។​

អាជ្ញាធរ​បាន​បញ្ចេញ​ព័ត៌មាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ធ្វើការ​គ្រប់គ្រង​ដោយ​សំងាត់​ទៅ​លើ​វេបសាយ Hansa market កាល​ពី​ថ្ងៃ​ទី​ ២០ ខែ​មិថុនា ឆ្នាំ​២០១៧ ហើយ​រក្សា​ឲ្យ​វា​ដំណើរការ​យ៉ាងហោច​ណាស់​អស់​រយៈពេល​ប្រមាណ​ជា ១ ខែ នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​ត្រួត​ពិនិត្យ​សកម្មភាព​របស់​អ្នក​ទិញ-លក់ ដោយ​មិន​ឲ្យ​ពួកគេ​ដឹង​ខ្លួន​ឡើយ។ ហើយ​នៅ​ក្នុង​កំឡុង​ពេល​ជាមួយ​គ្នា​នេះ អាជ្ញាធរ​បាន​បិទ​វេបសាយ AlphaBay ដែល​បង្ខំ​ឲ្យ​អ្នក​ប្រើប្រាស់​ចូល​ទៅ​វេបសាយ Hansa ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​។

លោក Cazes បាន​ធ្វើ​​កំហុស​ឆ្គង​មួយ​ដែល​ឧក្រិដ្ឋជន​ភាគ​ច្រើន​ធ្វើ​ដែល​អាច​បង្ហាញ​នូវ​អត្តសញ្ញាណ​របស់​ខ្លួន​ ហើយ​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន។ គាត់​បាន​ប្រើប្រាស់​អ៊ីម៉ែល​ផ្ទាល់​ខ្លួនគឺ​ (Pimp_Alex_91@hotmail.com)​ ដើម្បី​ធ្វើការ​ផ្ញើរ​ចេញ​នូវ welcome & support emails​ ទៅ​កាន់​សមាជិក​ទាំងអស់​នៃ​វេបសាយ AlphaBay ។

អាជ្ញាធរ​បាន​ដឹង​ថា អាស័យដ្ឋាន​អ៊ីម៉ែល​នោះ​គឺ​ជា​កម្មសិទ្ធ​របស់​បុរស​ជនជាតិ​កាណាដា​មានឈ្មោះ​ថា Alexandre Cazes ដែល​កើត​ថ្ងៃ​ទី ១៩ ខែ​តុលា ឆ្នាំ១៩៩១ ហើយ​គឺធ្វើការ​ជា​នាយក​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា EBX Technologies។

រំឮក​ដែរ​ថា បន្ទាប់​ពី​ការ​បិទ​វេបសាយ Silk Road មក​​វេបសាយ AlphaBay ត្រូវ​បាន​បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំ ២០១៤ ហើយ​បាន​ក្លាយ​ទៅ​ជា​ទីតាំង​ធំ​ជាង​គេ​មួយ​នៅ​ក្នុង dark web​ សម្រាប់​ការ​ទិញ-លក់​ផលិតផល​ខុស​ច្បាប់​ មាន​ដូច​ជា​ ថ្នាំ​ញៀន លេខ​គណនី ឥណទាន​ធនាគារ​ដែល​លួច​បាន​មេរោគកុំព្យូទ័រ ជាដើម។

មុន​ពេល​ដែល​បិទ​វេបសាយ​ AlphaBay មាន​អតិថិជន​ប្រមាណ​ជា ២០០,០០០នាក់ ហើយ​នឹង​អ្នក​ផ្គត់ផ្គង់​ចំនួន​ ៤០,០០០នាក់ ដែល​មាន​ផលិតផល​ថ្នាំញៀន​ប្រមាណ​ជាង ២៥០,000 ប្រភេទ, គណនី​ឥណទាន​ធនាគារ​ច្រើន​ជាង ១០០,000 ហើយ​នឹង​ឯកសារ​អត្ត​សញ្ញាណ, មេរោគ​កុំព្យូទ័រ, កម្មវិធី​សម្រាប់​ហេគ​ចូល​កុំព្យូទ័រ​។

អាជ្ញាធរ​ក៏​បាន​រឹបអូស​យក​នូវ Bitcoins ដែល​មាន​តម្លៃ 33.6 លានដុល្លារ​ពី​ក្នុង​វេបសាយ​នោះ ហើយ​ក្រោយ​មក​ទៀត​ត្រូវ​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ដោយ United States Marshals Service (USMS)៕

ប្រភព៖ អ៊ូ ផាន់ណារិទ្ធ

អត្ថបទ៖ រក្សា