​ម៉ាក​ទូរទស្សន៍​ JVC ធ្លាប់​ល្បី​ខ្លាំង ឥឡូវ​ម៉េច​ហើយ?

  • 2017-07-25 07:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ដល់​ម៉ាក​ទូរទស្សន៍​ JVC មាន​មនុស្ស​ជា​ច្រើន​ច្បាស់​ជា​ចាំ​ថា​ជា​ម៉ាក​ទូរទស្សន៍​ដែល​ធ្លាប់​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ប្រមាណ​ ១០ ឆ្នាំ​មុន។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ឃើញ​ថា​មាន​ការ​វាយ​លុក​ពី​​ទូរទស្សន៍​ឆ្លាត​វៃ​ខ្លាំង​ ធ្វើ​ឲ្យ​ JVC ស្ទើរ​តែ​បាត់​ស្រមោល​ទៅ​ហើយ។ ត​ទៅ​នេះ​នឹង​និយាយ​ត្រួស​ៗ​ពី​ម៉ាក​ JVC ៖

JVC មក​ពី​ពាក្យ​ពេញ​ថា​ Japan Victor Company ដោយ​នេះ​ជា​ក្រុមហ៊ុន​​ផលិត​គ្រឿង​អេឡិចត្រូនិក​របស់​ប្រទេស​ជប៉ុន​ មាន​មូលដ្ឋាន​នៅ​​ទីក្រុង​យូកូហាម៉ា​ប្រទេស​ជប៉ុន។ ក្រុមហ៊ុន​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ១៩២៧ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ព្រោះ​តែ​បាន​បង្ហាញ​ចេញ​ទូរទស្សន៍​ដំបូង​គេ​ក្នុង​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ ១៩៣៩ និង ល្បី​ដោយ​សារ​​ការ​បង្កើត​ឧបករណ៍​ថត​វីដេអូ​ VHS កាល​ឆ្នាំ​ ១៩៧៦ ផង​ដែរ។​​​​

គួរ​បញ្ជាក់​ថា​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៥៣ ដល់​ ឆ្នាំ​ ២០០៨ ក្រុមហ៊ុន​ Panasonic ជា​អ្នក​កាន់​កាប់​ភាគហ៊ុន​ធំ​ជាង​គេ​ក្នុង​ក្រុមហ៊ុន​ JVC។ នៅ​ឆ្នាំ​ ២០០៧ ក្រុមហ៊ុន​ JVC ក៏​បាន​ចេញ​មុខ​បញ្ជាក់​ពី​យុទ្ធសាស្ត្រ​សម្ព័ន្ធមិត្ត​​​ជា​មួយ​ក្រុមហ៊ុន​ Kenwood និង SPARKX Investment ដែល​នាំ​ឲ្យ​បរិមាណ​ភាគ​ហ៊ុន​ដែល​​ Panasonic ​កាន់​កាប់​ថយ​ចុះ​សល់​ ៣៧%។ បន្ទាប់​មក​ទៀត​នៅ​ថ្ងៃ​ទី​ ១ ខែ​តុលា​ ឆ្នាំ​ ២០០៨ ក្រុមហ៊ុន​ JVC និង Kenwood បាន​ឯកភាព​ និង ចុះ​កិច្ចសន្យា​​លើ​កិច្ច​ព្រមព្រៀង​ដាក់​ក្រុមហ៊ុន​​ទាំង​ពីរ​បញ្ចូល​​គ្នា ដោយ​ប្រើ​ឈ្មោះ​ថ្មី​ថា​ “JVC KENWOOD”។

មុន​​ការ​បញ្ចូល​ក្រុមហ៊ុន​នេះ​ក្រុមហ៊ុន​ JVC ក៏​បាន​ធ្វើ​ការ​ប្រកាស​កាល​ពី​ខែ​មេសា​ ឆ្នាំ​ ២០០៨ ថា​នឹង​បិទ​រោងចក្រ​ផលិត​ទូរទស្សន៍​នៅ​តំបន់​ ​East Kilbride ប្រទេស​ស្កុតឡែន និង នៅ​ជប៉ុន​ ដោយ​បន្សល់​ទុក​តែ​នៅ​ប្រទេស​ថៃ​មួយ​ប៉ុណ្ណោះ។ យ៉ាងណាក្ដី​បច្ចុប្បន្ន​នេះ​ទូរទស្សន៍​ម៉ាក​ JVC ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ពីរ​គឺ​ AmTRAN Video Corporation (សម្រាប់​​តំបន់​អាមេរិក​ខាង​ជើង) និង Dixons Carphone (សម្រាប់​តំបន់​អឺរ៉ុប) ដែល​ផលិត​ដោយ​ស្ថិត​ក្រោម​អាជ្ញាប័ណ្ណ​របស់​ JVC Kenwood។

​​​​​​​​​ទូរទស្សន៍​ស៊េរី​ចុង​ក្រោយ​បំផុត​ដែល​ JVC Kenwood បាន​ប្រកាស​ចេញ​គឺ​ម៉ូដែល​ Diamond Series Ultra HD អេក្រង់​ ៨៥ អ៊ីញ​ ដែល​​ចេញ​លក់​ដំបូង​មាន​តម្លៃ​ដល់​ ៧ ៩៩៩ ដុល្លារ​ឯណោះ។ ក្រៅ​ពី​ជំនួញ​​ទូរទស្សន៍​ក្រុមហ៊ុន​នេះ​ក៏​ផលិត​នូវ​ឧបករណ៍​ដទៃ​ទៀត​ជា​ច្រើន​ដូច​ជា​កាស​ស្ដាប់, ម៉ាស៊ីន​ថត, កាមេរ៉ា​សុវត្ថិភាព, ប្រព័ន្ធ​សំឡេង និង ឧបករណ៍​បញ្ចាំង​រូបភាព​ជា​ដើម៕​​​​​​

ចុចអាន៖

​​​​​

ប្រភព៖ Wikipedia | Twice   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម