ក្រុម​សិល្បៈ​កុមារ​កំព្រា​និង​ក្រីក្រ​ តា​​ហ្វុយ​ស្សូ មាន​សមត្ថភាព​តែ​ខ្វះ​ការគាំទ្រ

  • 2017-07-26 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ជើង​ចាស់ តា​​ហ្វុយ​ស្សូ បាន​លើក​ឡើង​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ក្រុម​សិល្បៈកុមារ "របាំខ្មែរ" ដែល​បង្កើត​ចេញ​ពី​ "សមាគម​ចលនា​វប្បធម៌​ជាតិ​ដើម្បី​កុមារ​កំព្រា និង​ក្រីក្រ" របស់​លោក​​ពេល​នេះ​ រៀន​ចេះ​សព្វ​គ្រប់​ និង​​ពោរពេញ​ដោយ​សមត្ថភាព​ហើយ​តែ​ហាក់​មិន​សូវមាន​ទី​ផ្សារ។

អាន៖ ជុំវិញជំងឺតាហ្វុយស្សូ

​​​​​​​​​​​​​ជុំវិញ​បញ្ហា​នេះ​ លោក ស៊ូ វណ្ណៈ កូន​ប្រុស​តារា​កំប្លែង​ខាង​លើ​បញ្ជាក់​ប្រាប់​ Sabay ថា៖ "ពិត​ណាស់! ពេល​នេះ​ពួក​គេ​មួយ​ចំនួន​ធំៗ​ និង​មាន​សមត្ថភាព​អាច​សម្ដែង​បាន​ហើយ​ តែ​មិន​សូវ​ទទួល​បាន​ទី​ផ្សារ​ ព្រោះ​មិន​សូវ​មាន​អ្នក​ស្គាល់"។

លោក​បន្ត​ទៀត​ថា សមាជិក​ក្រុម​ដែល​អាច​សម្ដែង​បាន​ពេល​​នេះ​មាន​១០​នាក់​ ពោល​គឺ​ប្រុស​៥ ស្រី​៥​ចំណែក​កុមារ​ផ្សេង​ទៀត​នៅ​តូចៗ​មិន​ទាន់​អាច​ចេញ​សម្ដែង​នៅ​ឡើយ​ទេ។ ងាក​មក​ទីផ្សារ​វិញ​លោក​ វណ្ណៈ បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​មាន​ខ្លះ​ដែរ​​ គឺ​ខាង​ផលិតកម្ម​ហង្ស​មាសទាក់​ទង​ទៅ​សម្ដែង​វីដេអូ​ចម្រៀង​ខារ៉ាអូខេ និង​តាម​ការ​ប្រគំ​តន្ត្រី​ផ្សេងៗ។

លោក​បន្ថែមថា​ រាល់​ការ​ទាក់​ទង​ឲ្យ​ចេញ​សម្ដែង​នៅ​ទី​ជិត​ឆ្ងាយ​នានា​ ក្រុម​ដែល​ទទួល​ការ​បណ្តុះ​បណ្ដាល​ដោយ​ផ្ទាល់​ពី​តារា​កំប្លែង​ដែល​​មាន​ជំងឺ​​មហារីក​ថ្លើម​ដំណាក់​កាល​ធ្ងន់ធ្ងរ​ប្រចាំ​កាយរូប​នេះនឹង​ព្យាយាម​សម្ដែង​ជូនទាំង​អស់​មិន​ថា​នៅ​តាម​ខេត្ត​ជិត​ឆ្ងាយ​ប៉ុណ្ណា​ទេ កុំ​ឲ្យ​តែ​ចំ​ថ្ងៃ​ប៉ះពាល់​ដល់​ថ្ងៃ​​ការ​សិក្សា​ ឬ​ប្រលង​របស់ក្រុម​ទៅ​បាន​ហើយ។

គួរ​បញ្ជាក់​ថា ក្រុម​សិល្បៈ​កុមារ​ "របាំ​ខ្មែរ​" នេះ​មាន​ជំនាញ​ដូច​ជា​៖ សម្ដែង​ភាពយន្ត យីកេ របាំ​ ល្ខោនបាសាក់​ ជាដើម​។ លោក​បន្ត​ថា បើ​ចង់​ទាក់​ទង​ឲ្យ​ទោ​សម្ដែង​អាច​ទាក់​ទង​តាម​លេខ​ ០១២ ៨៤០ ៤៤១ (លោក​តា​ហ្វុយ​ស្សូ) ០១៦ ៦២២ ២០០ និង ០១១ ៦២២ ២១១(ស៊ូ វណ្ណៈ) ឬ​អាច​ចូល​ទៅ​កាន់​ Page របាំខ្មែរ ROBAM KHMER  ។

អត្ថបទ៖ សុខណា