ផ្ទុះ​សម្ដី​រវាង​ CEO ក្រុមហ៊ុន Tesla និង Facebook ជុំវិញ​សង្គ្រាម AI

  • 2017-07-27 01:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានប្រតិបត្តិ​ក្រុមហ៊ុន​ Tesla និង SpaceX លោក Elon Musk បាន​ហៅ​លោក Mark Zuckerberg ​យល់ដឹង​​ខាង​ផ្នែក​បច្ចេកវិទ្យា AI នៅ​មាន​កម្រិត ក្រោយ​​សេដ្ឋី​វ័យ​ក្មេង​ជា​ CEO ក្រុមហ៊ុន Facebook ​បាន​រិះ​គន់​លើ​ទស្សនៈ​លោក ជា​មនុស្ស​ពុំ​មាន​ទំនួល​ខុស​ត្រូវ។​

មេ​បច្ចេកវិទ្យា​ទាំង ២ មាន​ទស្សនៈ​ផ្ទុយ​គ្នា ដោយ​លោក Zukerberg បាន​គាំទ្រ​ឱ្យ​មាន​ការ​អភិវឌ្ឍ​យ៉ាង​ពេញ​ទំហឹង​លើ​បច្ចេកវិទ្យា AI ខណៈ​លោក Musk បាន​គិត​ថា​វា​ជា​ហានិភ័យ​អវិជ្ជមាន​មួយ​សម្រាប់​មនុស្ស ហើយ​ចង់​ឱ្យ​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​ការ​លើ​បច្ចេកវិទ្យា​ AI មួយ​នេះ ចាប់​ផ្ដើម​កាត់​បន្ថយ​ល្បឿន ដើម្បី​ធានា​ថា​ពួក​គេ​នឹង​មិន​បង្កើត​គ្រោះថ្នាក់​នៅ​ថ្ងៃ​ខាង​មុខ។​

អំឡុង​ពេល​ Live វីដេអូ​លើ​ Facebook នា​ចុង​សប្តាហ៍​លោក Zuckerberg បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​មួយ​ដែល​អ្នក​ទស្សនា​បាន​ចោទ​សួរ។ "ខ្ញុំ​បាន​ទស្សនា​វីដេអូ​សម្ភាសន៍​របស់​លោក Elon Musk ដោយ​គាត់​កំពុង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ជុំវិញ​បច្ចេកវិទ្យា​ AI នា​ពេល​អនាគត។ តើ​អ្នក​គិត​បែប​ណា​ចំពោះ​បញ្ហា​នេះ ហើយ​វា​មាន​ផល​ប៉ះពាល់​ដល់​ពិភពលោក​យ៉ាង​ដូច​ម្ដេច​ខ្លះ?” នេះ​ជា​ការ​ចោទ​​សួរ​ពី​អ្នក​ទស្សនា។​

ភ្លាមៗ​ប្រធាន​ប្រតិបត្តិ ​Facebook បាន​ឆ្លើយតបថា "ខ្ញុំ​មាន​ភាព​ជឿជាក់​ខ្លាំង​ចំពោះ​រឿងរ៉ាវ​នេះ ខ្ញុំ​គិត​ថា​អ្នក​អាច​ធ្វើ​វា ហើយ​ពិភពលោក​នឹង​មាន​ភាព​ប្រសើរ​ឡើង ជា​ពិសេស​ចំពោះ​បច្ចេកវិទ្យា AI ខ្ញុំ​ពិត​ជា​ជឿជាក់​ខ្លាំង​មែនទែន​"។

លោក​បន្ត​ថា "ខ្ញុំ​ពិត​ជា​មិន​យល់ ​មនុស្ស​ដែល​ព្យាយាម​បញ្ឈប់​រឿង​នេះ ព្រោះ​វា​ជា​គំនិត​អវិជ្ជមាន រហូត​ដល់​ពេល​ខ្លះ​ខ្ញុំ​គិត​ថា​វា​ជា​ភាព​មិន​មាន​ទំនួល​ខុស​ត្រូវ​មួយ"។​

Zukerberge បន្ត​ទៀត​ថា "នៅ​ ៥ ទៅ ១០ ឆ្នាំ​បន្ទាប់ AI នឹង​ធ្វើ​ឱ្យ​មាន​ការ​ពង្រឹង​បន្ថែម​នូវ​គុណភាព​សម្រាប់​ការ​រស់នៅ​របស់​យើង។ បច្ចុប្បន្ន​មូលហេតុ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត គឺ​មក​ពី​គ្រោះ​ថ្នាក់​នៃ​រថយន្ត ហើយ​បើ​អ្នក​អាច​ដោះស្រាយ​​ជាមួយ​បច្ចេកវិទ្យា AI នោះ​ក៏​ជា​ការ​រីកចម្រើន​មួយ​យ៉ាង​ខ្លាំង"។

លោក​ថា ទោះ​បី​លោក​ធ្លាប់​លឺ​មនុស្ស​និយាយ​ថា AI អាច​បង្ក​ផល​ប៉ះពាល់​នៅ​ពេល​អនាគត ប៉ុន្តែ​ដូច​ដែល​អ្នក​ដឹង​ស្រាប់​ហើយ ជា​ទូទៅ​បច្ចេកវិទ្យា​​មាន​ល្អ​និង​អាក្រក់ សំខាន់​លើ​ការ​ប្រើប្រាស់​ដោយ​ប្រុងប្រយ័ត្ន​ពី​ខ្លួន​យើង​ផ្ទាល់។​

រំលឹក​ថា​កន្លង​ទៅ​សម្រាប់​ក្រុមហ៊ុន Facebook និង Google ដែល​ជា​ក្រុមហ៊ុន​ខាង​បច្ចេកវិទ្យា​កំពូល​ក្នុង​លោក កំពុង​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍ​បច្ចេកវិទ្យា AI នា​ពេល​អនាគត។ ទន្ទឹម​នោះ​ លោក​ Bill Gates ដែល​ជា​ស្ថាបនិក​ Microsoft ក៏​ធ្លាប់​បាន​លើក​ឡើង​ចំពោះ​បញ្ហា​នេះ ដោយ​គាត់​មាន​ការ​ខ្វល់ខ្វាយ​ពី AI ដូច​គ្នា ដោយ​គិត​ថា​ដំបូង​យើង​អាច​គ្រប់គ្រង​វា ប៉ុន្តែ​ក្រោយ​ប៉ុន្មាន​ទសវត្ស​​ទៅ​មុខ AI អាច​នឹង​វាយបក​មក​យើង​វិញ។

ប្រភព៖ Independent   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា