ដូច​ក្នុង​រឿង​ Fast and Furious! ក្រុម​ចោរ​ប្លន់​ឡាន​ដឹក​ iPhone កំពុង​បើក​លើ​ផ្លូវ

  • 2017-08-01 02:03:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប៉ូលិស​ហុល្លង់​បាន​ចាប់​ខ្លួន​បុរស​ ៥ នាក់​ដែល​ជាប់​សង្ស័យ​​​​ថា​​មាន​បំណង​ចង់​លួច​ iPhone ​ជា​ច្រើន​គ្រឿង​មាន​តម្លៃ​ប្រមាណ​ ៦០ ម៉ឺន​ដុល្លារ​ ​ពី​ឡាន​​ទឹក​ទំនិញ​​ដែល​កំពុង​ធ្វើ​ដំណើរ។

ក្រុម​ប៉ូលិស​ហុល្លង់​ឲ្យ​ដឹង​ថា​ជន​សង្ស័យ​ទាំង​ ៥ មាន​អាយុ​ចន្លោះ​ពី​ ៣៣ ទៅ ៤៣ ឆ្នាំ​ ដោយ​សុទ្ធ​តែ​មក​ពី​ប្រទេស​រ៉ូម៉ានី។ ក្រុម​នេះ​បាន​ប្រើ​ប្រាស់​រថយន្ត​កែច្នៃ​ដោយ​បើក​​ចូល​ទៅ​កៀក​នឹង​គូថ​ក្រោយ​នៃ​រថយន្ត​ដឹក​ទំនិញ​ ដើម្បី​ឲ្យ​ជន​សង្ស័យ​ម្នាក់​​ឡើង​​តោង​លើ​រថយន្ត​ដឹក​ទំនិញ​ រួច​​ទម្លាយ​ចូល​ទ្វារ​​ក្រោយ​នៃ​រថយន្ត​​ដឹក​ទំនិញ​ដែល​កំពុង​បើក​លើ​ដង​ផ្លូវ។ ក្រោយ​មក​ជន​សង្ស័យ​ក៏​ហុច​ប្រអប់​ iPhone ពី​ឡាន​ដឹក​ទំនិញ​ចូល​ទៅ​ក្នុង​រថយន្ត​កែច្នៃ​របស់​ខ្លួន​តាម​ប្រហោង​លើ​ដំបូល​រថយន្ត។

​​​​​​​​Ed Kraszewski អ្នក​នាំ​ពាក្យ​របស់​ក្រុម​ប៉ូលិស​ហុល្លង់​ឲ្យ​ដឹង​ថា​រឿង​រ៉ាវ​នេះ​បាន​កើត​ឡើង​នៅ​រាត្រី​ថ្ងៃ​​ទី​ ២៤ ខែ​កក្កដា​ លើ​ផ្លូវ​​ហាយ​វេ​ A73 នា​ខេត្ត​ Limburg ប្រទេស​ហុល្លង់។ អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ក្រុម​សមត្ថកិច្ច​បាន​ស៊ើបអង្កេត​​ពី​ចោរ​ប្លន់​ឡាន​ដឹក​ទំនិញ​យូរ​មក​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ជឿ​ថា​ក្រុម​ចោរ​អាច​ប្លន់​ដោយ​របៀប​នេះ​បាន។

​លោក ​​​​Kraszewski បាន​បន្ថែម​ថា ៖ "រថយន្ត​ដឹក​ទំនិញ​ធ្វើ​ដំណើរ​ពី​គោល​ដៅ​ A ទៅ B ដោយ​មិន​បាន​ឈប់​ឡើយ។ ប៉ុន្តែ​ទូរសព្ទ​បែរ​ជា​បាត់។ ដូច​នេះ​វា​ប្រាកដ​ជា​បាន​កើត​ឡើង​តាម​វិធី​នេះ ហើយ​ពេល​នេះ​យើង​ក៏​មាន​ភស្តុតាង​ដោយ​មាន​​រថយន្ត​​កែច្នៃ​ រួម​ជា​មួយ​នឹង​របស់​ដែល​ចោរ​លួច”។

អ្នក​នាំ​ពាក្យ​ដដែល​នេះ​ក៏​បាន​រំលឹក​ថា​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​ធ្លាប់​កើត​មាន​ឡើង​ដែរ​នៅ​តំបន់​អឺរ៉ុប ដោយ​គោលដៅ​របស់​ពួក​គេ​ចង់​ប្លន់​តែ​ស្មាតហ្វូន​ទំនើបៗ​តម្លៃ​ថ្លៃ ហើយ​មក​ទល់​ពេល​នេះ​មិន​ទាន់​ចាប់​ជន​ដៃ​ដល់​បាន​នៅ​ឡើយ​ទេ។ ក្រុម​ចោរ​ប្លន់​បាន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​លួច​ទូរសព្ទ​ថ្លៃ​ពី​រថយន្ត​ដឹក​ទំនិញ​ ១៧ គ្រឿង​​ឡើង​ទទេ​ស្អាត​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៥៕

វីដេអូ​ដែលបង្ហាញ​ពី​ហេតុការណ៍​លួច​ស្រដៀងគ្នា ៖

ចុចអាន៖

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខហេង