ទីក្រុងអាថ៌កំបាំង​ក្រោមទឹកទាំង ៥កន្លែង អ្នកអាច​ចុះទៅមើលទិដ្ឋភាព​​​គួរឲ្យភ្ញាក់ផ្អើល

  • 2017-08-01 08:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គេ​និយាយ​ពី​ទីក្រុង​ក្រោម​ទឹក មនុស្ស​ភាគ​ច្រើន​​ប្រាកដ​ជា​ចង់​ទៅ​ឃើញ​​ផ្ទាល់​ភ្នែក ​និង​​ចង់​ដឹង​មូលហេតុ​អ្វី​​បាន​​ជា​ស្ថិត​នៅ​ក្រោម​ទឹក​បែប​នេះ។

ទីក្រុង​ក្រោម​ទឹក​បាន​ក្លាយ​ជា​ទី​ជម្រក​ដល់​មច្ឆា ឬ​សត្វ​ក្នុង​ទឹក​នានា និង​ជា​ចំណុច​​ទាក់​ទាញ​​របស់​អ្នក​ទេសចរ​​ជា​ច្រើន​ដែរ។ អ្វី​ដែល​គេ​ចង់​ដឹង​បំផុត គឺ​ដំណើរ​ដើម​ទង​នៃ​ការ​កកើត​ និង​ប្រវត្តិសាស្ត្រ​​របស់​វា។ ឥឡូវ​មក​ស្គាល់​ទីក្រុង​អាថ៌កំបាំង​ក្រោម​ទឹក ៥​កន្លែង​ ​ដូច​ខាង​ក្រោម៖

៥. ទីក្រុង Lion City​ ប្រទេស​ចិន

ទីក្រុង Lion ​បាន​លិច​បាត់​មើល​លែង​ឃើញ​ក្នុង​ទន្លេ Qiandao ខេត្ត Zhejiang ​ដែល​បាន​បង្កើត​ឡើង​តាំង​ពី​សម័យ​រាជវង្ស​ហាន និង​តាំង។ តំបន់​នៅ​ទីនេះ​បាន​ក្លាយ​ជា​ទន្លេ​ក្នុង​ឆ្នាំ ១៩៥៩ ​បន្ទាប់​ពី​គេ​បង្កើត​ស្ថានីយ​វារីអគ្គិសនី Xin’anjiang Reservoir និង Xin’an River ដោយ​បណ្ដាល​ឲ្យ​ប្រជាជន​ក្នុង​តំបន់​ប៉ះពាល់​ប្រមាណ ២៩​ម៉ឺន​នាក់ និង​ត្រូវ​ដូរ​ទីតាំង​រស់​នៅ។ ទីក្រុង​នេះ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ជាង ៥០​ឆ្នាំ ហើយ​បាន​​រក​ឃើញ​​ឡើង​វិញ​ក្នុង​ឆ្នាំ ២០០១។

៤. ទីក្រុង Pavlopetri ប្រទេស​ក្រិក

ទីក្រុង​នេះ​ត្រូវ​បាន​លោក Nocholas Flemming រក​ឃើញ​ក្នុង​ឆ្នាំ ១៩៦៨។ Pavlopetri ត្រូវ​គេ​ជឿ​ថា​ បាន​កើត​ឡើង​​នា​សម័យ Mycenaean ​ឆ្នាំ ១៦០០ ដល់ ១១០០ មុន​គ្រិស្ត​សករាជ។ ទោះ​មិន​មាន​ឯក​សារ​ច្បាស់​លាស់ គេ​ប៉ាន់​ស្មាន​ថា​ ទីក្រុង​មួយ​នេះ​បាន​លិច​ចាប់​តាំង​ពី​ ១០០០​ឆ្នាំមុន​គ្រិស្ត​សករាជ​ ដោយ​សារ​ជួប​គ្រោះ​រញ្ជួយ​ដី​ជា​បន្ត​បន្ទាប់​ក្នុង​តំបន់។

អ្នក​ជំនាញ​​បាន​រក​ឃើញ​ក្អម​ឆ្នាំង​តាំង​ពី​សម័យ​យុគថ្ម សំណង់​អគារ​ ទីធ្លា ផ្នូរ សំណង់​សាសនា និង​ផ្លូវ​ដើរ​ដ៏​ស្រស់​ស្អាត។ ទីក្រុង​បុរាណ​ដដែល បាន​លិច​ក្រោមទឹក​ជម្រៅ ៣ ទៅ​៤​ម៉ែត្រ​ប៉ុណ្ណោះ។​

៣. ទីក្រុង Cleopatra’s Palace ប្រទេស​អេហ្ស៊ីប

Cleopatra ស្ថិត​ក្នុង​ចំណោម​អច្ឆរិយ​បុរាណ​ក៏​អស្ចារ្យ​​មួយ​ក្នុង​លោក។ វា​បាន​លិច​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី និង​​រលក​យក្ស​ស៊ូណាមិ ជាង ១៤០០​ឆ្នាំ​កន្លង​ទៅ។ គេ​បាន​រក​ឃើញ​ទីក្រុង​នេះ​ឡើង​វិញ​ក្នុង​ឆ្នាំ ១៩៩០ អម​ជាមួយ​កប៉ាល់​ដឹក​ទំនិញ​បុរាណ ​គ្រឿង​អលង្ការ ថូ​បុរាណ ទី​សក្ការបូជា​ និង​ចម្លាក់ Sphinxes ​រក្សា​រូប​រាង​នៅ​ល្អ​ឥត​ខ្ចោះ។ វា​ស្ថិត​នៅ​ក្រោម​ផ្ទៃ​ទឹក​ជម្រៅ​ប្រមាណ ៥ ទៅ​ ៨​ម៉ែត្រ និង​បាន​ទាក់​ទាញ​អ្នក​មុជ​ទឹក​ឲ្យ​ទៅ​លេង​ជា​ច្រើន​នាក់។

២. ទីក្រុង Baiae ប្រទេស​អ៊ីតាលី

ទីក្រុង​​ Baiae តែង​តែ​ទទួល​បាន​ការ​កោត​សរសើរ​ពី​មហាជន​ថា ជា​ទីក្រុង​បុរាណ​ក្រោម​ទឹក​ដែល​ទេសភាព​ប្លែក​គួរ​ឲ្យ​ចង់​ទៅ​ទស្សនា​ដូច​ជា​ចម្លាក់ ភូមិ​គ្រឹះ និង​កន្លែង​ងូត​ទឹក​ជា​ដើម។ អ្នក​ចុះ​លេង​នៅ​ទី​នេះ ត្រូវ​ហាម​ដាច់ខាត​យក​របស់​បុរាណ​​នានា​ឡើង​លើ​គោក។

១. ចេតិយ Yonajuni Monument ប្រទេស​ជប៉ុន

​បរិវេណ​នេះ បាន​រក​ឃើញ​ក្នុង​ឆ្នាំ ១៩៨៦ ក្នុង​ស្រុក Yaeyama តំបន់​អូគីណាវ៉ា។ គេ​នៅ​មិន​ដឹង​ថា​មូលហេតុ​​អ្វី ធ្វើ​ឲ្យ​វា​ស្ថិត​នៅ​ក្រោម​ទឹក តែ​​ជឿ​ថា​​​មនុស្ស​​បង្កើត​វា​ឡើង​តាំង​ពី ១​ម៉ឺន​ឆ្នាំ​មុន​មក​ម្ល៉េះ៕

ចុចអាន៖

ប្រភព៖ The Richest   ប្រែ​សម្រួល៖ ឡេង ភារុណ