តើអ្វីទៅជា HomeKit, Hotspot និង ICCID?
- 2017-08-02 04:04:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្វីទៅជា HomeKit, Hotspot និង ICCID?
ចន្លោះមិនឃើញ
ការបង្ហាញពីពាក្យបច្ចេកទេសថ្មីៗ Sabay បានបង្ហាញជូនប្រិយមិត្តជារៀងរាល់សប្ដាហ៍។ ថ្ងៃនេះក៏ដូចគ្នា ដែលនឹងធ្វើការពន្យល់នូវពាក្យថ្មី ៣ ទៀតរួមមាន HomeKit, Hotspot និង ICCD។ តើវាមានអត្ថន័យដូចម្ដេច? ចុះអត្ថប្រយោជន៍នៃការប្រើប្រាស់វាមានអ្វីខ្លះ?
HomeKit:
ជាមាតិកានៃកម្មវិធីស្វ័យប្រវត្តិមួយនៅលើស្មាតហ្វូនផ្ដោតសំខាន់លើការគ្រប់គ្រងឧបករណ៍ឆ្លាតវៃក្នុងគេហដ្ឋាន បង្កើតឡើងដោយក្រុមហ៊ុន Apple។ ប្រកាសជាលើកដំបូងនាព្រឹត្តិការណ៍ WWDC អំឡុងឆ្នាំ ២០១៤ ដែលមកជាមួយ iOS 8។ ប្រើប្រាស់បានតែនៅលើឧបករណ៍របស់ Apple មានដូចជា iPhone/iPad។
មានទំនាក់ទំនងជាមួយប្រព័ន្ធសុវត្ថិភាព iCloud ប៉ុន្តែគេធានាថារាល់ទិន្នន័យនៃឧបករណ៍ស្ថិតក្រោមការគ្រប់គ្រង គឺពុំមានការបែកធ្លាយទៅជនដទៃបាននោះឡើយ។ អត្ថប្រយោជន៍នៃការប្រើប្រាស់កម្មវិធី HomeKit គឺផ្ដល់អត្ថប្រយោជន៍ចម្បង សោតយ៉ាងដូចជាយើងនៅខាងក្រៅផ្ទះ ប៉ុន្តែយើងក៏អាចធ្វើការបញ្ជាឲ្យគ្រឿងបរិក្ខារផ្សេងៗក្នុងផ្ទះ បិទបើកតាមចិត្តរបស់លោកអ្នកជាពិសេសនៅពេលគេង បើយើងឡើងមកដល់លើគ្រែហើយ ច្រើនខ្ជិលមិនចង់ចុះទៅបិទភ្លើងអ្វីជាដើម ហើយ HomeKit គឺអាចជួយយើងបាន។
Hotspot:
ពាក្យនេះមិនសំដៅតែលើ iPhone មួយឡើយ ខណៈមិនថាសូម្បី Android ឬស្មាតហ្វូន OS ផ្សេងទៀតរមែងមានមុខងារ Hotspot ដូចគ្នា។ មនុស្សជាច្រើននិយមហៅថា Share Wi-Fi។ ប្រកាសបង្ហាញជាផ្លូវការក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិកនៅខែសីហា ឆ្នាំ ១៩៩៣ បង្កើតឡើងដោយលោក Henrik Sjodin។
តាមពិតទៅ Hotspot ជាប្រព័ន្ធពិសេសមួយដែលមាននៅតាមទីតាំងអាចផ្ដល់ឲ្យមនុស្សអាចទទួលប្រើប្រាស់អ៊ីនធឺណិតតាមបច្ចេកវិទ្យា Wi-Fi ដោយឆ្លងកាត់ WLAN នៃ Router តភ្ជាប់ទៅកាន់សេវានោះ។ ការប្រើ Hotspot បែងចែកជា ២ រួមមាន:
Public Hotspots: សំដៅលើប្រព័ន្ធចែករំលែកអ៊ីនធឺណិតនៅតាមទីសាធារណៈរួមមានហាងកាហ្វេ, សណ្ឋាគារ ឬបណ្ដាហាងលក់ទំនិញផ្សេងៗ។ ការផ្ដល់អ៊ីនធឺណិតចេញទៅក្រៅតាមរយៈឧបករណ៍ Router ដែលតភ្ជាប់ AP ទៅកាន់ប្រព័ន្ធអ៊ីនធឺណិត។
Private Hotspots: សំដៅលើប្រព័ន្ធអ៊ីនធឺណិតដែលចែករំលែកជាលក្ខណៈបុគ្គល រួមមានការចែករំលែកចេញពីស្មាតហ្វូន, ថេបប្លែត ជាមួយគម្រោងប្រើប្រាស់អ៊ីនធឺណិតស៊ីម ខណៈចំនួនឧបករណ៍ដែលអាចតភ្ជាប់ជាមួយវាបាន ត្រូវមានចំនួនកំណត់តិចជាងប្រភេទ Public Hotspots។
ICCID:
ICCID មានពាក្យពេញ Integrated Circuit Card Identifier ជាលេខសម្គាល់នៃអត្តសញ្ញាណកាត។ ជាធម្មតាស្មាតហ្វូនមួយគ្រឿងមានលេខ IMEI សម្គាល់តួម៉ាស៊ីន ចំណែកឯ ICCID ដូចទៅនឹង IMEI ប៉ុន្តែវាជាលេខសម្គាល់ស៊ីមកាតដែលអ្នកប្រើប្រាស់។ ភាគច្រើននៃលេខ ICCID មានប្រមាណ ១៩ ទៅ ២០ ខ្ទង់។ ប្រសិនបើអ្នកកំពុងប្រើប្រាស់ iPhone អ្នកអាចមើលលេខ ICCID នៃស៊ីមរបស់អ្នកបាន ដោយចូលទៅកាន់ Settings> General > About > មើលលេខនៅផ្នែកខាងក្រោម។
អត្ថប្រយោជន៍របស់វា ល្អត្រង់ថាជាធម្មតាបើអ្នកបាត់ទូរសព្ទ អ្នកអាចយកលេខ ICCID សម្គាល់ស៊ីមកាតនេះ ទៅរាយការណ៍ជូនក្រុមហ៊ុន ដែលគេមានអ្នកជំនាញប្រតិបត្តិការលើផ្នែកបណ្ដាញ ហើយបើកាលណាវាយលេខ ICCID ចូលទៅ គេអាចចាប់បានថាទីតាំងដែលទូរសព្ទបាត់នៅទីណា ករណីបើចោរដែលលួច មិនទាន់បានដោះស៊ីមចេញ។
បើប្រិយមិត្តមានចម្ងល់នូវពាក្យបច្ចេកទេសថ្មីៗផ្សេងទៀត សូមធ្វើការ Comment នៅខាងក្រោម ហើយ Sabay នឹងព្យាយាមស្វែងរកអត្ថន័យដ៏សមស្របមួយមកចែករំលែកនៅពេលក្រោយ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖