រឿង​ថ្មី​មិន​គួរ​កើត ភ្លេច​សិស្ស​ក្នុង​ឡាន​សាលា​អស់ ៥ម៉ោង រហូត​បាត់​បង់​ជីវិត

  • 2017-08-03 03:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​អាយុ ៦​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​អ្នក​បើក​រថយន្ត​​សាលា​ភ្លេច​ខ្លួន ទុក​ចោល​ក្នុង​រថយន្ត​អស់​រយៈ​ពេល ៥​ម៉ោង។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ខេត្ត Nakhon Si Ayutthaya ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ចន្ទ ហើយ​ក្មេង​រង​គ្រោះ​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ។

​កាល​ពី​ថ្ងៃ​ចន្ទ ក្មេង​ប្រុស​រងគ្រោះ និង​សិស្ស ៧​នាក់​ទៀត ត្រូវ​បាន​រថយន្ត​មក​ទទួល​ទៅ​រៀន​នៅ​សាលា Choeng Len ក្នុង​ស្រុក Bang Sai ដូច​សព្វ​មួយ​ដង។ ពេល​ជូន​ក្មេង​ទាំង​នោះ​ដល់​សាលា អ្នក​បើក​រថយន្ត​បាន​បើក​ត្រលប់​ទៅ​ផ្ទះ​វិញ ដោយ​មិន​​បាន​ពិនិត្យ​មើល​ថា ក្មេង​ទាំង​អស់​បាន​ចុះ​ពី​លើ​រថយន្ត​ហើយ​ឬ​នៅ​នោះ​ទេ។

អាច​ចាត់​ទុក​ជា​រឿង​មិន​គួរ​កើត​មួយ ព្រោះ​រាល់​ដង នៅ​ពេល​ដែល​លោក​ទម្លាក់​សិស្ស​អស់ លោក Bunlert Watthaki តែង​បើក​កញ្ចក់ និង​ជូត​រថយន្ត​ឲ្យ​ស្អាត ទើប​ត្រលប់​ទៅ​ផ្ទះ​វិញ។ ប៉ុន្តែ​នៅ​ថ្ងៃ​ចន្ទ​នោះ មេឃ​ងងឹត ពពក​ខ្មៅ​ទាំង​ដុំ ទើប​លោក​ប្រញាប់​បើក​រថយន្ត​ទៅ​ផ្ទះ​វិញ ដោយ​មិន​បាន​មើល​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ។ ប្រហែល​ម៉ោង ១​រសៀល អ្នក​ធ្វើការ​នៅ​ផ្ទះ​របស់​លោក បាន​ឃើញ​សិស្ស​ម្នាក់​នៅ​ក្នុង​រថយន្ត ដោយ​មាន​អាការៈ​មិន​ប្រក្រតី ទើប​ប្រញាប់​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

អ្នក​បើក​រថយន្ត​វ័យ ៥៧​ឆ្នាំ បាន​ធ្វើការ​ឲ្យ​សាលា​មួយ​នេះ​អស់​រយៈពេល ៤​ឆ្នាំ​មក​ហើយ ចំណែក​រថយន្ត​របស់​លោក​គ្មាន​លិខិត​អនុញ្ញាត​ឲ្យ​ដឹក​អ្នក​ដំណើរ​ឡើយ។ មន្ត្រី​ប៉ូលិស​បាន​អះ​អាង​ថា លោក Bunlert ត្រូវ​ចោទ​ប្រកាន់ ២​ករណី គឺ​ធ្វេសប្រហែស​បណ្ដាល​ឲ្យ​មាន​ព្យសនកម្ម និង​បើក​រថយន្ត​ដឹក​មនុស្ស​ទាំង​គ្មាន​លិខិត​អនុញ្ញាត ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ថា​នឹង​មាន​ទោស​កម្រិត​ណា​ឡើយ។ ចំណែក​លោក Bunlert លោក​មាន​គម្រោង​ទៅ​បួស​ជា​សង្ឃ ដើម្បី​ឧទ្ទិស​កុសល​ដល់ Gaga។

គ្រួសារ​ក្មេង​រងគ្រោះ បាន​បញ្ជាក់​ថា នឹង​បរិច្ចាគ​រាង​កាយ​របស់ Gaga ឲ្យ​ទៅ​ខាង​កាកបាទ​ក្រហម និង​កំពុង​រៀប​ចំ​ដាក់​ពាក្យ​ប្ដឹង។ ចំណែក​ម្ដាយ​របស់​ក្មេង​រងគ្រោះ​រូប​នេះ បាន​ផ្ដាំ​ផ្ញើ​អ្នក​បើក​រថយន្ត​សាលា​ទាំង​អស់​ប្រុង​ប្រយ័ត្ន ចៀស​វាង​មាន​ករណី​មិន​គួរ​កើត​នេះ​ទៀត៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទពេញនិយម