លោក​យាយ​សិង្ហបុរី​វ័យ៨០ជាងហើយ​ តែ​ទឹកដៃលេងហ្គីតា ក្មេងៗសុំខ្មាស

  • 2017-08-08 06:59:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកយាយ​ជនជាតិ​សិង្ហបុរី​ម្នាក់​ បាន​បង្ហាញ​​​ទស្សនៈ​មួយ​​ទៅ​កាន់​ពិភពលោក​ថា​ លើ​លោក​នេះ​គ្មាន​អ្វី​ដែល​យឺត​ពេល​ទេ​ ដើម្បី​សម្រេច​គោលបំណង​ជា​ចំណង់ចំណូលចិត្ត​យើង។

លោក​ស្រី​ Mary Ho គឺជា​លោក​យាយ​ម្នាក់​ដែល​មាន​អាយុ​ ៨១​ឆ្នាំ​ មាន​ចៅ​៧​នាក់​ និង​មាន​សមត្ថភាព​ពិសេស​អាច​កន្ត្រាក់​អារម្មណ៍​ អ្នក​គ្រប់​គ្នា​ជាមួយ​ហ្គីតា​របស់​ខ្លួន។

បើ​តាម​ការ​រៀប​រាប់​របស់​វិបសាយ​ BBC បាន​និយាយ​ថា​ លោក​ស្រី​ Ho នឹង​សម្ដែង​នៅ​ចំពោះ​ មុខ​មនុស្ស​រាប់​ពាន់​អ្នក​ នា​សប្ដាហ៍​នេះ​ ក្នុង​ឱកាស​ពិធី​បុណ្យ​ជាតិ​របស់​ប្រទេស​សិង្ហបុរី។

ដោយឡែក​ វិបសាយ​ Straits Times វិញ​បាន​ចុះ​ផ្សាយ​ថា​ លោក​យាយ​អ្នក​តន្ត្រី​រ៉ក់​រូប​នេះ​ រៀន​លេង​ហ្គីតា​នៅ​អាយុ​ ៦០​ឆ្នាំ​ ដើម្បី​បំពេញ​ក្ដី​ស្រមៃ​តាំង​ពី​ក្មេង។

តាម​ប្រភព​ដដែល​បាន​និយាយ​ទៀត​ថា​ ដំបូង​ឡើយ​លោក​ស្រី​ បាន​ស្វែង​រក​គ្រូ​បង្រៀន​លេង​ហ្គីតា​ម្នាក់​ដែរ​ ប៉ុន្តែ​មិន​បាន​ជោគជ័យ​ទេ​ ព្រោះ​គ្រូៗ​ទាំង​នោះ​គិត​លើ​អាយុ​របស់​គាត់​ ហើយ​ម្យ៉ាង​ម្រាម​ដៃ​របស់​លោក​យាយ​ក៏​មិន​រហ័ស​ រវៀស​ ដែល​ជា​បញ្ហា​មួយ​មិន​អាច​រៀន​ហ្គីតា​បាន។ យ៉ាង​ណា​ក្ដី​ លោក​ស្រី​ Ho មិន​បោះ​បង់​ដោយ​ងាយៗ​ទេ​ រហូត​ក្រោយ​មក​ គាត់​រក​បាន​គ្រូ​បង្រៀន​ម្នាក់​តាម​បំណង។

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​ ក្រៅ​ពី​អាច​លេង​ហ្គីតា​បាន​ លោក​ស្រី​ថែម​ទាំង​ចេញ​អាល់ប៊ុម​ទោល​ផ្ទាល់​ខ្លួន​ទៀត លើស​ពី​នេះ​លោក​យាយ​អាយុ​ ៨១​ឆ្នាំ​រូបនេះ​ក៏​តែង​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រគំតន្ត្រី​ តាម​កម្មវិធី​សប្បុរសធម៌​មួយ​ចំនួន​ទៀត​ដែរ។ រហូត​មក​ទល់​ពេល​នេះ​ លោក​យាយ​តន្រ្តីករ​រូបនេះ​ ក្លាយ​ជា​តារា​ YouTube ទៀត​ផង ហើយ​វីដេអូ​នីមួយៗ​របស់​គាត់​មាន​អ្នក​ចូល​មើល​រាប់​លាន​ដង​ឯណោះ៕

ចុចអាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម