Real ឬ Man Utd ជា​ម្ចាស់​ពាន UEFA Super Cup យប់​នេះ?

  • 2017-08-08 07:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ UEFA Super Cup រវាង​ជើង​ឯក​ UEFA Champions League និង​ UEFA Europa ចាប់​ផ្ដើម​នៅ​យប់​នេះ​ហើយ​វេលា​ម៉ោង​ ១:៤៥​នាទី រំលង​អាធ្រាត្រ​ជា​ការ​ប៉ះ​គ្នា​របស់​ក្លឹប​យក្ស​ពីរ​នៅ​អឺរ៉ុប​មាន Real Madrid និង​ Manchester United។

Real Madrid ជា​ជើង​ឯក​ Champions League បាន​លើក​ពាន​ Super Cup នេះ​ម្ដង​ហើយ​កាល​ពី​រដូវ​កាល​ចាស់​បន្ទាប់​ពី​យក​ឈ្នះ Sevilla ហើយ​មាន​ភារៈ​ការពារ​ពាន​នេះ​ម្ដង​ទៀត​ដោយ​ត្រូវ​តទល់​នឹង​ Manchester United ជើង​ឯក​ Europa League រដូវ​កាល​មុន។

នៅ​ពី​ពេល​ថ្មី​ៗ​ក្រុម​ទាំង​ពីរ​ទើប​ប៉ះ​គ្នា​រួច​ក្ដៅៗ​នៅ​ពាន​មិត្តភាព International Champions Cup ហើយ​ជា​លទ្ធផល​ United ឈ្នះ​២-១ នៅ​វគ្គ​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី។ ចាំ​មើល​ថា​យប់​នេះ​ ក្រុម​លោក​ Mourinho នៅ​តែ​អាច​យក​ឈ្នះ​ ឬ​ត្រូវ​ Real Madrid សង​សឹក​បាន​វិញ?

ជើង​កីឡាករ

Real Madrid មិន​មាន​បញ្ហា​កីឡាករ​របួស​នោះ​ទេ​ ប៉ុន្តែ​ Ronaldo ដែល​ទើប​មក​ហ្វឹកហាត់​អាច​លេង​ជា​កីឡាករ​បម្រុង​ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​មាន​៖ ​អ្នកចាំទី Navas ​ខ្សែ​ការពារ Carvajal, Ramos, Varane, Marcelo ​ខ្សែ​បម្រើ Modric, Casemiro, Kroos ​ខ្សែ​ប្រយុទ្ធ Isco, Benzema និង​ Bale។

Manchester United មាន​បញ្ហា​កីឡាករ​មួយ​ចំនួន​ដែល​អាច​អវត្តមាន​ដូច​ជា Baily, Jones, Rojo, Shaw និង Young ដូច្នេះ​ជម្រើស​១១​នាក់​អាច​ជា៖ អ្នក​ចាំទី De Gea ​ខ្សែ​ការពារ​ Valencia, Lindelof, Smalling, Blind ​​ខ្សែបម្រើ Herrera, Matic, Pogba ​ខ្សែ​ប្រយុទ្ធ Rashford, Lukaku និង Mkhitaryan។

ស្ថិតិ​មួយ​ចំនួន៖

  • ការ​ប្រកួត​នេះ​នឹង​ធ្វើ​នៅ​ទីក្រុង Skopje ជា​ការ​ប្រកួត​ក្លឹប​អាជីព​ដែល​រៀប​ចំ​ដោយ​ UEFA លើក​ដំបូង​ក្នុង​ប្រទេស​ម៉ាសេដូនី។

  • Real Madrid ធ្លាប់​លេង​នៅ UEFA Super Cup ៦​លើក​ហើយ​ក្នុង​នោះ​ឈ្នះ​៣ និង​ចាញ់​២ ហើយ​បើ​ឈ្នះ​យប់​នេះ​ពួកគេ​គឺ​ជា​ក្នុង​ដំបូង​ក្នុង​រយៈ​ពេល​២៧​ឆ្នាំ​ចុង​ក្រោយ​ដែល​អាច​ឈ្នះ​ Super Cup ២​រដូវ​កាល​ជាប់​គ្នា​បន្ទាប់​ពី AC Milan ធ្លាប់​ធ្វើ​បាន​កាល​ពី​រដូវកាល​ ១៩៨៩ និង​១៩៩០។

  • Manchester United ធ្លាប់​លេង​នៅ Super Cup ៣​ដង​ ដោយ​ឈ្នះ​ម្ដង​ និង​ចាញ់​២​ដង។

  • រាប់​ទាំង​យប់​នេះ​ផង​ Real និង​ United បាន​ប៉ះ​គ្នា​១១​លើក​ ក្នុង​នោះ​ Real ឈ្នះ​៤, United ឈ្នះ​ ២ និង​ស្មើ​៤។

សម្ដី​គ្រូ​បង្វឹក

លោក Zidane គ្រូ​បង្វឹក Real Madrid៖"ពួក​យើង​នឹង​លេង​ដូច​ដែល​ធ្លាប់​លេង​កន្លង​មក។ ក្រុម​ទាំង​មូល​នឹង​មិន​ផ្លាស់​ប្ដូរ​ច្រើន​ទេ។ ពួក​យើង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​ និង​ដើម្បី​ឈ្នះ​ពាន"។

លោក Jose Mourinho អ្នក​ចាត់​ការ​ក្រុម Man Utd៖"ពួក​យើង​ពិត​ជា​មាន​មោទនភាព​ដែល​លេង​ទល់​នឹង​ជើង​ឯក​ទ្វីប​អឺរ៉ុប។ ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កីឡាករ​ Real Madrid មួយ​ចំនួន​ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​លើ​ទីលាន​គឺ​គ្មាន​ការ​យោគយល់​គ្នា​នោះ​ទេ"៕​

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន