ប្រយ័ត្ន! មូសខ្លាខាំមនុស្សស្លាប់ ២៤នាក់ និង៧ម៉ឺននាក់ចូលពេទ្យនៅវៀតណាម
- 2017-08-14 07:22:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្ន! មូសខ្លាខាំមនុស្សស្លាប់ ២៤នាក់ និង៧ម៉ឺននាក់ចូលពេទ្យនៅវៀតណាម
ចន្លោះមិនឃើញ
អ្នកជំងឺថ្មីៗក្នុងប្រទេសវៀតណាមរាប់ពាន់នាក់ត្រូវគេរាយការណ៍ថា បានឆ្លងជំងឺគ្រុនឈាមដោយសារកើនឡើងចំនួនមូសខ្លា ក្រោយអាកាសធាតុប្រែប្រួលមិនអាចព្យាករណ៍ដឹងមុន។
ជំងឺគ្រុនឈាមបង្កឡើងដោយមូសខ្លា បានឆក់យកជីវិតមនុស្ស ២៤នាក់នៅវៀតណាមឆ្នាំនេះ គឺកើនឡើងជាង ៥ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
មនុស្សប្រមាណ ៨០ ៥០០នាក់បានឆ្លងវីរុសបង្កឡើងដោយសារសត្វមូស ឬកើនឡើង ៣៣,៥% ដោយ ៧០ ០០០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ទីក្រុងសាយហ្គន មានអ្នកជំងឺគ្រុនឈាមច្រើនបំផុត គឺចំនួន ១៦ ៥០០នាក់ តាមពីក្រោយដោយទីក្រុងហាណូយមានអ្នកជំងឺគ្រុនឈាម ១៤ ០០០នាក់។
អនុប្រធាននាយកដ្ឋានសុខាភិបាលទីក្រុងហាណូយលោក Hoang Duc Hanh បានប្រាប់ថា អាកាសធាតុមិនអាចព្យាករណ៍បានក្នុងឆ្នាំនេះមានន័យថា ទីក្រុងនានាប្រាកដជានឹងកើនឡើងអ្នកជំងឺគ្រុនឈាមកាន់តែច្រើន ជាពិសេសពេលសិស្សសាលាត្រលប់មកចូលរៀននៅទីក្រុងវិញ។
ក្នុងឆ្នាំ ២០១៦ វៀតណាមមានអ្នកឆ្លងជំងឺគ្រុនឈាម ១១០ ៨០០ករណី កើនឡើង ១,៩% ធៀបនឹងឆ្នាំ ២០១៥ ប៉ុន្តែចំនួនអ្នកស្លាប់ធ្លាក់ចុះពី ៥៤ មកនៅ ៣៦នាក់។ វៀតណាមកំពុងព្យាយាមស្វែងរកវិធីដ៏មានប្រសិទ្ធភាពដើម្បីបង្ការ ឬព្យាបាលជំងឺគ្រុនឈាមដែលជាឃាតកធំបំផុតមួយក្នុងចំណោមជំងឺឆ្លងពេញនិយមទាំង ២៨ប្រភេទ។
គួរបញ្ជាក់ថា ជំងឺគ្រុនឈាមមិនមែនឆ្លងពីមនុស្សម្នាក់ទៅម្នាក់ដោយផ្ទាល់នោះទេ គឺជំងឺនេះត្រូវបានចម្លងតាមរយៈការខាំរបស់សត្វមូសខ្លាញី ដែលវាមានឈ្មោះជាភាសាបច្ចេកទេសថាអាអេដែសអាអេហ្ស៊ីបស៊ី (AedesAegypti)។ តាមពិត មូសនេះវាទៅបឺតឈាមពីមនុស្ស ឬអ្នកជំងឺ ដើម្បីបានឈាមដែលមានសម្បូរជាតិប្រូតេអ៊ីនច្រើនមកចិញ្ចឹមពងរបស់វាទេ ប៉ុន្តែដោយសារនៅក្នុងក្រពេញទឹកមាត់វាមានមេរោគ និងមានជាតិកុំឲ្យឈាមកក ដូច្នេះពេលវាបឺតឈាមមនុស្ស វាត្រូវបញ្ចេញសារធាតុកុំឲ្យឈាមកកនោះចូលទៅ ក៏ដូចជារុញមេរោគទាំងនោះចូលទៅក្នុងខ្លួនយើងនៅពេលដំណាលគ្នាដែរ។
ចំពោះអាការៈជំងឺគ្រុនឈាមមានដូចជា៖ ក្តៅខ្លួនខ្លាំង ឈឺក្បាលខ្លាំង ឈឺពីក្រោយភ្នែក ឈឺសន្លាក់ និងសាច់ដុំ ក្អួតចង្អោរ កន្ទួលក្រហមដែលលេចចេញ ៣ ទៅ៤ ថ្ងៃ ក្រោយពីចាប់ផ្តើមគ្រុនក្តៅ និង ហូរឈាមតិចតួច (ដូចជាឈាមច្រមុះ ឈាមអញ្ចាញធ្មេញ ឬងាយជាំ)៕
ចុចអាន៖
វៀតណាមរកឃើញផ្នូរចំណាស់ជាង៣០០០ឆ្នាំ នៅភាគកណ្ដាល
ចូលទៅមើលគម្រោងផ្លូវរថភ្លើងក្រោមដីនៅវៀតណាមដំបូងគេ កំពុងដំណើរការ