ឯកឧត្ដម ហង់ជួន ណារ៉ុន ស្នើ​សុំ​ប៉ូលិស​កុំ​ឲ្យ​ផាក​ពិន័យ​សិស្ស​ថ្ងៃ​ប្រឡង​បាក់ឌុប បើ​មិន...

  • 2017-08-14 09:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ហង់ជួន ណារ៉ុន រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ស្នើ​សុំ​​ប៉ូលិស​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កុំ​ផាក​ពិន័យ​សិស្ស​ថ្នាក់​ទី​១២ ក្នុង​ថ្ងៃ​ប្រឡង​បាក់ឌុបបើមិនពាក់មួកសុវត្ថិភាព។

ថ្លែង​នៅ​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកសង្កេតការណ៍ របស់អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​ត្រៀម​ថ្ងៃ​ប្រឡង​បាក់​ឌុប ឯកឧត្ដម ហង់ជួន ណារ៉ុន បាន​មាន​ប្រសាសន៍​ថា សិស្ស​មក​ពី​តាម​បណ្ដា​ខេត្ត ស្រុក​ភូមិ ជន​បទ​ឆ្ងាយៗ ធ្លាប់​តែ​ជិះ​កង់​ទៅ​រៀន ​មិន​មាន​មួក​សុវត្ថិភាព​ពាក់​នោះ​ទេ ហើយ​ត្រូវ​មក​ស្នាក់​នៅ​ជាមួយ​សាច់ញាតិ ផ្ទះ​សំណាក់​ វត្ត​អារាម សាលា​រៀន ដើម្បី​បាន​ប្រឡង​នឹង​គេ។ ហេតុដូច្នេះ​ហើយ ឯក​ឧត្ដម សូម​ស្នើដល់ប៉ូលិស កុំ​ឱ្យ​មាន​ការ​ផាក​ពិន័យ​អី ព្រោះ​សិស្សអាច​ទៅ​ប្រឡង​មិន​ទាន់។

ក្រៅ​ពី​ការ​ស្នើ​សុំ​ខាង​លើ រដ្ឋ​មន្រ្តី​ក្រសួង​អប់​រំ បាន​ស្នើ​ទៅ​កាន់​ម្ចាស់​ផ្ទះ​សំណាក់ សណ្ឋាគារ អ្នកលក់ម្ហូប​អាហារ​ទាំងអស់ សូម​កុំ​ឡើង​ថ្លៃ​ដាច់​ខាត ដើម្បី​ជួយ​សម្រួល​ដល់​សិស្ស​ដែល​មាន​ជីវភាព​ខ្វះ​ខាត។ ចំណែក​កន្លែង​ផ្ញើ​កង់​-ម៉ូតូ​ទាំង​អស់ ត្រូវ​ជួយ​សម្រួល​ដល់​សិស្ស​ឱ្យ​មាន​ភាព​ងាយ​ស្រួល។ ចំណែក​វត្ត​អារាម សាលា​រៀន អាច​ផ្ដល់​ជា​កន្លែង​ស្នាក់​នៅ​ចំពោះ​សិស្ស​ក្រីក្រ​ដែល​ពុំ​មាន​លទ្ធភាព​ជួល​កន្លែង​ស្នាក់​នៅ។

គួរ​ជម្រាប​ជូន​ថា ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​ ២០១៧​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី ២១ ខែ​សីហា​នេះ​ហើយ ដោយ​នៅ​រក្សា​ការ​រឹត​បន្តឹង​ដដែល​ពុំ​មាន​ប្រែប្រួល​ទេ។ រីឯ​អ្នក​សង្កេត​ការណ៍​ឆ្នាំ​នេះ មាន​រហូត​ដល់​ជាង ៣​ម៉ឺន​នាក់ ក្នុង​នោះ​មន្ត្រី​របស់​ក្រសួង​ផ្ទាល់​មាន​ប្រមាណ​ ២៦ ០០០ នាក់ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចំនួន ៥ ០០០​នាក់​ទៀត ដើម្បី​ចូលរួម​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ប្រឡង​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន មាន​សុក្រឹតភាព ​ប្រសិទ្ធភាព និង​តម្លា​ភាព៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ