"កុំ" ​៥​យ៉ាង​ មិន​ត្រូវ​ធ្វើ​ ពេល​ប្រឡង​មុខ​វិជ្ជា​គណិត​

  • 2017-08-09 06:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គណិត​វិទ្យា​ ​ជា​មុខ​វិជ្ជា​ដែល​ពិបាក​ និង​មាន​អត្រា​ពិន្ទុ​ខ្ពស់​ជាង​គេ​ ​រហូត​ដល់​ ​១២៥​ពិន្ទុ​។ ​ទន្ទឹម​នឹង​នេះ ​លោក​ រ៉ន ​សារិទ្ធ​ ​គ្រូ​បង្រៀន​គណិតវិទ្យា​ថ្នាក់​ទី​ ១២ ​នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ បាន​ផ្ដល់​សម្ភាសន៍​ ​ដល់​ Sabay ​ណែនាំ​ដល់​សិស្ស​គួរ​តែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ពេល​ប្រឡង​បាក់ឌុប​ ​ដើម្បី​ទទួល​ពិន្ទុ​ខ្ពស់​។

​សូម​អាន​សេចក្ដី​ណែនាំ​ពិសេស​របស់លោកគ្រូដូច​ខាង​ក្រោម​នេះ​៖

១. ​កុំ​ភ័យ​

​នៅ​ពេល​ដែល​សិស្ស​ចូល​ក្នុង​បន្ទប់ប្រឡង​ភ្លាម​ ​គួរ​តែ​អង្គុយ​សម្រួល​អារម្មណ៍​ឲ្យ​មូល​។ ​ពេល​ឮ​សម្លេង​ជួង​ទី១​ ​គ្រូ​អនុរក្ស​នឹង​ប្រាប់​ឲ្យ​សិស្ស​រៀប​ចំ​បំពេញ​ឈ្មោះ​ ​និង​ផ្សេងៗ​នៅ​លើ​សន្លឹក​កិច្ចការ​ ក៏​ដូចជា​ក្រដាស​ព្រាង​ជា​ដើម​ សិស្ស​ត្រូវ​តែ​បំពេញ​ឲ្យ​មាន​របៀប​ និង​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់​។ បន្ទាប់​ពី​ប្រមូល​អារម្មណ៍​បាន​មូល​ហើយ​ ​សិស្ស​អាច​ឆ្លៀត​សរសេរ​រូប​មន្ត​ ​ឬ​អ្វី​ដែល​ខ្លួន​បាន​ចាំ​ ពាក់​ព័ន្ធ​នឹងមេរៀននៅ​លើ​ក្រដាស​ព្រាងទុក​ឲ្យ​ហើយ​ ​ក្រែង​ពេល​ធ្វើ​លំហាត់​អាច​នឹង​ភ្លេច​ភ្លាំង​។ ​បញ្ជាក់​នៅ​ចំណុច​នេះ ​សិស្ស​ត្រូវ​ប្រាប់​គ្រូ​អនុរក្ស​ជា​មុន​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​បន្លំ​ប្រូយ៉ុង​។

២. ​កុំ​ស្រវ៉ា​ធ្វើ​លំហាត់​ពិន្ទុ​ច្រើន​

​ពេល​គ្រូ​​បន្ទប់​ចែក​វិញ្ញាសារ​ប្រឡង​ដល់​ដៃ​ ​សិស្ស​គួរ​តែ​មើល​លំហាត់​ទាំង​នោះ​ឲ្យ​ចប់​អស់​ និង​គិត​ថា​លំហាត់​ណា​ដែល​ខ្លួន​ចេះ​ ​ហើយ​អាច​ធ្វើ​បាន​។ ​ប៉ុន្តែ​បើ​គិត​ថា​ខ្លួន​អាច​ធ្វើ​បាន​ច្រើន​លំហាត់​ គួរ​តែ​ពិនិត្យ​មើល​ពិន្ទុ​ណា​ដែល​ច្រើន​ជាង​គេ​ ​សឹម​ធ្វើ​វា​មុន​គេ​។ ​យ៉ាង​ណា​ ​សូម​កុំ​ស្រវ៉ា​ធ្វើ​លំហាត់​ដែល​មាន​ពិន្ទុ​ខ្ពស់​ ហើយ​សំណួរ​ច្រើន​ តួយ៉ាង​ លំហាត់​អនុគមន៍​ ជាដើម​។

៣. ​កុំ​ចំណាយ​ពេល​គិត​លំហាត់​តូចៗ​លើស​ពី ​៥នាទី​

​លំហាត់​តូចៗ​ ​អាច​មាន​ពិន្ទុ​ចាប់​ ១០ ទៅ ​១៥​ពិន្ទុ​ ​ហេតុ​នេះ​ ​សិស្ស​ត្រូវ​តែ​ពាក់​នាឡិកា​ (មិនមែន​នាឡិកា​Casio) ​ដើម្បី​គ្រប់​គ្រង​ពេល​វេលា​ធ្វើ​លំហាត់​។ ​សម្រាប់​លំហាត់​តូចៗ​ ​បើ​ចាប់​ផ្ដើម​ធ្វើ​ហើយ​ តែ​គាំង​ គួរតែ​ចំណាយ​ពេលគិត​កុំ​លើស​ពី​៥នាទី ​បើ​គិត​មិន​ចេញ​នោះ​ ​គួរ​ទុក​ចន្លោះ​ចោល​សិន​ ហើយ​ទៅ​ធ្វើ​សំណួរ​បន្ទាប់​។

​ ៤. កុំ​រំលង​រ៉ូម៉ាំង​ណាមួយ​ឲ្យ​សោះ​

​ដាច់​ខាត​ ​មិន​ត្រូវ​រំលង​រ៉ូម៉ាំង​លំហាត់​ណា​មួយ​ឲ្យ​សោះ​ ​បើ​ទោះ​ជា​មិន​ចេះ​ក៏​ដោយ​ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​សរសេរ​ប្រធាន​លំហាត់​ ឬ​ស្រង់​សម្មតិកម្ម​ដាក់​ចូល​ដែរ​។ ​មួយវិញទៀត​ ​ទោះ​បី​សិស្ស​ដឹង​ថា​ លំហាត់​នោះ​ខុស​ពី​ថា្នក់​លើ​មក​ក៏​ដោយ​ សិស្ស​ត្រូវ​តែ​សរសេរ​ឲ្យ​បង្រ្គប់​កិច្ចការ​ទាំង​នោះ​ ដើម្បី​បាន​ពិន្ទុ​បន្ថែម​។

៥. កុំ​ចេញ​មុន​ម៉ោង​

​សូម​កុំ​ចេញ​មុន​ម៉ោង​ ​ទោះ​បី​ធ្វើ​ហើយ​ទាំង​អស់​ក៏ដោយ​ ​ព្រោះ​ថា​ សន្លឹក​កិច្ចការ​របស់​សិស្ស​ដែល​ធ្វើ​ហើយ​ នឹង​ត្រូវ​ដាក់​នៅ​លើតុ​សិស្ស​ដដែល​។ ​ហេតុ​នេះ​ ដើម្បី​ការពារ​កុំ​ឲ្យ​អ្នក​អង្គុយ​ជិត​ប៉ះពាល់​ ឬ​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​ជាយ​ថា​ហេតុ​ ​សិស្ស​គួរ​តែ​អង្គុយពិ​និត្យ​ រហូត​ដល់​ម៉ោង​គ្រូ​អនុរក្ស​ប្រមូល៕​

សូមចុចអានបន្ទាប់

អត្ថបទ៖ ស៊ិន សាវ៉េត