រន្ធត់ចិត្ត តួស្រីម្នាក់ស្លាប់ពេលកំពុងថតរឿង "Deadpool” វគ្គពីរ
- 2017-08-15 02:37:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រន្ធត់ចិត្ត តួស្រីម្នាក់ស្លាប់ពេលកំពុងថតរឿង "Deadpool” វគ្គពីរ
ចន្លោះមិនឃើញ
កាលពីព្រឹកថ្ងៃច័ន្ទម្សិលមិញនេះតួអង្គជំនួស (Stuntwoman) ម្នាក់បានជួបគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតដោយសារដួលម៉ូតូខណៈពេលកំពុងសម្ដែង។
ជនរងគ្រោះរូបនេះមានឈ្មោះថា Joi 'SJ' Harris ជាស្ត្រីសញ្ជាតិអាហ្វ្រិកអាមេរិកដំបូងគេដែលមានអាជ្ញាប័ណ្ណ សម្រាប់ការប្រឡងកីឡាប្រណាំងម៉ូតូលក្ខណៈអាជីព នេះបើតាមសារព័ត៌មាន TMZ។
គ្រោះថ្នាក់នេះបានកើតឡើងដោយសារ Harris មិនអាចគ្រប់គ្រងលំនឹងម៉ូតូបាន ខណៈពេលកំពុងថតឈុតឆាកមួយក្នុងរឿង "Deadpool 2” បណ្ដាលឲ្យនាងបើកម៉ូតូបុកជញ្ជាំងកញ្ចក់របស់អាគារ Shaw Tower នៅទីក្រុង Vancouver ប្រទេសកាណាដា ហើយក៏បានស្លាប់នៅនឹងកន្លែង។
នេះគឺជាលើកទី១ ដែលនាងប្រឡូកក្នុងអាជីពជាអ្នកសម្ដែងជំនួស មិនត្រឹមតែប៉ុណ្ណោះ Harris ទើបតែមានគ្រោះថ្នាក់បណ្ដាលឲ្យនាងរបួសកដៃ ទើបនឹងសះស្បើយថ្មីៗនេះប៉ុណ្ណោះ។
នាងត្រូវបានគេដឹងថា ថតឈុតឆាកទាំងនេះជំនួសឲ្យតារាសម្ដែង Zazie Beetz ដើរតួជាតួអង្គ Domino។ ឈុតនេះតម្រូវឲ្យតួអង្គ Domino ជិះម៉ូតូជាមួយតួអង្គ Deadpool សម្ដែងដោយ Ryan Reynold។
តារាសម្ដែង Ryan Reynold ក៏បានសរសេរនៅប្រព័ន្ធបណ្ដាញសង្គមកាលពីម្សិលមិញនេះ ដើម្បីជួយរំលែកទុក្ខចំពោះការស្លាប់របស់ Harris ផងដែរ។
លោកបានសរសេរថា៖ "ថ្ងៃនេះយើងបានបាត់បង់សមាជិកម្នាក់ ខណៈពេលកំពុងថតរឿង "Deadpool"។ យើងទាំងអស់គ្នាពិតជាពិបាកនិងរន្ធត់ចិត្តខ្លាំង ប៉ុន្តែនេះមិនស្មើនឹងទុក្ខ ក្ដីឈឺចាប់របស់គ្រួសារនាងនោះទេ។ បេះដូងរបស់ខ្ញុំនឹងផ្ដល់ក្ដីស្រលាញ់ទៅដល់ពួកគេ ព្រមទាំងមនុស្សគ្រប់គ្នាដែលនាងបានជួបលើពិភពលោកនេះ៕"
ចុចអានអត្ថបទ៖
នឹកស្មានមិនដល់! តារាហូលីវូដ៨រូបស្លាប់ពេលថតរឿង ត្រូវជំនួសដោយ..
ដាច់ផ្ងារ បើចង់ធ្វើមិត្តភ័ក្ដិ Taylor Swift ត្រូវចំណាយលុយដល់ម្ល៉ឹងផង?
Robert Pattinson ត្រូវបានគេសរសើរ ដោយប្រកែកមិនថតឈុតបៀតបៀនផ្លូវភេទ