រៀន​ចប់​ផ្នែក​ព័ត៌មាន​វិទ្យា មក​លក់​ភីហ្សា រក​ចំណូល​បាន​ខ្លាំង​មិន​ចាញ់​អ្នក​ធ្វើការ

  • 2017-08-15 03:58:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​នៅ​ខាង​លិច​បង្អស់​នៃ​ផ្សារ​រាត្រី ក្បែរ​រង្វង់​មូល​ទុរេន​ខេត្ត​កំពត​មាន​តូប​មួយ​លក់​ភី​ហ្សា ដែល​តូប​នេះ​មាន​វត្ត​មាន​តែ​ពេល​ល្ងាច ​ប្រហែល​ពី​​ម៉ោង ​៤​ដល់​ម៉ោង​១០​យ​ប៉ុណ្ណោះ​។ ៦ម៉ោង អ្នក​អាច​ទិញ​ភីហ្សា ឫ​សេនវ៉ិច​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​នៅ​ទី​នេះ ពី​អតីត​និស្សិត​ព័ត៌មាន​វិទ្យា ដែល​សម្រេច​លះបង់​ការងារ​មក​បើក​អាជីវកម្ម​ខ្លួន​ឯង ហើយ​រក​ចំណូល​បាន​ខ្ពស់​មិន​នឹក​ស្មាន។

លោក បូរ៉ា ជា​អ្នក​លក់​ភីហ្សា ​បាន​ប្រាប់ ​Sabay ​ថា លោក​​បាន​​ប្រកប​របរ​លក់​ភីហ្សា​នេះ ​ជិត​ពីរ​ឆ្នាំ​មក​ហើយ ដោយ​បាន​ទៅ​រៀន​នៅ​ឯ​ភ្នំ​ពេញ​។ ក្រោយ​រៀន​ចប់​វគ្គ​ធ្វើ​ភីហ្សា ​ក៏បាន​ដំណើរការ​អាជីវកម្ម ហើយ​វា​ក៏​មាន​ភាព​រលូន​មកទល់​បច្ចុប្បន្ន​។

លោកបូរ៉ា

អតីត​និស្សិត​ព័ត៌មាន​វិទ្យា​រូប​នេះ ​បាន​បន្ត​ថា លោក​​មក​លក់​ទី​នេះ​ជា​រៀង​រាល់ថ្ងៃ ដោយ​ថ្ងៃ​ធម្មតា លោក​អាច​លក់​ភី​ហ្សា​បាន​ប្រហែលជា ​៤០​នំ និង​សេន​វ៉ិ​ច​ប្រមាណ​ជា​ ១០០​នំ រីឯ​ថ្ងៃ​សៅរ៍-​អាទិត្យ​វិញ​អាច​លក់​បាន​ច្រើនជាង​នេះ​។

នំ​ភីហ្សា​របស់​បូរ៉ា មាន​ពីរ​ប្រភេទ ដោយ​ភី​ហ្សា​តូច​តម្លៃ ១០ ០០០​រៀល ភី​ហ្សា​ធំ​តម្លៃ ២០ ០០០​រៀល និង​សេន​វ៉ិ​ចមួយ ២ ០០០​រៀល​។ លោក​បាន​បន្ថែម​ថា នំ​របស់​លោក​ខុស​ពី​នំ​របស់​គេ ដោយ​សាច់​នំ​លោក​ធ្វើ​ខ្លួនឯង មិន​មាន​សារធាតុ​ប៉ះពាល់​សុខភាព និង​ធ្វើ​ឲ្យ​នំ​ស្រួយ និង​មាន​រសជាតិ​ឆ្ងាញ់​។ នំ​ភីហ្សា​មួយ​ត្រូវ​ចំ​ណាយ​ពេល​ប្រមាណ​ជា ៥​ទៅ​៦​នាទី ដើម្បី​ចម្អិន​ឲ្យ​ឆ្អិន​។ ចំណែក​ឯ​គ្រឿង​ផ្សំ​លោក​ទិញ​ពី​គេ និង​បាន​ចំណាយ​ពេល​ប្រហែលជា​ពីរ​ម៉ោង ​នា​ពេលព្រឹក​។

បើ​និយាយ​ពី​ប្រាក់​ចំណេញ​វិ​ញ បូរ៉ា​បាន​ប្រាប់ថា ​ក្រោយពី​ទូទាត់​ លោក​​អាច​សល់​បាន​ប្រហែល​ ៤០​ដុល្លារ​ក្នុង​មួយថ្ងៃ ដូច្នេះ​ក្នុង​ ១ខែអាចរកចំណូលបាន​ប្រមាណជា ១ពាន់ដុល្លារដែរ។ បូរ៉ា បញ្ជាក់ថា នំ​ភីហ្សា​មួយ​អាច​ចំណេញ​បាន ​២ ៥០០​រៀល​ក្នុង​នំ​មួយ តែ​បើ​អតិថិជន​សុំ​ថែម​ទឹក​ជ្រ​ល​ក់​ច្រើន នោះ​អាច​ចំណេញ​តិ​ច​ជាង​នេះ ព្រោះ​ទឹក​ជ្រលក់​ត្រូវ​ទិញ​ពី​គេ​ដែរ។

យុវ​ជន​ខាងលើ​បាន​ប្រាប់​ថា លោក​បាន​បញ្ចប់​ការសិក្សា​ខាង​ព័ត៌មានវិទ្យា ក្រោយ​មក​ក៏​ធ្វើការ​ជា​បុគ្គលិក​នៅ​ធនាគារ​មួយ ហើយ​ក្រោយ​មក​លោក​​បាន​ឈប់​ពី​ការ​នោះ និង​ងាក​មក​ប្រកបការងារ​ជា​អ្នកលក់​ភី​ហ្សា​ដល់​សព្វថ្ងៃ​។ អ្វី​ដែល​ជំរុញ​ឲ្យ​ងាក​មក​ធ្វើ​ការងារ​ខ្លួនឯង ព្រោះ​លោក​យល់ថា លោក​មាន​សេរីភាព​ជាង​ការ​ធ្វើការ​ឲ្យ​គេ ហើយ​ម្យ៉ាង​ទៀត ប្រាក់កម្រៃ​ក៏បាន​មិន​ចាញ់​ការងារ​​ដែល​ធ្វើ​ឲ្យ​គេ​ដែរ​។​

ចុចអាន

អត្ថបទ៖ ឡុច គីមសាយ