កម្ពុជាទទួលបានមេដាយ មាស ប្រាក់ សំរឹទ្ធិ ៧០ ពីការប្រឡងគណិតវិទ្យាយុវជនអន្តរជាតិអូឡាំព្យាដ
- 2017-08-16 03:15:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាទទួលបានមេដាយ មាស ប្រាក់ សំរឹទ្ធិ ៧០ ពីការប្រឡងគណិតវិទ្យាយុវជនអន្តរជាតិអូឡាំព្យាដ
ចន្លោះមិនឃើញ
អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា មានកិត្តិយស សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ការប្រឡងគណិតវិទ្យាយុវជនអន្តរជាតិអូឡាំព្យាដ (IJMO: International Junior Math Olympiad) បានរៀបចំឡើងដំបូងបង្អស់ នៅទីក្រុងភ្នំពេញ នៅខែសីហា ឆ្នាំ២០១៧។
កម្មវិធីនេះ គឺជាការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ នៅតាមបណ្តាប្រទេសផ្សេងៗក្នុងតំបន់អាស៊ី។ ចំពោះលក្ខខណ្ឌចូលរួម មានតែជយលាភីមេដាយមាសពីការប្រឡងប្រជែងគណិតវិទ្យាអូឡាំព្យាដរបស់ប្រទេសសឹង្ហបុរីនិងសាលាក្នុងតំបន់អាស៊ាន (SASMO៖ Singapore and Asian Schools Math Olympiad) ប៉ុណ្ណោះ ដែលមានសិទ្ធិចូលរួម និងត្រូវបានជ្រើសរើស ដើម្បីតំណាងឱ្យប្រទេសរបស់ខ្លួន សម្រាប់ការប្រកួតជារៀងរាល់ឆ្នាំ។
IJMO មានបំណងផ្តល់ឱកាសដល់សិស្សានុសិស្ស ដើម្បីធ្វើទំនាក់ទំនងរវាងគ្នានឹងគ្នា ព្រមទាំងប្រកួតប្រជែងជាមួយគូប្រកួតដែលមានសមត្ថភាពនៅក្នុងតំបន់អាស៊ី។ សិស្សានុសិស្សជាច្រើនមកពី ១៧ ប្រទេសនិងសាលាជាច្រើន បានចូលរួមកម្មវិធី IJMO នេះជាលើកដំបូង។
ការប្រកួតប្រជែងនេះបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យហ្សាម៉ាន់ នាថ្ងៃទី១២ ខែសីហា វេលាម៉ោង ៨ព្រឹក ដែលមានការចូលរួមដោយប្រទេសនានាដូចជាកម្ពុជា សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ អ៊ូបេគីស្ថាន មីយ៉ាន់ម៉ា ចិន វៀតណាម ប៊ុលហ្គារី និងហុងកុង។ កម្ពុជាទទួលបានមេដាយសំរិទ្ធិ ៦២ ប្រាក់៥ និងមាស៣។
អំឡុងពេលនៃការរៀបចំការប្រកួត បេក្ខជនបរទេសបានធ្វើទស្សនកិច្ចខេត្តសៀមរាប ដើម្បីស្វែងយល់អំពីប្រាសាទអង្គរវត្តនិងសម្បត្តិប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ នេះជាឱកាសដ៏ល្អក្នុងការផ្លាស់ប្តូរបទពិសោធន៍វប្បធម៌៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.ijmo.asia ឬទំព័រហ្វេសប៊ុក www.Facebook.com/STEMCambodia ឬ www.facebook.com/SASMOCambodia ។