ប្រដាល់​សកល​ និង​គុន​ខ្មែរ​ ជួប​ថ្នាក់​ដឹកនាំ​ចុង​ក្រោយ​មុន​ចេញ​ទៅ​ ស៊ីហ្គេម 2017

  • 2017-08-16 07:48:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ប្រដាល់​ទាំង​ពីរ​ មាន​សកល​ និង​គុន​ខ្មែរ​ ជួប​សំណេះសំណាល​ជា​មួយ​ថ្នាក់​ដឹកនាំ​មក​ពី​ព្រឹទ្ធសភា ​ជា​ពេល​ចុង​ក្រោយ​មុន​ចេញ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​ លើក​ទី២៩​ នៅ​ប្រទេស​ម៉ាឡេស៊ី​ នេះ។​

ថ្នាក់ដឹកនាំចូលរួមព្រឹកមិញ

ឯកឧត្ដម​ ម៉ម​ ប៊ុននាង​ សមាជិក​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​កាល​ពី​ព្រឹក​មិញ​នេះ​ថា​ ចំពោះ​កីឡាករ​ដែល​ត្រូវ​ទៅ​ចូលរួម​នៅ​ស៊ីហ្គេម​ ទាំង​អស់​ត្រូវ​ខំប្រឹង​ឲ្យ​មែនទែន​ដើម្បី​ទទួល​បាន​ជ័យជម្នះ​យក​មេដាយ​ជូន​កម្ពុជា។​ ចំពោះ​យុទ្ធសាស្ត្រ​ និង​យុទ្ធវិធី​ផ្សេងៗ​កីឡាករ​ត្រូវ​តែ​ខំប្រឹង​ស្វែង​យល់​ដោយ​ខ្លួន​ឯង​បន្ថែម​ទៀត​ ដូច​ជា​មើល​តាម​រយៈ​ទូរទស្សន៍​ ឬ​យូធូប​ក្ដី​ បន្ថែម​លើ​ការ​ហ្វឹក​ដោយ​គ្រូ។​

កីឡាករ និងគ្រូបង្វឹក

ឯកឧត្ដម​បន្ត​ថា​ កីឡាករ​ទាំង​អស់​ត្រូវ​ចេះ​តែ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ក្នុង​ពេល​នេះ ​ដើម្បី​ឲ្យ​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត​នៅ​ពេល​ខាង​មុខ។​ ចំពោះ​រឿង​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​មួយ​ទៀត​នោះ​ គឺ​មិន​ត្រូវ​ប៉ះពាល់​ជា​ដាច់​ខាត​ការ​ប្រើប្រាស់​សារធាតុ​ហាមឃាត់​ផ្សេងៗ ​ព្រោះ​បើ​គេ​ពិនិត្យ​ឃើញ​នោះ​ វា​នឹង​មាន​បញ្ហា​ដល់​កីឡាករ​ខ្លួន​ឯង​ផង​ និង​មុខមាត់​ប្រទេស​ជាតិ​ផង។​ សម្រាប់​ស៊ីហ្គេម​ កីឡាករ​ កីឡា​ការិនី​ ដែល​ឈ្នះ​បាន​មេដាយ​នោះ​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន​ផង​ដែរ​ នេះ​ក៏​អាច​ជា​ឱកាស​ល្អ​ដែល​បាន​ប្រាក់​ចំណូល​ថែម​ទៀត​ដែរ។​

កីឡាករ និងគ្រូបង្វឹក

សម្រាប់​ការ​ជួបជុំ​ និង​សំណេះសំណាល​លើក​ចុង​ក្រោយ​របស់​សហព័ន្ធ​ប្រដាល់​សកល​ ប្រដាល់​គុន​ខ្មែរ​ ជា​មួយ​ថ្នាក់​ដឹកនាំ​សមាជិក​ព្រឹទ្ធសភា​ នេះ​ធ្វើ​ឡើង​នៅ​វិមាន​អូឡាំពិក​ ដែល​មាន​ប្រធាន​សហព័ន្ធ​ទាំង​ពីរ ​គ្រូ​បង្វឹក​ និង​កីឡាករ​ដែល​ត្រូវ​ទៅ​ស៊ីហ្គេម​ ២០១៧​នេះ។​ នៅ​ថ្ងៃ​ទី១៨​ សីហា​ នេះ​ កីឡាករ​ប្រដាល់​សកល​នឹង​ចេញ​ដំណើរ​ទៅ​មុន​ ខណៈ​គុន​ខ្មែរ​ចេញ​ទៅ​ថ្ងៃ​ទី២៥ សីហា តាម​ក្រោយ៕​

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម