កំពុង​គិត​ចង់​ទិញ​បាស (Speaker) មែនទេ?​ ចេះ​ប៉ុន្មាន​ស្នៀត​នេះ ដឹង​តែ​​ទិញហើយ​ពេញចិត្ត​ស្តូក​

  • 2017-08-22 23:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបករណ៍​បំពង​សំឡេង​ឬ​យើង​និយម​ហៅ​ថា Speaker ជា​ប្រភេទ​ឧបករណ៍​ម្យ៉ាង​ដែល​កំពុង​ពេញ​និយម​ខ្លាំង​សព្វថ្ងៃ។​ ក្រៅ​ពី​ការ​សម្លឹង​មើល​ទៅ​លើ​តម្លៃ Sabay ណែនាំ​ឲ្យ​ប្រិយមិត្ត​ស្វែងយល់​ពី​កត្តា ៥ យ៉ាង​ផ្សេង​ទៀត ដើម្បី​ជ្រើសរើស​ទិញ​ Speaker ឲ្យ​បាន​ត្រឹមត្រូវ។​

១.គុណភាព​សំឡេង

មិន​ខុស​ពី​ម្ហូប​អាហារ មនុស្ស​យើង​​តែង​មាន​ចំណង់​ខុសៗ​ពី​គ្នា ដោយ​ទោះ​បី​ដឹង​ថា​របស់​នោះ​ល្អ​ហើយ​ក្ដី។ គុណភាព​សំឡេង​ចេញ​ពី Speaker ក៏​ដូច​គ្នា។

បើ​ចង់​បាន​បាស​ល្អ​ ត្រូវ​ចំណាយ​ពេល​រាង​យូរ​បន្តិច​តេស្ត​ស្ដាប់​។ តើ​គុណភាព​សំឡេង​បែប​ហ្នឹង​ត្រូវ​ចិត្ត​អ្នក​ឬ​អត់? សំឡេង​មាន​បែក​ឬ​​ទេ? ចំណុច​នេះ​គឺ​ផ្អែក​សំខាន់​លើ​ចំណង់​ចំណូល​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ។

២.ប្រភេទ​នៃ Speaker

កន្លង​ទៅ Sabay បាន​ណែនាំ​ឲ្យ​​ស្គាល់​​ប្រភេទ​​ Speaker ផ្សេងៗ។ បើ​អ្នក​គ្រាន់​តែ​ទិញ​ទុក​ស្ដាប់​កម្សាន្ត​ធម្មតា ត្រូវ​យក​ទៅ​សាលា​ឬ​កន្លែង​ផ្សេងៗ ​គួរ​ជ្រើសរើស​​ប្រភេទ​ Portable Speaker ដែល​យើង​និយម​ហៅ​ថា​ កូន​បាស​តូចៗ។​ តែ​បើ​ចង់​រៀប​ចំ​ជា​គ្រឿង​បរិក្ខារ​ក្នុង​គេហដ្ឋាន​ឲ្យ​បាន​ស្រស់​ស្អាត អាច​ជ្រើសរើស​ប្រភេទ​ Floorstanding Speaker សម្រាប់​ផ្ទះ​មាន​ទំហំ​ធំ និង​Boookshelf Speaker សម្រាប់​ផ្ទះ​មាន​ទំហំ​តូច​ជាដើម។

៣.ប្រវែង​និង​ចំនួន​ត​ភ្ជាប់

ពិត​ណាស់​ Speaker ថ្លៃ​បច្ចុប្បន្ន រមែង​ភ្ជាប់​បច្ចេកវិទ្យា​ទំនើបៗ​ដូច​ជា ការ​ត​ភ្ជាប់​ប្រព័ន្ធ Wireless/Bluetooth ដែល​យើង​អាច​ចាក់​បទ​ចម្រៀង​ឆ្លង​ពី​ឧបករណ៍​មួយ​ទៅ​ឧបករណ៍​មួយ​ទៀត​បាន។ ​ត្រូវ​ជ្រើសរើស​ប្រភេទ Speaker ណា​ដែល​គាំទ្រ​ចម្ងាយ​ឆ្ងាយ​នៃ​ការ​ត​ភ្ជាប់ ហើយ​អាច​ត​ភ្ជាប់​ជាមួយ​ឧបករណ៍​ដទៃ​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ។ (ឧទាហរណ៍: Speaker ខ្លះ អាច Connect ជាមួយ​ស្មាតហ្វូន ២ ទៅ ៣ គ្រឿង​ក្នុង​ពេល​តែ​មួយ ហើយ​ប្រវែង​ភ្ជាប់​ឆ្ងាយ​បំផុត​ ៣០ ម៉ែត្រ)

៤.ថាមពល​ថ្ម​និង​មុខងារ​សាក​ថ្ម

​ស្វែង​យល់​ពី Speaker នោះ តើ​ទំហំ​ថាមពល​ថ្ម​អាច​ប្រើប្រាស់​បាន​រយៈ​ពេល​ប៉ុន្មាន​ម៉ោង? សាក​បញ្ចូល​មួយ​ពេញ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ម៉ោង? អ្វី​ដែល​ពិសេស​បច្ចុប្បន្ន Speaker ទំនើប​ខ្លះ​មាន​មុខងារ​សាក​ថ្ម​បញ្ជូន​ទៅ​ស្មាតហ្វូន​បាន​ទៀត ដែល​វា​អាច​ដើរ​តួ​ជំនួស Powerbank ថែម​ទៀត​ផង។

៥.ភាព​ធន់

ត្រូវ​មើល​តួ​ខ្លួន​ឬ​សំបក​នៃ Speaker ជា​ប្រភេទ​ជ័រ​អ្វី ដែល​យើង​អាច​សន្មត​ថា​ធន់​បាន​កម្រិត​ណា? លើស​ពី​នោះ​គឺ​មុខងារ​មិន​ជ្រាប​ទឹក​ឬ​ធន់​នឹង​ទឹក ដោយ​ Speaker ខ្លះតម្លៃ​ថ្លៃ ប៉ុន្តែ​បើ​យើង​មិន​បាន​សួរ​នាំ​ច្បាស់​លាស់ វា​មិន​មាន​មុខងារ​ការពារការ​ជ្រាប​​ទឹក​នោះ​ ​បើ​ចូល​ទឹក​បន្តិច​គឺ​ខូច​តែ​ម្ដង។

ការ​ណែនាំ​ប៉ុណ្ណឹង​ គ្រប់គ្រាន់សម្រាប់ប្រិយមិត្ត​អាច​ពិចារណា​បានហើយ! បើនៅ​មាន​ចម្ងល់អី​អាច​សាកសួរ​បន្ថែម​បាន៕

ប្រភព៖ lifewire | digit   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី