ចាប់ខ្លួនវេជ្ជបណ្ឌិតវៀតណាមច្រើនរូប ក្រោយ​ចេញ​ថ្នាំមហារីក​ក្លែងក្លាយឲ្យអ្នកជំងឺ

  • 2017-08-23 06:50:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​វេជ្ជបណ្ឌិត​វៀតណាម​ជា​ច្រើន​នាក់​នៅ​តាម​មន្ទីរពេទ្យ​ផ្សេង​ៗ​គ្នា ត្រូវ​បាន​ចោទ​​ប្រកាន់​​ពី​បទ​ទទួល​សំណូក​ពី​ក្រុមហ៊ុន​លក់​ថ្នាំ​ឯក​ជន​មួយ​​នៅ​ទីក្រុង​ហូជីមិញ ដើម្បី​ចេញ​វេជ្ជបញ្ជា​ឲ្យ​ថ្នាំ​​ព្យាបាល​ជំងឺ​មហារីក​ក្លែងក្លាយ​ទៅ​អ្នក​ជំងឺ។

ឈ្មោះ​វេជ្ជបណ្ឌិត និង​មន្ទីរពេទ្យ​របស់​ពួក​គេ មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ​ ប៉ុន្តែ​តុលាការ​ ហូជីមិញ​​ បាន​បើក​សវនាការ​ថា ​យ៉ាង​ហោច​ណាស់​​ទឹក​ប្រាក់​ ៧,៥​ទ្រីលាន​ដុង ឬ​ប្រមាណ ៣៣​ម៉ឺន​ដុល្លារ ​បាន​ប្រគល់​ឲ្យ​​ក្រុម​វេជ្ជបណ្ឌិត​ខាង​លើ។

ការ​បង្ហើប​ឲ្យ​ដឹង​ធ្វើ​ឡើង ចំ​ពេល​​សវនាការ​អតីត​នាយក​ប្រតិបត្តិ និង​បុគ្គលិក​ក្រុម​ហ៊ុន VN Pharma ដែល​ចោទ​ប្រកាន់​ថា​ បាន​ក្លែង​បន្លំ​លិខិត​ស្នាម​នាំ​ចូល​ថ្នាំ​មហារីក​ក្លែង​ក្លាយ​ពី​ប្រទេស​កាណាដា ចូល​វៀតណាម។ សវនាការ​បាន​ប្រព្រឹត្តិ​ទៅ​កាល​ពី​ថ្ងៃ​ច័ន្ទ។

ព្រះរាជអាជ្ញា​អះអាង​ថា សំណុំ​រឿង VN Pharma ត្រូវ​បាន​រក​ឃើញ​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៤ ​បន្ទាប់​ពី​​ក្រសួង​សុខាភិបាល​​បាន​ស្នើ​ប៉ូលិស​ឲ្យ​បញ្ជាក់​ពី​ប្រភព​ថ្នាំ​ព្យាបាល​មហារីក H-Capita ដែល​ក្រុមហ៊ុន​នេះ​បាន​នាំ​ចូល​តាំង​ពី​ឆ្នាំ ២០១៣។ កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៤ VN Pharma បាន​ឈ្នះ​​កិច្ច​​សន្យា​ពី​នាយកដ្ឋាន​សុខាភិបាល​ទីក្រុង​ហូជីមិញ ក្នុង​ការ​ចែកចាយ​ថ្នាំ​មហារីក។

ក្រុមហ៊ុន​បាន​អះអាង​ថា ថ្នាំ​មហារីក​នេះ​ផលិត​ដោយ​ក្រុមហ៊ុន Helix Pharmaceuticals Inc. នៅ​ប្រទេស​កាណាដា ប៉ុន្តែ​ក្រោយ​មក​​ប៉ូលិស​រក​ឃើញ​ថា​​ ក្រុមហ៊ុន​នេះ​មិន​មាន​ឡើយ​។

ចំណែក CEO របស់ VN Pharma លោក Hung ​ក៏​ត្រូវ​​ចោទ​ប្រកាន់​​ថា បាន​ណែនាំ​ឲ្យ​បុគ្គលិក​ក្លែង​បន្លំ​ឯកសារ និង​ហត្ថលេខា​ពី​ក្រុមហ៊ុន​ឱសថ Helix ប្រទេស​កាណាដា។ លោក Hung ​និង​មនុស្ស​ ៦នាក់​ទៀត ត្រូវ​បាន​ចោទ​ប្រកាន់។ ព្រះរាជ​អាជ្ញា​បាន​ស្នើ​​ឲ្យ​កាត់​ទោស​លោក Hung ចន្លោះ​ពី ១០ ទៅ ១២​ឆ្នាំ​។ ឯ​​មន្ត្រី​សុខាភិបាល​បាន​ពិសោធន៍​មើល​ឱសថ​ទាំង​នោះ​រួច​អះអាង​ថា ច្រើន​​ជាង ៩៧% មិន​អាច​ប្រើ​ប្រាស់​ជាមួយ​មនុស្ស​ជា​ដាច់ខាត៕

ចុចអាន៖

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម