កវី​និពន្ធ​១២​រូប ដែល​ទទួល​បាន​ការ​គាំទ្រ​ តែ​មិន​សូវ​បង្ហាញ​មុខ​ជា​សាធារណៈ

  • 2017-08-25 04:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បៈ​ចម្រៀង​ខ្មែរ​សព្វ​ថ្ងៃ កំពុង​តែ​រីក​ចម្រើន​លំដាប់​​ ដោយ​មាន​អ្នក​និពន្ធ​ និង​តារា​ចម្រៀង​ជា​ច្រើន​រួម​គ្នា​​ផលិត​បទ​ថ្មីៗ​ ដើម្បី​ជា​ចំណី​អារម្មណ៍​ចែក​ជូន​ដល់អ្នក​ស្ដាប់​។ ពិត​ណាស់ ទម្រាំ​តែ​ចម្រៀង​មួយ​បទ​អាច​លេចចេញ​ជា​រូប​រាង​បាន​​ គឺ​ត្រូវ​មាន​ការ​សហការ​ដោយ​អ្នក​ចម្រៀង តន្រ្តីករ កវីនិពន្ធ និង​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត។ ថ្ងៃ​នេះ​ Sabay នឹង​បង្ហាញ​​​កវី​វ័យ​ក្មេង​ចំនួន​ ១២ រូប​ដែល​ស្នាដៃ​របស់​ពួក​គេ​ទទួល​បាន​ការ​អារម្មណ៍​ខ្លាំង​ តែ​មិន​សូវ​បាន​បង្ហាញ​មុខ​ជា​សាធារណៈ។

១ សោម ដូរ៉េ៖ លោក​មាន​ស្នាដៃ​ជា​ច្រើន​ក្នុង​វិស័យ​តែង​និពន្ធ​តែ​ចម្រៀង​២​បទ​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជាង​គេ​គឺ​បទ​ "សង្សាលេងៗ" ច្រៀង​ដោយ​ ណុប បាយ៉ារិទ្ធ និង "លើ​លោក​នេះ​ខ្ញុំ​ស្រឡាញ់​ម៉ាក់​ជាង​គេ" ច្រៀង​ដោយ​ មាស សុខសោភា។

២ ម៉ម ពេជ្ជរិទ្ធ៖ ត្បិត​តែ​នៅ​វ័យ​ក្មេង​មែន​តែ​ ពេជ្ជរិទ្ធ មាន​ស្នាដៃ​ជា​ច្រើន​ក្នុង​វិស័យ​តែង​និពន្ធ​បទ​។ បទ​ចម្រៀង​ល្បីៗ​ស្ទើរ​ទាំង​អស់​របស់​ក្រុម "ក្មេងខ្មែរ" និង​ "SmallWorld SmallBand" សុទ្ធ​តែ​ត្រូវ​និពន្ធ​ឡើង​ដោយ​ស្នាដៃ​លោក​។

៣ ពេជ្រ សោភា៖ អ្នក​គាំទ្រ​វិស័យ​ចម្រៀង​ភាគ​ច្រើន​ស្គាល់​ សោភា ត្រឹម​តែ​ជា​អ្នក​ចម្រៀង​ប៉ុណ្ណោះ ប៉ុន្ដែ​រូប​នាង​ក៏​មាន​ស្នាដៃ​ជា​ច្រើន​ក្នុង​ការ​តែង​និពន្ធ​ដែរ​ ដោយ​មាន​ចម្រៀង​មួយ​ចំនួន​នាង​និពន្ធ​ច្រៀង​ខ្លួន​ឯង និង​មួយ​ចំនួន​ទៀត​ នាង​ផលិត​ឲ្យ​តារា​ចម្រៀង​ផ្សេង​ទៀត។ តួយ៉ាង​បទ​ "អូន​ទៅ​បាន​បើ​បង​ដេញ" របស់​ ឆន សុវណ្ណរាជ។

៤ Noly៖ អ្នក​ណាៗ​ក៏​ស្គាល់​ដែរ Noly Time ដែល​ជា​ម្ចាស់​បទ "អារម្មណ៍​ត្រូវ​ការ​អូន"។ មិន​ត្រឹម​តែ​និពន្ធ​សម្រាប់​ច្រៀង​ខ្លួន​ឯង​ទេ លោក​នៅ​មាន​ស្នាដៃ​ជា​ច្រើន​ទៀត​ក្នុង​ និង​ក្រៅ​ផលិតកម្ម​ ថោន។ ក្នុង​នោះ​បទ​ដែល​ត្រូវ​ទទួល​បាន​ការ​គាំទ្រ​គួរ​ឲ្យ​កត់​សម្គាល់​ គឺ "​ម្នាក់​ឯង​មិន​ស្លាប់​ទេ" ច្រៀង​​ដោយ មាស សុខសោភា។

៥ Tempo Tris៖ បទ​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​ "គ្រលែង" "នឹកបងទេ?” និង "Dance and Smile” ​ត្រូវ​បាន​ សរសេរ​ដោយ​កវី​វ័យ​ក្មេង​ Tempo។ លោក​គឺ​ជា​អតីត​អ្នក​ចម្រៀង​ក្នុង​ក្រុម Accord ហើយ​ពេល​នេះ​លោក​ជ្រក​ក្នុង​ផលិត​កម្ម​ថោន។

៦ ទ្រី សក្កដា៖ អ្នក​ចម្រៀង​បទ​តែង​និពន្ធ​ថ្មី​រូប​នេះ មាន​ស្នាដៃ​ជា​ច្រើន​ទាំង​ក្នុង​ និង​ក្រៅ​ផលិត​កម្ម​ហង្ស​មាស​។ ស្នាដៃ​ថ្មីៗ ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​បទ​ "​ឈប់" ច្រៀង​ដោយ រ៉េត ស៊ូហ្សាណា និង​ "អ្នក​មិន​អី​ទេ" ដោយ ឈិន រតនៈ។

៧ Bmo៖​ Bmo ដែល​ទើប​ទទួល​រង​រឿង​អាស្រូវ​ស្នេហា​ជា​មួយ​ យូរី មិនមែន​ត្រឹម​តែ​ជា​អ្នក​ចម្រៀង​ទេ លោក​ក៏​មាន​ទេពកោសល្យ​ផ្នែក​និពន្ធ​ផងដែរ។ បទ​ចុង​ក្រោយ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាង​គេ​នោះ គឺ​ "​Trust No Body” ច្រៀង​ដោយ​ យូរី។

៨ អ៊ីនូ៖ ណុប អ៊ីនូ ដែល​ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់​ តារា​ចម្រៀង​ នីកូ ក៏​ជា​អ្នក​មាន​ទេពកោសល្យ​មិន​ធម្មតា​​ខាង​ផ្នែក​តែង​និពន្ធ។ ស្នាដៃ​ជា​ច្រើន​របស់​លោក​បាន​ធ្វើ​ឲ្យ​​​កក្រើកដល់​វិស័យ​ចម្រៀង​ខ្មែរ។ ចម្រៀងចុង​ក្រោយ​របស់​លោក​ដែល​ទទួល​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នោះ​គឺ "មួយ​ម៉ាត់​បែក ពីរ​ម៉ាត់​បែក" ច្រៀង​ដោយ​ ឱក សុគន្ធកញ្ញា។ ​

៩ Eno៖ អ្នក​ណាៗ​ក៏​ស្គាល់​ដែរ តារា​ចម្រៀង​សំឡេង​ខ្ពស់​ប្រចាំ​ផលិតកម្ម សាន់ដេ Eno ។ ការ​ពិត​លោក​មាន​អាជីព​មួយ​ទៀត​ជា​អ្នក​និពន្ធ​ទំនុក​ចម្រៀង​ ដោយ​ប្រើ​ឈ្មោះ​ថា ម៉ៅឃ្លី។ ​

១០ Darex Wa៖ វ៉ា សុភាវឌ្ឍនា ឬ Darex Wa គឺ​ជា​អ្នក​កវី​មួយ​រូប​ប្រចាំ​ផលិត​កម្ម​ថោន ​ស្នាដៃ​​របស់​លោក​ទទួល​បាន​ការ​គាំទ្រ គឺបទ "យក្ខ" និង "ចប់ដោយរីករាយ" របស់ ឈិត សុវណ្ណបញ្ញា ​

១១ និង ១២ កៅ សុភា & YT៖ អ្នក​គាំទ្រ ពិសេស​យុវវ័យ​ភាគ​ច្រើន​ស្គាល់​អ្នក​ទាំង​២​ជា​អ្នក​ចម្រៀង​ ឬ Rapper តែ​ការពិត​អ្នក​ទាំង​២​បាន​រួម​គ្នា​ធ្វើ​ឲ្យ​បទ​មួយ​របស់​ អេដា កក្រើក​គឺ​បទ “I dont want you back”៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម