ភូមិតូចមួយជាប់ឈ្មោះជា ភូមិស្អាត និងមានអនាម័យបំផុតនៅអាស៊ី តែមិនសូវមានអ្នកស្គាល់

  • 2017-08-29 03:49:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិ​តូច​មួយ​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌា មិន​ត្រឹម​តែ​គេ​យក​ធ្វើ​ជា​គំរូ នៅ​ទូទាំង​ប្រទេស​នោះ​ទេ តែ​នៅ​ទូទាំង​តំបន់​អាស៊ី​ទាំងមូល​តែម្ដង។

ភូមិ​តូច​នោះ​មាន​ឈ្មោះ​ថា Mawlynnong មាន​ប្រជាពលរដ្ឋ​រស់​នៅ​ប្រហែល ៦០០ នាក់​ប៉ុណ្ណោះ ហើយ​វា​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា «សួនច្បារ​ព្រះ» និង «ភូមិ​ស្អាត​បំផុត​នៅ​អាស៊ី» ចាប់​តាំង​ពី​ឆ្នាំ​២០០៣ មក​ម្ល៉េះ។ នៅ​ឆ្នាំ ២០០៥ វា​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​រដ្ឋាភិបាល​ឥណ្ឌា ថា​ជា​ភូមិ​ស្អាត​មាន​អនាម័យ​បំផុត​នៅ​ក្នុង​ប្រទេស។

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ភូមិ Mawlynnong នៅ​តែ​បន្ត​ទទួល​បាន​ការ​សរសើរ ដោយសារ​តែ​មាន​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ថែរក្សា​អនាម័យ​របស់​ភូមិ។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ក្មេងៗ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បោស​សម្អាត​ដី និង​ស្លឹក​ឈើ​ដែល​បាន​ជ្រុះ ចេញ​ពី​ដង​ផ្លូវ​នានា ជា​រៀង​រាល់​ព្រឹក មុន​ពេល​ទៅ​សាលារៀន។ ស្លឹក​ឈើ​ដែល​បាន​ប្រមូល ត្រូវ​យក​ទៅ​ធ្វើ​ជា​ជី​កំប៉ុស។ ជាមួយ​គ្នា​នេះ​ដែរ ភូមិ​តូច​ខាង​លើ បាន​ហាម​ឃាត់​ការ​ជក់បារី និង​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ទៀត​ផង។

មិនតែប៉ុណ្ណោះ ស្ទើរ​តែ​ក្នុង​ភូមិ​ទាំង​មូល សុទ្ធ​តែ​ដំណើរការ​លើ​ថាមពល ដែល​ភាគច្រើន​គឺ​ជា ថាមពល​ពន្លឺ​ព្រះអាទិត្យ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួកគេ ចំពោះ​ការ​ថែរក្សា​បរិស្ថាន​យ៉ាង​ខ្លាំង។

យ៉ាងណាមិញ គេ​ជឿជាក់​ថា ភូមិ Mawlynnong ធ្លាប់​កើត​មាន​ជំងឺ​អាសន្នរោគ កាលពី ១៣០ ឆ្នាំមុន ទើប​បណ្ដាល​ឲ្យ​មាន​ការ​ខិតខំ​ប្រឹងប្រែង ថែរក្សា​អនាម័យ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទី​នោះ ដើម្បី​ទប់ស្កាត់​ការ​សាយភាយ​របស់​វា៕

ចុច​អាន៖

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី