ជុំ លីណូ ទើបរួចផុតពីស្លាប់ លាតត្រដាងប្រវត្តិ
- 2014-11-11 12:00:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជុំ លីណូ ទើបរួចផុតពីស្លាប់ លាតត្រដាងប្រវត្តិ
ចន្លោះមិនឃើញ
អ្នកតាមដានព័ត៌មានកម្សាន្តមួយចំនួនពិតជាបានដឹងរួចមកហើយថា លោក ជុំ លីណូ តារាចម្រៀងមានឈ្មោះល្បីល្បាញមួយរូបទើបរួចផុតពីសេចក្ដីស្លាប់។ រួចផុតពីការស្លាប់បន្ទាប់ពី ជុំ លីណូ បានជួបហេតុការណ៍ដ៏អាក្រក់នៃគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តសៀមរាប កាលពីសប្ដាហ៍មុននេះ។ នៅក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យស្ត្រីវ័យ ៥០ ឆ្នាំ ម្នាក់ម្នាក់បានស្លាប់ និង ម្នាក់ទៀតបានរងរបួស។
ក្រៅពីដំណឹងគ្រោះថ្នាក់ចរាចរណ៍របស់ ជុំ លីណូ ប្រិយមិត្តមួយចំនួនទំនងជានៅមិនទាន់ដឹងទេថា លីណូ មានដំណើរជីវិតតស៊ូធ្លាប់ធ្វើជាកម្មករសំណង់ អ្នកសំអាតតាមផ្ទះ និង ធាក់កង់លក់ពោត រូបនេះ បែបណាខ្លះនៅឡើយទេ។
ចង់ដឹងពីជីវប្រវត្តិសង្ខេបរបស់ លោក ជុំ លីណូ សូមប្រិយមិត្តអានអត្ថបទនៅខាងក្រោមនេះ៖
សូមចុចអាន៖ រំលឹកបួនបទសើចចុកពោះរបស់ ជុំ លីណូ
ឈ្មោះ | ថ្ងៃខៃឆ្នាំកំណើត | ទីកន្លែងកំណើត | ជនជាតិ | សញ្ជាតិ | កម្ពស់ | ទម្ងន់ |
ជុំ លីណូChum Lyno | 05 មេសា ១៩៨៥ | រលៀប្អៀរ កំពង់ឆ្នាំង | ខ្មែរ | ខ្មែរ | ១៦៩សង់ទីម៉ែត្រ | ៥៧គីឡូក្រាម |
ដូច្នេះនៅមុនជម្រាបជូនពីហេតុការណ៍គ្រោះថ្នាក់ចរាចណ៍របស់ ជុំ លីណូ នៅភូមិគោកស្នួល ឃុំ ខ្នាត ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី ០៦ ខែ វិច្ឆិកា កន្លងទៅនេះ Sabay សូមបង្ហាញពីប្រវត្តិគ្រួសារ. ការអប់រំ, និង ការបោះជំហានចូលសិល្បៈរបស់ លោក ជុំ លីណូ។
ប្រវត្តិគ្រួសារ
ជុំ លីណូ មានស្រុកកំណើតនៅភូមិចន្លោះរាម ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោក មានបងប្អូន ៧ នាក់ ប្រុស ៥ ស្រី ២។ លីណូជាកូនទីបួនក្នុងគ្រួសារ ដែលមានបងប្រុសទីមួយឈ្មោះ ជុំ បី បងប្រុសទីពីរ ជុំ មុំ បងស្រីទីបីឈ្មោះ ជុំ ស៊ីណេត ទីបួនរូបលោកផ្ទាល់ ជុំ លីណូ ទីប្រាំ ជុំ ស៊ីណែត ស្រី ទីប្រាំមួយ ជុំ សុធី ប្រុស និងទីប្រាំពីរ ជុំ វលក្ខណ៍ ប្រុស។ ក្នុងចំណោមបងប្អូនទាំងប្រាំពីរនាក់របស់ លីណូ បងទាំងបីមានគ្រួសារអស់ហើយ នៅសល់ប្អូនបីនាក់ទៀត ព្រមទាំងរូបលោកមិនទាន់មានគ្រួសារនៅឡើយទេ កំពុងបន្តការសិក្សា។ ជុំ លីណូ មានឪពុកឈ្មោះ មាស ម៉ៅ និង ម្ដាយឈ្មោះ វណ្ណ សា ជាកសិករ។
ផ្ទះរបស់ជុំ លីណូ នៅឯស្រុកកំណើត
កម្រិតការសិក្សា
ជុំ លីណូ ធ្លាប់ទទួលបានការសិក្សានៅកន្លែងជាច្រើនក្នុងខេត្តកំពង់ឆ្នាំង។ កាលពីនៅបឋមសិក្សាលោកធ្លាប់បានរៀននៅសាលាបឋមសិក្សា ស្មែត ក្នុងឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្រោយពីបញ្ចប់ការសិក្សានៅកម្រិតបឋមភូមិ អ្នកចម្រៀងរូបនេះបានចូលរៀនបន្តនៅអនុវិទ្យាល័យទីរួមខេត្ត កំពង់ឆ្នាំង។ បន្ទាប់មកទៀត លីណូបានប្ដូរទៅរៀននៅវិទ្យាល័យព្រះបាទសុរាម្រិតក្នុង។
វ័យ ២១ ឆ្នាំ លោក ទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិក្នុងនាឆ្នាំ ២០០៦។ ក្រោយពីបញ្ចប់ថ្នាក់បាក់ឌុបភ្លាម តារារូបនេះ មិនបានបន្តការសិក្សាឡើយ ដោយមកស្វែងរកការងារធ្វើនៅភ្នំពេញ ក្នុងន័យដើម្បីយកប្រាក់ដោះស្រាយជីវភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារទាំងមូល។
ការលំបាកក្នុងវ័យកុមារភាព
អ្នកចម្រៀងដែលរសាត់អណ្ដែតមកពីខេត្តកំពង់ឆ្នាំងរូបនេះធ្លាប់ហែល ឆ្លងការលំបាកគ្រប់បែបយ៉ាងតាំងពីការសិក្សាថ្នាក់បឋមរហូតដល់ វិទ្យាល័យ។ លីណូ និយាយថា “គ្រួសាររបស់ខ្ញុំមានការលំបាកណាស់ផ្នែកជីវភាពមិនមាន ទ្រព្យសម្បត្តិច្រើនដូចជាគ្រួសារដទៃឡើយ។ ក្រោយទំនេរពីការសិក្សាខ្ញុំតែងតែទៅបឹង ចងសន្ទូច ឬក៏ដាក់មងដើម្បីបានត្រីយកមកលក់គ្រាន់នឹងរួចថ្លៃការសិក្សា និងហូបចុកក្នុងគ្រួសារទាំងមូល”។
ជុំ លីណូ បានបន្តថា មធ្យោបាយក្នុងការធ្វើដំណើរទៅសាលា គឺដោយថ្មើរជើង ពុំមានកង់ ឬម៉ូតូជិះដូចជាសិស្សឯទៀតនោះទេ។ បើទោះជាជីវភាពជួបការលំបាកបែបណាក៏ដោយ គ្រួសារ ជុំ លីណូ មិនឲ្យលោកបោះបង់ការសិក្សាចោលនោះទេ ពោលគឺឲ្យរៀនសូត្រឲ្យបានជ្រៅជ្រះនឹងគេ យ៉ាងហោចណាស់ក៏ចប់ថ្នាក់ទីដប់ពីរដែរ។ មានពេលខ្លះលីណូត្រូវធាក់កង់លក់ត្រីតែម្នាក់ឯង ដោយពុំមានបងប្អូនរឺឪពុកម្ដាយទៅជាមួយនោះទេ។
អ្វីដែលជា ការលំបាកខ្លាំងចំពោះ ជុំ លីណូ គឺក្នុងពេលលោករៀននៅវិទ្យាល័យ។ លោកត្រូវធ្វើដំណើរទៅសាលាដោយថ្មើរជើង ក្នុងចំណាយ៥គីឡូម៉ែត្រ។ ការសិក្សាមិនបានជាប់លាប់ដូចជាសិស្សដទៃនោះទេ ព្រោះអ្នកចម្រៀងរូបនេះតែងតែនឹកឃើញដល់ការលំបាករបស់ក្រុម គ្រួសារច្រើនជាង។
លោកនិយាយថា”មានពេលខ្លះខ្ញុំត្រូវគេចពី ការសិក្សាមួយម៉ោងទៅពីម៉ោង ហើយឈប់មួយថ្ងៃក៏មានដែរ ដើម្បីទៅធ្វើការឲ្យគេយកប្រាក់មកដោះស្រាយជីវភាពគ្រួសារ។ ខ្ញុំទៅចាំនៅកំពង់ផែ គេឲ្យធ្វើអ្វីក៏ធ្វើដែរឲ្យតែបានប្រាក់មកជួយក្រុមគ្រួសារ។ បើទោះជាគេឲ្យ លើកត្រី ដាក់ចំណីឲ្យក្រពើ ឬមួយគង្វាលគោក៏ធ្វើដែរ។ មានពេលខ្លះទៀតគេឲ្យលុយតិចតួចធ្វើនេះធ្វើនោះក៏ធ្វើ និយាយទៅឲ្យតែបានប្រាក់”។ ក្រៅពីការងារទាំងអស់នេះលោក ធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនទៀត ដូចជាធ្វើសំណង់តាមអគារខ្ពស់ៗ ដូចជាវត្តអារាម និងផ្ទះសម្បែងផ្សេងៗ។
ក្រុមរាំរបស់ជុំលីណូ
ក្នុងពេលរៀននៅវិទ្យាល័យ ជុំ លីណូ ក៏ធ្លាប់ទទួលបានការបណ្ដុះបណ្ដាលខាងផ្នែកមិត្តអប់រំមិត្តរបស់ អង្គការឆេមនៅក្នុងឆ្នាំ ២០០៤ និងបន្តជារៀងរហូតមក ទើបតែបញ្ចប់ក្នុងពេលកន្លងទៅថ្មីៗនេះ។ ប្រការទទួលបានការអប់រំនេះហើយធ្វើឲ្យលោកកាន់តែមានការតស៊ូឡើង នៅក្នុងជីវិត ដោយយល់ថាការសិក្សាជារឿងមួយសំខាន់ ហើយការលំបាកប្រសិនណាបើមានការតស៊ូប្រាកដជាទទួលបានភាពជោគជ័យ។ ជុំ លីណូ មានក្ដីសង្ឃឹមថាថ្ងៃណាមួយរូបគេនឹងអាចគេចផុតពីភាពលំបាកទាំង ឡាយដែលកើតមានកន្លងមក។
ការតស៊ូមុនក្លាយទៅជាអ្នកចម្រៀង
ក្រោយ ពីបញ្ចប់ថ្នាក់វិទ្យាល័យក្នុងឆ្នាំ ២០០៦ លោក ជុំ លីណូ បានមកភ្នំពេញដោយរស់នៅជាមួយបងប្អូនជាញាតិមិត្តខាងម្ដាយ។ ប៉ុន្តែការរស់នៅភ្នំពេញនេះមិនមែនមកបន្តការសិក្សាឡើយ គឺមកស្វែងរកការងារធ្វើ ដើម្បីយកប្រាក់ជួយដល់ក្រុមគ្រួសារនៅឯស្រុកកំណើត។
លីណូ និយាយថា “ខ្ញុំរុញរទេះស៊ីឈ្នួលលក់អីវ៉ាន់ឲ្យគេតាមចិញ្ចើមថ្នល់ តាំងពីម៉ោង៣រសៀល រហូតដល់ម៉ោង១១យប់ទើបត្រឡប់មកផ្ទះវិញ។ មានពេលខ្លះទៀតអាចដល់ម៉ោង១២ ទៅម៉ោងមួយអធ្រាត្រក៏មានដែរ។ ព្រឹកឡើងត្រូវស៊ីឈ្នួលធ្វើការងារផ្ទះឲ្យគេ តាំងពី ជួតសម្អាតផ្ទះ បោកគក់សំលៀកបំពាក់ ដាំបាយ ធ្វើម្ហូប ពោលអ្វីក៏ខ្ញុំធ្វើដែរឲ្យតែបានប្រាក់”។
បើទោះបីជាមាន ការរវល់ការងារយ៉ាងណាក៏ដោយ ជុំ លីណូ នៅតែព្យាយាមដើម្បីសម្រេចបំណងរបស់គេចង់ក្លាយទៅជាអ្នកចម្រៀង ដោយទំនេរពីការស៊ីឈ្នួលឲ្យគេ លោកស្ដាប់បទចម្រៀង ខ្មែរ ថៃ ចិន ក្នុងន័យបានជាទុនខ្លះដើម្បីក្លាយទៅជាអ្នកចម្រៀង។ ការព្យាយាមជាហូរហែបានធ្វើឲ្យ ជុំ លីណូ ចេះសរសេរប៉ារ៉ូលបទចម្រៀងដោយខ្លួនឯងផ្ទាល់។ ក្រោយពីចេះសរសេរ និងចេះច្រៀងខ្លះៗ តារារូបនេះចាប់ផ្ដើមស្វែងរកStudio ដែលទទួលថតបទចម្រៀង។
លោកបានសង្កត់ធ្ងន់ថា ក្នុងពេលធាក់កង់លក់ពោតស្ងោរតាមដងផ្លូវលោកបានឃើញហាង Studio មួយ ក្នុងនោះគេថតមួយបទយកប្រាក់៥ ដុល្លារ។ ពេលនោះរូបគេបានសម្រេចចិត្តចូលថតដោយមានប្រាក់ក្នុងហោប៉ាវតែ ១០$តែប៉ុណ្ណោះ។ ជុំ លីណូ ទទួលបានការសរសើរពីម្ចាស់Studioចំពោះទឹកដមសំនៀងរបស់លោក។ ម្ចាស់ហាងបានសន្យាថានឹងជួយស្វែងរកការងារឲ្យធ្វើតាមផលិតកម្ម នានានៅភ្នំពេញ។ មិនបានមួយសប្ដាហ៍ផងក្រោយពីបានថតដាក់ស៊ីឌី ផលិតកម្មសាន់ដេបានទាក់ទងមករូបលោកដើម្បីច្រៀងឲ្យគេ។ លីណូ មានអារម្មណ៍សប្បាយរីករាយជាខ្លាំង ហើយគិតថាបំណងប្រាថ្នារបស់ខ្លួនតាំងពីតូចចង់ក្លាយទៅជាអ្នក ចម្រៀងបានមកដល់ហើយ។
លីណូ បានលើកឡើងថា បើទោះជាមិនទទួលបានប្រាក់កម្រៃយ៉ាងណាក្ដីឲ្យតែមានមុខក្នុងសិល្បៈ សិនក៏អស់ចិត្តដែរ។ ពេលនោះម្ចាស់ផលិតកម្មសាន់ដេបានកុងត្រាច្រៀងរយៈពេលបីឆ្នាំ។ ពេលច្រៀងដំបូងទទួលបានប្រាក់កម្រៃតែ១០ដុល្លារប៉ុណ្ណោះ ហើយក៏មិនទាន់មានការចាប់អារម្មណ៍ពីទស្សនិកជនដែរ។ តែក្រោយមកទៀតទើបទទួលបានការគាំទ្រពីមិត្តយុវវ័យតាមរយៈបទ ”ចុតហ្មាយប្រល័យស្នេហ៍” និងក្រោយៗមកទៀតមានបទ “អណ្ដាតម្ដាយអូន ព្រមឲ្យអូនការ អ្នកប៉ះកង់ចង់មានស្នេហ៍” និងបទចម្រៀងល្បីៗជាច្រើនទៀត។
ជំហានក្នុងវិថីសិល្បៈ
ជុំ លីណូ បានឈានចាប់អាជីពជាអ្នកសិល្បៈក្នុងឆ្នាំ ២០០៧។ មូលហេតុដែលនាំឲ្យលោកប្រឡូកចូលក្នុងសិល្បៈ ដោយសារតែចំណង់ចំណូលចិត្ត និងនិស្ស័យតាំងពីតូច។ លោកនិយាយថា “កាលពីខ្ញុំនៅតូច ពេលទៅរៀន ឬទៅគង្វាលគោ ខ្ញុំតែងច្រៀងបទចម្រៀងទាំងបុរាណ និងសម័យ ហើយតែងនឹកគិតថាថ្ងៃណាមួយនឹងអាចក្លាយទៅជាអ្នកសិល្បៈមួយរូប”។
ការ បោះជំហានបានត្រឹមកម្រិតនេះ ជាអ្វីដែលលោកប្រឹងប្រែងដោយខ្លួនឯងផ្ទាល់ មិនមានការជួយជ្រោមជ្រែងពីអ្នកណាម្នាក់ឡើយ។ សូម្បីតែក្រុមគ្រួសារពេលខ្លះចង់ឲ្យបោះបង់គំនិតចង់ក្លាយទៅជា អ្នកសិល្បៈហ្នឹងចោល ព្រោះថាជាកូនកសិករមិនអាចយកប្រៀបឈ្នះអ្នកទីក្រុងបានឡើយ។
“ម្ដាយ ខ្ញុំតែងឲ្យយោបល់ថា បើអាចធ្វើបានឈប់គិតពីរឿងចង់ក្លាយទៅជាអ្នកចម្រៀងនឹងចោលទៅ យើងអ្នកស្រែរូបរាងអាក្រក់ ណាមួយគ្មានស្គាល់អ្នកណាទៀតមិនអាចឈ្នះគេអ្នកស្អាតនៅតាមក្រុង បានឡើយ។ ខ្ញុំនៅតែជម្នះ ហើយប្រាប់ទៅគាត់វិញថា កុំបារម្ភម៉ែឲ្យតែខ្ញុំបានបង្ហាញសំឡេងឲ្យគេស្ដាប់ផ្ទាល់ គេពិតជាទទួលយកភ្លាម”។
មកទល់នឹងពេលនេះ ជុំ លីណូ បានសម្រេចទៅតាមអ្វីដែលគេចង់បានហើយ ប៉ុន្តែប្រការនៅមានការបារម្ភនោះរូបគេមិនទាន់មានការងារ ច្បាស់លាស់ ដើម្បីនិពន្ធចម្រៀងដូចជាតារាឯទៀត។ ទោះបីជាយ៉ាងណាក៏ដោយលោកនៅតែមានជំនឿលើខ្លួនឯងថា ថ្ងៃណាមួយពិតអាចក្លាយទៅជាអ្នកចម្រៀងទទួលបានការគាំទ្រច្រើន ពីទស្សនិកជន។
បទចម្រៀងកើតចេញពីស្នាដៃផ្ទាល់ខ្លួន
រយៈពេល បួនឆ្នាំនៃការចាប់អាជីពជាអ្នកចម្រៀង ជុំ លីណូ មានបទចម្រៀងនៅលើទីផ្សារប្រមាណជា៥០ ទៅ៦០ ក្នុងនោះបទចម្រៀងកើតចេញពីស្នាដៃផ្ទាល់ខ្លួនមានបទ “អ្នកប៉ះកង់ចង់មានស្នេហ៍” “ឆ្នាំថ្មីយើងរាំចង្វាក់ថ្មី” និងបទ”ធ្វើចិត្តឲ្យចិត្តឲ្យសប្បាយ”។
បទចម្រៀងទទួលបានការគាំទ្រពីទស្សនិកជន
ជុំ លីណូ ចាប់ផ្ដើមមានមុខក្នុងសិល្បៈ និងទទួលបានសំឡេងគាំទ្រពីមិត្តយុវវ័យ និងទស្សនិកជនក្នុងឆ្នាំ២០០៨។ ក្នុងនោះបទចម្រៀងល្បីមានដូចជា ហ៊ានស្រលាញ់មិនហ៊ានសារភាព អណ្ដាតម្ដាយអូន ព្រមឲ្យអូនការ ដល់ក្រុងលង់ស្នេហ៍ ធ្វើចិត្តឲ្យសប្បាយ អ្នកប៉ះកង់ចង់មានស្នេហ៍ ឆ្នាំថ្មីយើងរាំចង្វាក់ថ្មី ចុតហ្មាយប្រល័យស្នេហ៍ និងបទចម្រៀងជាច្រើនទៀត។
ការសម្រេចចិត្តចាកចេញពីទ្រនំចាស់ សាន់ដេ ទៅកាន់ទ្រនំថ្មី Diamond Music
បន្ទាប់ពីរួមរស់ជាមួយផលិតកម្មសាន់ដេ អស់រយៈពេល ៦ ឆ្នាំ តារាចម្រៀងដែលនិយមស្ទិលរាំតាមតារាចម្រៀងប៉ុប លោក ម៉ៃឃើល ចេកសាន់ គឺលោក ជុំ លីណូ បានក្លាយជាសមាជិកពេញសិទ្ធិរបស់ផលិតកម្មដែលទើបបង្កើតថ្មីមានឈ្មោះថា “ ដាយមេនម្ញូហ្សិក ” (Diamond Music) កាលពីអំឡុងខែ កុម្ភៈ ឆ្នាំ ២០១៤។
ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន លោក ជុំ លីណូ បានប្រកាសប្រាប់អ្នកសារព័ត៌មានថា ការណ៍ដែលលោកសម្រេចចិត្តហក់ចូលមកជ្រកក្នុងផលិតកម្ម Diamond Music គឺមិនមែនដោយសារលោកអស់ជម្រើសនោះទេ គឺដោយសារតែលោកសំឡឹងឃើញពីការផ្ដល់ ឱកាសច្រើនរបស់ផលិតកម្មថ្មីនេះ។
គោលបំណងទៅអនាគត
លោក ជុំ លីណូ ទៅថ្ងៃមុខចង់ពង្រីកអាជីពចម្រៀងរបស់ខ្លួនតាមរយៈការបង្កើតក្រុមរាំថ្មី រកអ្វី ថ្មី និងប្លែកដើម្បីឲ្យទស្សនិកជនចាប់អារម្មណ៍។ ក្នុងនោះដែរលោកត្រៀមហាត់ក្បាច់រាំដោយដកស្រង់យកក្បាច់គុន ល្បុក្កតោខ្មែរមកធ្វើជាក្បាច់ដើម្បីមើលទៅឲ្យប្លែក។ លោកនិយាយថាប្រសិនណាបើទៅថ្ងៃមុខអាជីពចម្រៀងអត់ដំណើរការណ៍ លោកមានគម្រោងបើកអាជីវកម្មរកស៊ីផ្ទាល់ខ្លួនមួយ។ ប៉ុន្តែលោកមិនបានប្រាប់ថាអាជីវកម្មនោះជាអ្វីនៅឡើយ។
ចំពោះ បញ្ហាគូស្រករ តារារូបនេះមិនប្រាប់ឲ្យដឹងថា ត្រូវយកនៅឆ្នាំណាឡើយ។ ដោយគ្រាន់តែបញ្ជាក់ថា រឿងគូរអនាគតមិនរើសអើងពណ៌សម្បុរមានក្រនោះទេ សំខាន់ឲ្យតែមានចិត្ត មានចំណេះដឹងសមរម្យ ចេះស្គាល់ខុសស្គាល់ត្រូវគោរពចាស់ទុំឪពុកម្ដាយប្រសើរណាស់ទៅហើយ។
លីណូ ប្រាប់ទៀតថាគូរអនាគតជាអ្នកសិល្បៈ លោកអត់ចង់បានទេ ព្រោះអីអារម្មណ៍ចាប់តាំងពីចូលសិល្បៈដំបូងមកម៉្លេះ។ លោកលើកឡើងថា “ការមិនស្រលាញ់អ្នកសិល្បៈមិនមែនមានន័យថា ខ្ញុំស្អប់អ្នកសិល្បៈ នោះទេ គឺខ្ញុំចង់បានអ្នកដែលធ្វើការនៅតាមក្រុមហ៊ុនមានចំណេះដឹងសមរម្យ”។
ថ្មីៗនេះ ជុំ លីណូ ជួបហេតុគ្រោះថ្នាក់ចរាចរណ៍
កាលពីថ្ងៃទី ៦ ខែ វិច្ឆិកា ២០១៦ វេលាម៉ោង ប្រមាណជា ៦ៈ៣០ នាទី លោក ជុំ លីណូ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅម្ដុំភូមិ គោកស្នួល ឃុំ ខ្នាត ស្រុក ពួក ខេត្ត សៀមរាប។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គឺ លោក ជុំ លីណូ បានរួចផុតពីសេចក្ដីស្លាប់ ប៉ុន្ដែ ស្រីម្នាក់វ័យប្រហែល ៥០ ឆ្នាំ បានស្លាប់ និង ស្ត្រីម្នាក់ទៀតរងរបួសធ្ងន់។
លោក ជុំ លីណូ បានប្រាប់ Sabay តាមទូរសព្ទថា នៅថ្ងៃកើតហេតុលោកបានធ្វើដំណើរ ត្រឡប់មកពីច្រៀង ក្នុងខេត្ត ព្រះវិហារ ឆ្លងកាត់ខេត្ត សៀមរាម ក្នុងបំណងមកផ្ទះរបស់លោក ស្ថិត ក្នុង ខេត្ត កំពង់ឆ្នាំ។ ពេលធ្វើដំណើរ មកដល់ចំណុចខាងលើ ក៏ជួបគ្រោះថ្នាក់តែម្ដង។
តារាចម្រៀងរូបនេះ បានបន្តឲ្យដឹងថា ពេលធ្វើដំណើរនោះលោកមានគ្នា ៣ នាក់ ក្នុងនោះមានក្មេងប្រុសដែលតែងតែដើរតាមលោកម្នាក់ និង បងប្រុសជីដូនមួយជាអ្នកបើកបរឡានឲ្យលោក។ ពេលជួបគ្រោះថ្នាក់ លោកមិនបានដឹងហេតុការណ៍មុនឡើយ ព្រោះលោកបានដេកលក់ ពេលដឹងខ្លួនឡើង គឺ លោក នៅក្នុងទឹកតែម្ដង។
ជុំ លីណូ បន្ថែមថា គ្នារបស់លោកទាំង ៣ នាក់មិនមានរបួសធ្ងន់ធ្ងរទេ ប៉ុន្តែមានស្ត្រីវ័យប្រហែល ៥០ ឆ្នាំ បានស្លាប់ ចំណែកក្មេងស្រីវ័យខ្ទង់ ១៨ ឆ្នាំ ដែលត្រូវកូនសព ហើយជាអ្នកបើកបរម៉ូតូបានរបួសធ្ងន់។
ភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ អាជ្ញាធរ បានយកម៉ូតូ C125 ស៊េរីឆ្នាំ ២០១៣ និង រថយន្តស្ព័រ ម៉ាក Celica ពណ៌ទឹកប្រាក់ស្លាកលេខ ភ្នំពេញ 2W-1055 របស់ជុំលីណូ ទៅរក្សាទុកនៅសាលាស្រុកពួក ដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធី។ ទន្ទឹមនឹងនេះ បងប្រុសជីដូនមួយរបស់លោកក៏ត្រូវបានឃាត់ឃ្លាន ឯ លីណូ និង ក្មេងម្នាក់ឧស្សាហ៍ដើរតាមមិនត្រូវបានអាជ្ញាធរឃាត់ខ្លួននោះទេ។
យោងតាមសេចក្ដីរាយការណ៍ពីបណ្ដាញសារព័ត៌មានចុងក្រោយពីបណ្ដាញសារព័ត៌មានបានរាយការណ៍ឲ្យដឹងថា ភាគីជនរងគ្រោះ (គ្រួសារសព) បានទារសំណងបីម៉ឺនដុល្លារ ប៉ុន្ដែ កំពុងស្ថិតនៅក្នុងដំណាក់កាលសម្របសម្រួល ហើយលីណូ បាននិយាយប្រាប់កាសែតក្នុងស្រុកថា លោកអាចមានលទ្ធភាពត្រឹមតែ ៦-៧ ពាន់ដុល្លារសហរដ្ឋអាមេរិក។
បន្ទាប់ពីហេតុការណ៍បានកើតឡើង លោក ជុំ លីណូ បានសម្ដែងការសោកស្តាយជាទីបំផុត ហើយរូបលោក ក៏មិនបាន គេចវេសមិន ដោះស្រាយដូច ជាពាក្យចចាមអារាមមួយ ចំនួនដែលបានលើកឡើយ។ ផ្ទុយទៅវិញលោក បានចេញមុខធ្វើការ ដោះស្រាយ ជាមួយភាគីជនរងគ្រោះ ដោយស្មារតី យោគយល់គ្នា និង តាមនីតិវិធីច្បាប់ ហើយរូបលោក និង ក្រុមគ្រួសារក៏បាន នាំគ្នាទៅចូលរួម បុណ្យសពជន រងគ្រោះផងដែរ៕
សូមចុចអាន៖ រូបភាពបន្ថែមពីករណី ជុំ លីណូ ជួបគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ
អត្ថបទៈ អ៊ីង សុឡា