អ្វី​ជា​អត្ថន័យ​នៃការបោះ​បាយបិណ្ឌ?

  • 2017-09-06 03:09:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ជា​ថ្ងៃ​បិណ្ឌ​ទី​១ ហើយ​ព្រឹក​មិញ​ក៏​មាន​ប្រ​ជាពល​រដ្ឋ​ខ្មែរ​ដែល​ជាពុទ្ធបរិស័ទ​ជាពិសេស​យុវវ័យ​បាន​ទៅ​បោះ​បាយ​បិណ្ឌ​នៅ​តាម​ទី​វត្ត​អារាម​នានា​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ទៅ​តាម​ជំនឿ​របស់​ពួក​គាត់​។ ជាមួយ​នឹង​មាន​ការ​ចូល​រួម​ពី​ប្រ​ជា​ពុទ្ធបរិស័ទ​ក្នុង​ការ​បោះ​បាយ​បិណ្ឌ​នេះ​ក៏​មាន​ដែរ​នូវ​មតិ​មួយ​ចំនួន​ដែល​ថា​ការ​ធ្វើ​ដូច​នេះ​នាំ​ឲ្យ​ខាត​ប្រ​យោជន៍​ផ្នែក​សេដ្ឋកិច្ច​ទៅ​វិញ​ទេ ដោយ​ហេតុថា​​បាយ​ជា​ច្រើនត្រូវគេយក​​ទៅ​បោះ​ចោល​។

​​យ៉ាង​ណាមិញ ថ្ងៃ​នេះ Sabay សូម​លើក​យក​ការ​ពន្យល់​របស់​ព្រះ​ភិក្ខុ វ៉ង់ សុភស្ត ដែល​ជា​សាស្រ្តា​ចារ្យ​ផ្នែក​ទស្សនវិជ្ជានៃ​ពុទ្ធិកសាលកវិទ្យា​ព្រះ​សីហនុរាជ​មក​ពន្យល់​ពី​ការបោះ​បាយ​បិណ្ឌ​នេះ។​

ព្រះ​អង្គរៀប​រាប់​ថា ក្នុង​សម័យ​ពុទ្ធកាល​មិន​មាន​ការ​បោះ​បាយ​បិណ្ឌនោះ​ទេ ហើយ​ថា​ការ​បោះ​បាយ​បិណ្ឌ​នេះ​ជា​ជំនឿ​របស់​ខ្មែរ​យើង និង​ចាប់​ផ្តើម​មាន​ជា​ផ្លូវ​ការនៅ​ឆ្នាំ​១៩៤៨ ​​ក្នុង​រាជព្រះ​បាទ​អង្គឌួង។ ព្រះ​អង្គ​មាន​សង្ឃ​ដីកា​បន្ត​ថា​ ការ​បោះ​បាយ​បិណ្ឌ​នេះ​កើត​មាន​ឡើង​ដោយ​សារពុទ្ធបរិស័ទ​ជឿថានៅ​ក្នុង​រយៈពេល​១៥​ថ្ងៃ​នៃ​ថ្ងៃ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ យមបាល​ដោះ​លែងពពួក​ប្រែត​ជា​ញាតិ ឪពុក​ម្តាយ ដែល​បាន​ស្លាប់​ទៅ​ក្នុង​ហេតុ​ចៃដន្យ​ណាមួយ​មាន​បាប​កើត​ក្នុងឋាន​នរក​ឲ្យ​មក​រក​កូន​ចៅ​បង​ប្អូន។

(ព្រះ​ភិក្ខុ វ៉ង់ សុភស្ត កំពុង​ពន្យល់​អំពី​អត្ថន័យ​ការ​បោះ​បាយ​បិណ្ឌ)

ត្រង់​ចំណុចនិយាយ​អំពីប្រែត​នេះ ព្រះ​អង្គពន្យល់​ថាក្នុង​គម្ពី​ព្រះ​ពុទ្ធ​សាសនា​បាន​សម្តែងអំពី​កំណើត​ក្នុងអបាយភូមិ កន្លែង​ដែលមិនរីក​ចម្រើន ឬមិនអាច​សាងនូវ​វប្បធម៌បាន ក្នុង​នោះមានកំណើត​នរក ប្រែត អសុរកាយ និង​កំណើត​សត្វតិរច្ឆាន។ ព្រះ​អង្គបន្ត​ថា​មាន​តែ​កំណើត​សត្វ​តិរច្ឆាន​ទេ​ដែល​គេ​អាច​មើល​ឃើញ ហើយ​កំណើត​បី​ទៀតមិន​អាច​មើល​ឃើញ​នោះទេ។

ងាយ​មក​រឿង​បោះបាយ​បិណ្ឌ​ឯនេះ​វិញ​ព្រះ​អង្គ​ពន្យល់ថា​ការ​បោះ​បាយ​​បិណ្ឌ​ពិត​ជា​ខាត​ប្រ​យោជន៍​ផ្នែក​សេដ្ឋកិច្ច​ប្រាកដ​មែន​បើ​សិន​ជាអ្នក​ទៅបោះ​បាយ​បិណ្ឌនោះ​មិន​យល់​អត្ថន័យ​របស់​ពិធី​នេះ។ ព្រះ​អង្គបន្តថា ការ​បោះ​បាយ​បិណ្ឌ​ជាការ​ប្រមូល​ពុទ្ធបរិស័ទ ពិសេស​យុវជន​ឲ្យ​ចូល​មក​វត្ត​ដើម្បី​ស្តាប់ព្រះ​ធម៌ និង​ការ​ទូន្មាន​អប់រំ​របស់​ព្រះសង្ឃ ឲ្យ​យុវជន​ទាំងនេះប្រ​ព្រឹត្តនូវ​អំពើ​ល្អ និង​ប្រាសចាស​នូវ​អំពើ​អាក្រក់​នានា។

(យុវជន​កំពុង​ស្តាប់ការ​ទូន្មាន​របស់​ព្រះ​សង្ឃ)

ព្រះ​អង្គមាន​សង្ឃដីកាបន្ថែមៈ «ជាការពិត​ហើយ​បើ​កាល​ណា​យើង​យក​បាយ​ទៅ​បោះ​ពាស​វាល​ពាស​កាល វាធ្វើឲ្យ​ខាត​ផ្នែក​សេដ្ឋកិច្ច​មែន... ប៉ុន្តែ​បើ​ការណ៍​​ខ្លះ​យើង​មិន​បោះ​ទុន មិន​ចំណាយ​ខ្លះ​ក៏​វា​អត់​បាន​ប្រ​យោជន៍​មក​វិញ...អាត្មា​គិត​ថា​ដូន​តា​យើង​បង្កើត​ពិធី​ហ្នឹង​ឡើង​ដើម្បី​ប្រមូល​មនុស្ស​ឲ្យ​ចូល​វត្ត​...ថ្វាយ​បង្គុំព្រះ សុំ​សីល ហើយ​ស្តាប់​ឱវាទ​ព្រះ​សង្ឃ»។​

ព្រះអង្គ​ពន្យល់ទៀតថាៈ «ព្រះ​សង្ឃឲ្យ​ឱវាទកុំ​ឲ្យ​ប្រ​ព្រឹត្តនូវ​អបាយមុខ​ល្បែង​ ស្រី ស្រា ល្បែង​ស៊ី​សង​គ្រប់​ប្រ​ភេទ...​ណែនាំពី​តួនាទី​ក្នុងនាម​ជាកូន​ប្រុស​ស្រី ត្រូវ​មាន​តួនាទី​យ៉ាងម៉េច​ ជាសិស្ស​មាន​តួនាទី​យ៉ាងណា...ឲ្យ​ប្រតិបត្តិ​ខ្លួនឲ្យ​ត្រឹម​ត្រូវ​ជា​កូន​កតញ្ញូ លោក​អប់​រំ​ទាក់ទង​នឹង​សីល​ធម៌​សង្គម»។

(យុវជន​កំពុង​បួងសួង​មុន​ចេញ​បោះ​បាយ​បិណ្ឌ)

ទោះ​យ៉ាងណា​ព្រះអង្គពន្យល់​ដែរ​ថា​បើ​កាលណា​មនុស្ស​គ្រប់គ្នា​យល់​ដឹង និង​ប្រ​កាន់​ខ្ជាប់​នូវសីល​ធម៌ ការ​រស់នៅ​ប្រ​កប​ដោយ​ធម៌ហើយ​នោះ​មិន​ចាំ​បាច់ទៅ​បោះបាយ​បិណ្ឌ​ក៏បាន។ «​សម្រាប់​ប្អូន​ៗ​ដែល​មិន​ទាន់​យល់​ដឹង​ធម៌អារ្យ​ណា មក​វត្ត​បាន​ស្តាប់​ធម៌ដែរ អាហ្នឹង​អាត្មា​និយាយ​ដដែលៗ...តែ​បើ​យល់​ហើយ​មិន​ចាំ​បាច់​មក​បោះ​ទេ​យក​មក​ប្រ​គេន​លោក ឬក៏​ដាក់ទាន​ដល់​អ្នក​ក្រីក្រ​តែ​ម្តង​ទៅក៏បាន​»។ ព្រះ​អង្គ​បន្ថែម៕

អត្ថបទ៖ ទូច សុខា