ចប់! អាមេរិកដកក្រុមហ៊ុននាំចេញចំណីអាហារ​វៀតណាម​ជាង ១០០០ ព្រោះ​ហេតុផលនេះ

  • 2017-09-06 08:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​នាំចេញ​វៀតណាម​ជាង ១ ០០០ ត្រូវ​បាន​ដក​ចេញ​​ពី​បញ្ជី​នាំ​ចូល​របស់​អាមេរិក​ហើយ បន្ទាប់​ពី​​បរាជ័យ​​ក្នុង​ការ​ចុះ​បញ្ជី។ ​ក្រុមហ៊ុន​ទាំង​នោះ​ភាគ​ច្រើន​ទំនង​ជា​មិន​បាន​ដឹង​អំពី​ច្បាប់​រឹត​បន្តឹង​ថ្មី​របស់​អាមេរិក។

យោង​ទៅ​តាម​ប្រធាន​ក្រុមហ៊ុន​ស្រូវ​អង្ករ Trung An Rice លោក Pham Thai Binh ​បាន​បញ្ជាក់​ថា​ "​​យើង​បាន​​នាំ​អង្ករ​ចេញ​​ទៅ​សហរដ្ឋ​អាមេរិក​​រយៈ​ពេល ៣ឆ្នាំ​ហើយ។ ប៉ុន្តែ​យើង​មិន​មាន​កុងត្រា​ទេ​ឆ្នាំ​នេះ។ ​ដោយ​សារ​​ការ​ផ្លាស់ប្ដូរ​បទបញ្ញត្តិ​លើ​អនាម័យ​ចំណី​អាហារ ក្រុមហ៊ុន​នាំ​ចូល​អាមេរិក​ប្រហែល​ជា​​ឈប់​ទទួល​ទិញ​ហើយ"។

ក្នុង​រយៈ​ពេល ៧​ខែ​ចុងក្រោយ ​ក្រសួង​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) បាន​ចេញ​សេចក្ដី​ព្រមាន​ចំនួន ៣២ ​ប៉ុន្តែ​ក្រុមហ៊ុន​វៀតណាម​មិន​​បាន​អើពើ​នឹង​ការ​ផ្លាស់ប្ដូរ​គោល​ការណ៍​នោះ​ឡើយ។

ក្រុម​ហ៊ុន​វៀតណាម​ជាង ១ ០០០ មិន​បាន​បំពេញ​នីតិវិធី​សម្រាប់​បន្ថែម​សុពលភាព​ទេ ដូច្នេះ​ពួក​គេ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​បញ្ជី​ក្រុមហ៊ុន​នាំ​ចូល​សហរដ្ឋ​អាមេរិក​​ឡើយ។ លោក​បាន​ព្រមាន​ថា ការ​ខ្វះ​ការ​យល់​ដឹង​អំពី​នីតិ​វិធី​ថ្មី​ អាច​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម និង​ចំណីអាហារ​​វៀតណាម​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ទៅ​កាន់​​​ទីផ្សារ​អាមេរិក។

វៀតណាម​ជា​ដៃ​គូ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​ធំ​បំផុត​មួយ​ក្នុង​ចំណោម ១៥​ ប្រទេស​របស់​អាមេរិក​ ដោយ​ក្នុង​ឆ្នាំ ២០១៦ វៀតណាម​បាន​នាំ​ចេញ​ត្រី ក្ដាម និង​បង្គា​ គិត​ជា​ទឹក​ប្រាក់​​ប្រមាណ​ ១,៤​ពាន់​លាន​ដុល្លារ​។

ឥឡូវ​ ច្បាប់​នេះ​​បាន​ចូល​ជា​ធរមាន វា​កាន់​តែ​ពិបាក​ដល់​ក្រុមហ៊ុន​នាំចេញ។ ច្បាប់​នេះ​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ បាន​ធ្វើ​កំណែ​ទម្រង់​​រឹត​បន្តឹង​សុវត្ថិភាព​ចំណីអាហារ​ខ្លាំង​បំផុត​ក្នុង​រយៈពេល ៧០​ឆ្នាំ​ចុង​ក្រោយ​​៕

ចុចអាន៖

ប្រភព៖ Vietnamnet   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម