ការដាល់អំបុកពាក់កណ្ដាលស្វ័យប្រវត្តិនៅស្វាយរៀង កំពុងជួបវិបត្តិ
- 2017-09-13 02:00:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការដាល់អំបុកពាក់កណ្ដាលស្វ័យប្រវត្តិនៅស្វាយរៀង កំពុងជួបវិបត្តិ
ចន្លោះមិនឃើញ
ការដាល់អំបុកលក់ ខួបប្រាំងខួបវស្សា គឺជាមុខរបរដ៏ពេញនិយមរបស់ប្រជាកសិករមួយចំនួន ដែលរស់នៅក្នុងឃុំក្រោលគោ ឃុំគោកគគីរ ឃុំគោគកណ្ដុរ និង ឃុំនារាទេន ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ អំបុកដែលផលិតបាន ត្រូវច្រកក្នុងស្បោងតូចៗតម្លៃ១ម៉ឺនរៀល ហើយដាក់តាំងលក់តាមតូប ដែលស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ពីអ្នកលឿង ទៅក្រុងបាវិត។
អ្នកមីង ស៊ឹម សារឿន អាយុ ៤៣ឆ្នាំ ដែលប្រកបរបរលក់អំបុកនៅ ឃុំក្រោលគោ ជាង៤ឆ្នាំមកហើយ នោះ បានរំលឹកថា កាលពីបើកលក់ដំបូង អ្នកមីងអាចរកប្រាក់ចំណូលពី ១លាន ទៅ ២លានរៀលក្នុងមួយថ្ងៃ។ ប៉ុន្តែបច្ចុប្បន្ននេះ អ្នកមីងរកប្រាក់ចំណូលបានប្រហែល ១០ម៉ឺនរៀលប៉ុណ្ណោះ មួយថ្ងៃ។ ការធ្លាក់ចុះប្រាក់ចំណូលនេះ គឺបណ្ដាលមកពីមានអ្នកប្រកបរបរនេះច្រើនជាងមុន។ ការកើនឡើងនេះ គឺដោយសារមកពីការដាល់អំបុកមានភាពងាយស្រួលជាងមុន ដោយគេប្រើម៉ាស៊ីនដាល់អំបុក ជំនួសឱ្យការជាន់ត្បាល់ក្ដឿងដោយប្រើមនុស្ស ឬ ការបុកដោយប្រើអង្រែដៃ។
ដូចគ្នានេះដែរ អ្នកមីង ជា សាវឿន អាយុ ៤៤ឆ្នាំ អ្នកលក់អំបុកនៅឃុំគោកព្រីង ក៏ទទួលស្គាល់ដែរថា ប្រាក់ចំណូលបានមកពីការលក់អំបុក មានការធ្លាក់ចុះជាងកាលពី៥ឆ្នាំមុន។ ដូច្នេះហើយ កាលពី២ឆ្នាំមុន អ្នកមីងបានដំឡើងត្បាល់ក្ដឿងពាក់កណ្ដាលស្វ័យប្រវត្តិតម្លៃជិត ១ពាន់ដុល្លារ ដើម្បីដាល់អំបុក កុំឱ្យចាញ់អ្នករកស៊ីឯទៀតក្នុងឃុំ។ តែប្រាក់ចំណូលនៅតែមិនសូវល្អដដែល ព្រោះអ្នកដាល់អំបុកលក់ក្នុងឃុំ សុទ្ធតែមានត្បាល់ក្ដឿងពាក់កណ្ដាលស្វ័យប្រវត្តិដូចៗគ្នា ហើយអ្នកលក់កាន់តែច្រើនឡើងៗ។
ការដាល់អំបុកលក់នេះ ត្រូវគេធ្វើពេញ១២ខែក្នុង១ឆ្នាំ ។ ខុសពីការដាល់អំបុកនៅតំបន់ផ្សេងៗ ស្រូវដែលគេនិយមយកមកដាល់អំបុកនៅស្រុកស្វាយជ្រំនេះ គឺស្រូវទុំស្ងួតប្រភេទ ស្រូវផ្កាម្លិះ ស្រូវសែនក្រអូប ស្រូវសែនពិដោរ។ ស្រូវទាំងនេះ ត្រូវគេយកទៅត្រាំទឹកមួយរយៈ ហើយយកទៅសំដិលឱ្យស្រស់ទឹក បន្ទាប់មកគេយកទៅលីង និង ដាល់ដោយត្បាល់ក្ដឿងពាក់កណ្ដាលស្វ័យប្រវត្តិ។ បន្ទាប់មក គេរែងសម្អាត និង ច្រកស្បោងលក់៕
ខេត្តពីររបស់កម្ពុជាបានទទួលពានរង្វាន់អាស៊ានក្នុងវិស័យបរិស្ថាន
អ្នកភូមិឥណ្ឌូនេស៊ីចាប់ផ្ដើមពិធីគាស់សពសាច់ញាតិ លើកបីដើរទៅផ្ទះ
គណៈកម្មការសិទ្ធិមនុស្សហ្វីលីពីនស្នើកញ្ចប់ថវិកា ៣៤លានដុល្លារ បែរទទួលបាន២០ដុល្លារ