មក​ដឹង​ក្បាច់​រៀនរបស់ ស គីមស៊ា ​ជាប់​និទ្ទេស​ A លំដាប់​ពិន្ទុ​១០០​ពេញ​តែ​ម្នាក់​គត់

  • 2017-09-13 04:16:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវសិស្ស​វ័យ​ក្មេង ស គីមស៊ា ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៧ ទទួល​បាន​និទ្ទេស​លំដាប់​ពិន្ទុ​១០០​ពេញ​ តែ​ម្នាក់​គត់​ទូទាំង​ប្រទេស​កម្ពុជា កំពុង​តែ​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មជ្ឈដ្ឋាន​អ្នក​សិក្សា។ ចំពោះ​​​ការ​សិក្សា ដើម្បី​ក្លាយ​ជា​សិស្ស​ឆ្នើម​យុវជន​រូប​នេះ​ប្រាប់​ថា មិន​ខុស​ពី​សិស្ស​ដទៃ​នោះ​ទេ គឺ​ការ​ខំ​ប្រឹង​ប្រែង​សិក្សា​ជាមួយ​លោក​គ្រូ​អ្នក​គ្រូ។ ប៉ុន្តែ​ក្នុង​នោះ គីមស៊ា បាន​ចែក​រំលែក​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​របស់​ខ្លួន ដូច​ខាង​ក្រោម​នេះ៖​​

១. រៀន​គួរ​បន្ថែម បូក​ផ្សំ​ការ​ស្វ័យ​សិក្សា​ដោយ​ខ្លួន​ឯង និង​ជាមួយ​មិត្ត​ភក្ដិ

សិស្ស​ឆ្នើម​វ័យ ១៧​ឆ្នាំ​រូប​នេះ ប្រាប់​ថា​ក្រៅ​ពី​ការ​សិក្សា​ជាមួយ​លោក​គ្រូ​អ្នក​គ្រូ គឺ​ការ​រៀន​គួរ​បន្ថែម​​ទៅ​លើ​មុខ​វិជ្ជា​សំខាន់ៗ។ ក្រៅ​ពី​នេះ គីមស៊ា ប្រាប់​ថា ធ្វើ​ស្វ័យ​សិក្សា​ដោយ​ខ្លួន​ឯង និង​ជាមួយ​មិត្ត​មិត្ត ដើម្បី​ធ្វើ​ការ​ដោះដូរ​លំហាត់​គ្នា ជួយ​ធ្វើ​គ្នា​ទៅវិញ​ទៅ​មក។

មក​ដល់​ចំណុច​នេះ​ គីមស៊ា និយាយ​ថា៖ "ការ​ធ្វើ​បែប​នេះ ​គឺ​យើង​អាច​ជួយ​គ្នា​បាន​ច្រើន​មែន​ទែន។ ឧទាហរណ៍​ថា យើង​មាន​១០​ មិត្ត​ភក្ដិ​យើង​មាន​១០​រួម​បញ្ចូល​គ្នា គឺ​បាន​២០។ ដូច្នេះ​ចំណេះ​ដឹង​យើង​កើន​មួយ​កម្រិត​ទៀត។"

២. ផ្ដោត​លើ​មុខ​វិជ្ជា​សំខាន់ៗ​អំឡុង​ពេល​សិក្សា

យុវជន មក​ពី​រាជធានី​ភ្នំពេញ​រូប​នេះ ប្រាប់​ទៀត​ថា ដោយ​សារ​រូប​គេ​សិក្សា​ថ្នាក់​វិទ្យាសាស្ត្រ ដូច្នេះ​មុខ​វិជ្ជា​សំខាន់​ៗ​មាន​ដូចជា៖ គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា និង​អក្សរសាស្ត្រ​ខ្មែរ។ សិ្ស​ឆ្នើម​និទ្ទេស​Aលំដាប់​ពិន្ទុ​១០០ បន្ត​ទៀត​ថា ក្នុង​ពេល​សិក្សា​តាំង​ពី​ដើម​ឆ្នាំ​មក គឺត្រូវ​ផ្ដោត​សំខាន់​លើ​មេរៀន​នីមួយៗ កុំ​ឱ្យ​បាត់​មូលដ្ឋាន​គ្រឹះ​មេរៀន​ទាំង​អស់​នោះ។ ជា​ពិសេស​ ការ​សិក្សា​មុខ​វិជ្ជា​ដែល​មាន​លំហាត់​ ត្រូវ​ផ្ដោត​សំខាន់​ដំបូង​បំផុត​ទៅ​មូលដ្ឋាន​គ្រឹះ។

"ប្រសិន​បើ​យើង​មិន​បាន​សិក្សា​មូល​ដ្ឋាន​គ្រឹះ​ពី​ដំបូង គឺ​មិន​អាច​ដោះស្រាយ​លំហាត់​ជ្រៅ​ៗ​ផ្សេង​ទៀត​ទេ។" គីមស៊ា និយាយ​បន្ថែម។

៣. កុំ​ព្យាយាម​រំលង​លំហាត់​ដែល​ពិបាក

មក​ដល់​ចំណុច​នេះ សិស្ស​ឆ្នើម​មក​ពី​សាលា​ប៊ែល​ធី លើក​ឡើង​ថា ចំពោះ​សិស្ស​ខ្លះ​ តែង​ព្យាយាម​ធ្វើ​លំហាត់ ៥០ ទៅ​៦០​លំហាត់​ក្នុង​មួយ​ថ្ងៃ ហើយ​និយាយ​ថា​ខ្លួន​បាន​ខំ​ធ្វើ​ហើយ តែ​ការ​សិក្សា​បែប​នេះ ​​ហៅ​តែ​ខំ​តែ​គ្មាន​ប្រសិទ្ធភាព​ទេ។

គីមស៊ា ប្រាប់​ថា គួរ​ធ្វើ​លំហាត់​ណា​ដែល​គិត​ថា​ប្លែក​ចំពោះ​ខ្លួន​ឯង ឫ​លំហាត់​ពិបាកៗ​ខ្លាំង។ "ជា​ការ​ល្អ គួរ​ធ្វើ​លំហាត់​មួយ​ៗ​ឱ្យ​ច្បាស់​កុំ​រំលង​សោះ ព្រោះ​លំហាត់​ដែល​ពិបាក​ទាំង​នោះ​ហើយ ដែល​អាច​ធ្វើ​ឱ្យ​ការ​គិត​របស់​យើង​បាន​ច្រើន យើង​អាច​ស្វែង​រក​ដំណោះ​ស្រាយ​ទៅ​លើ​លំហាត់​ទាំង​អស់​នោះ ទោះបី​ដំណោះ​ស្រាយ​នោះ​​ធ្វើ​មិន​ទាន់​បាន ប៉ុន្តែ​អាច​យក​ទៅ​ប្រើប្រាស់​លើ​លំហាត់​ផ្សេង​ទៀត។ ជា​ពិសេស​បើ​យើង​បាន​គិត​ នៅ​ពេល​យក​ទៅ​សួរ​លោកគ្រូ​អ្នក​គ្រូ ពេល​គ្រូ​ពន្យល់​ឡើង​វិញ​គឺ​ចាប់​បាន​តែ​ម្ដង។" នេះ​បើ​តាម​ការ​លើក​ឡើង​របស់ គីមស៊ា។

៤. ចំណាយ​ពេល​វេលា​​បង្រៀន​បន្ត

ជា​គន្លឹះ​ដ៏​សំខាន់​មួយ​ទៀត របស់ ស គីមស៊ា គឺ​ការ​ចែក​រំលែក​នូវ​អ្វី​ដែល​ខ្លួន​​មាន។ គីមស៊ា និយាយ​ថា កុំ​កំណាច់​ចំពោះ​ការ​ចែក​រំលែក​ទៅ​កាន់​មិត្ត​ភក្ដិ ព្រោះ​នៅ​ពេល​ដែល​យើង​ព្យាយាម​ពន្យល់​គេ​ ដូចជា​លំហាត់ និង​មេរៀន គឺ​ធ្វើ​ឱ្យ​ខ្លួន​ឯង​កាន់​តែ​មាន​ភាព​រីក​ចម្រើន​។

៥. កុំ​លើក​ខ្លួន​ឯង​ពេក​ត្រូវ​ចេះ​សួរ​គេ

"កុំ​គិត​ថា​ខ្លួន​ឯង​ពូកែ​ហើយ មិន​គួរ​សួរ​គេ ព្រោះ​ខ្លាច​គេ​គិត​អ្វី​មក​លើ​ខ្លួន តែ​កុំ​ខ្វល់​រឿង​នឹង​ឱ្យ​សោះ មនុស្ស​ម្នាក់​ៗ​មាន​ចំណុច​ខ្លាំង​រៀង​ខ្លួន ដូច្នេះ​យើង​អាច​ដោះដូរ​គ្នា​បាន ដើម្បី​ភាព​រីក​ចម្រើន​ខ្លួន​ឯង។" គីមស៊ា បន្ថែម​មួយ​ចំណុច​ចុង​ក្រោយ៕ ​

ទស្សនាវីដេអូក្នុងកិច្ចសម្ភាសន៍ពិសេស

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី