ដំណឹងល្អ! ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ កំណាត់​ទី​១​ចាប់​ផ្ដើម​សាងសង់ហើយ

  • 2017-09-14 02:26:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ផ្លូវ​ក្រវាត់​ក្រុង​ទី​២ កំណាត់​ទី​២​ ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្ដោះ​អាសន្ន​ ឥឡូវ​នេះ​ផ្លូវ​ក្រុង​ទី​៣ កំណាត់​ទី​១​ ចាប់​ផ្ដើម​សាងសង់​ទៀត​ហើយ។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា គម្រោង​ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ចំនួន​៥២​គីឡូ​ម៉ែត្រ ធ្វើ​ពី​បេតុង​សរសៃ​ដែក ដែល​ក្នុង​នោះ​៤៧​គីឡូ​ម៉ែត្រ​ជា ផ្លូវ​បួន​គន្លង ពីរ​ទៅ​ពីរ​មក មាន​ទទឹង​ប្រវែង​២៥​ម៉ែត្រ។​ចំណែក​ ៥​គីឡូម៉ែត្រ​ទៀត​មាន​ពីរ​គន្លង​សម្រាប់​ចូល ទៅ​កាន់​កំពង់​ផែ។

ផ្លូវ​ក្រវាត់​ក្រុង​ទី៣ កំណាត់​ទី​១​នេះ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ទំនប់​កប់​ស្រូវ ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៤ ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ២ និង​បញ្ចប់​ត្រឹម​ផ្លូវ​ជាតិ​លេខ១។ ដោយ​ឡែក​ ចំពោះ​ថវិកា​ត្រូវ​ចំណាយ មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​នោះ​ទេ។

ផ្លូវ​ក្រវាត់​ក្រុង​ទី​៣​នេះ​ មាន​សារៈសំខាន់​បំផុត សម្រាប់​ប្រជាពលរដ្ឋ​ និង​សេដ្ឋកិច្ច​ជាតិ ​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ ចំណេញ​ពេល​វេលា​ក្នុង​ការ​ធ្វើដំណើរ។ ជា​ពិសេស​ជួយ​បញ្ចៀស​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​ទីក្រុង​ទៀត​ផង។

សូម​ជម្រាប​ជូន​ថា កាល​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ ២០១៧ ឯកឧត្ដម ស៊ុន ចាន់ថុល ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ដឹក​នាំ​គណៈ​ប្រតិភូ​មួយ​ក្រុម​រួមមាន ថ្នាក់​ដឹកនាំ​ក្រសួង​សាធារណការ តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ម្ចាស់​គម្រោង និង​តំណាង​ក្រុម​ប្រឹក្សា​បច្ចេកទេស។​ ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​ជាក់​ស្តែង ដើម្បី​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី៣ កំណាត់​ទី​១ នេះ៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ