អ្នកលក់បង្គាវៀតណាម​ប្រើ​ម្សៅ​គីមី ៣ក្រាម ចាក់​លើបង្គា​បាន ១តោន

  • 2017-09-14 07:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​កសិកម្ម និង​អភិវឌ្ឍ​ជន​បទ​វៀតណាម​​បាន​សហការ​ជាមួយ​ប៉ូលិស​ប្រចាំ​​តំបន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ចាក់​សារធាតុ​​ខុស​ច្បាប់​ទៅ​លើ​បង្គា​ដើម្បី​បង្កើន​ទម្ងន់ ​ដូច្នេះ​​ពួក​គេ​អាច​រក​ប្រាក់​​កាន់​តែ​ច្រើន។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម​ចុះ​ត្រួត​ពិនិត្យ​​វៀតណាម​នៅ​ភាគ​ខាង​ត្បូង​​ខេត្ត​ Bac Lieu ​បាន​រក​ឃើញ​ទីតាំង​អាជីវកម្ម​បង្គា​​មួយ​កន្លែង​ បាន​ប្រើ​ប្រាស់​សារធាតុ​រាវ​ផលិត​ពី​ម្សៅ​ CMC (Carboxymethyl cellulose ) ​ដើម្បី​ចាក់​បញ្ចូល​​ទៅ​ក្នុង​ខ្លួន​បង្គា​ឲ្យ​បាន​កាន់​តែ​ធ្ងន់។

បើ​តាម​ប្រភព​គេហទំព័រ​ព័ត៌មាន​វៀតណាម Vietname បាន​រាយការណ៍​ថា ​ម្ចាស់​អាជីវកម្ម​លោក Doan Van Phuc ​ស្ថិត​នៅ​ឃុំ Long Dien ស្រុក Dong Hai ​បាន​ជួល​កម្មករ​ជា​ច្រើន​នាក់​ឲ្យ​ជាក់​សារធាតុ​រាវ​ទៅ​ក្នុង​បង្គា​ចំនួន ៦៣​គីឡូក្រាម។ ពេល​​ប៉ូលិស​​លប​ឆ្មក់ គឺ​រឹប​អូស​បាន​ម្សៅ​ហាម​ឃាត់ CMC ​ដល់​ទៅ ៩គីឡូក្រាម ​និង​ម្ជុល​ចាក់​ថ្នាំ​ជា​ច្រើន​ទៀត។ ម្សៅ CMC នឹង​ក្លាយ​ជា​សារធាតុ​រាវ​នៅ​ពេល​​លាយ​ជា​មួយ​ទឹក។

នាយកដ្ឋាន​ធានា​គុណភាព​កសិ-រុក្ខ-ជលផល​ជាតិ​​បាន​ចុះ​ត្រួត​ពិនិត្យ​មិន​ឲ្យ​ដឹង​មុន​នៅ​កន្លែង​ធ្វើ​អាជីវកម្ម​បង្គា​ចំនួន ១១​កន្លែង​នៅ​ខេត្ត Ca Mau និង Kien Giang ​ដោយ​បាន​រក​ឃើញ ៣​កន្លែង​ប្រើ​ប្រាស់​សារធាតុ​ហាម​ឃាត់​ចាក់​ក្នុង​សាច់​បង្គា និង​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន ៨ ៨០០​ដុល្លារ​​ទៀត​ផង​។

ករណី​ដាច់​​ដោយ​ឡែក​មួយ​ទៀត​ដែល​បាន​កើត​ឡើង​កាល​ពី​ដើម​ខែ​សីហា កន្លែង​អាជីវកម្ម​ក្នុង​ស្រុក Ha Noi Hoang Mai ​បាន​រក​ឃើញ​ថា ប្រើ​ប្រាស់​ជែល (ចាហួយ​ម្យ៉ាង) ​ចាក់​ទៅ​ក្នុង​បង្គា​ចំនួន ៨​គីឡូក្រាម ហើយ​ម្ចាស់​អាជីវកម្ម​ក៏​​ទទួល​សារភាព។

ចំណែក​កាល​ពី​ឆ្នាំ​មុន អាជ្ញាធរ​បាន​ចុះ​ត្រួត​ពិនិត្យ​កន្លែង​អាជីវកម្ម​ចំនួន ១០ ៣០០​កន្លែង​នៅ​ទូទាំង​ប្រទេស និង​បាន​រក​ឃើញ ១ ១០៧​កន្លែង​បាន​ចាក់​ជែល​ទៅ​ក្នុង​ខ្លួន​បង្គា។ កន្លែង​ទាំង​ត្រូវ​បាន​ផាក​ពិន័យ​រាប់​ពាន់​ដុល្លារ និង​ខ្ពស់​បំផុត​ដល់​ទៅ​ ១០៥ ៦០០​ដុល្លារ។

អ្នក​រក​ស៊ី​ល្មើស​ទាំង​នោះ​បាន​សារភាព​ថា ម្សៅ CMC ​ទិញ​ចូល ១​ក្រាម​តម្លៃ ១,២​ដុល្លារ ដោយ​ម្សៅ ៣​ក្រាម​អាច​លាយ​ទឹក​បាន ៥០​គីឡូក្រាម ហើយ​អាច​ចាក់​ទៅ​លើ​បង្គា​បាន​ដល់​ទៅ ១​តោន​ឯណោះ៕

ចុចអាន៖

ប្រភព៖ Vietnamnet   ប្រែ​សម្រួល៖ ឡេង ភារុណ