វិធីសាស្ត្រ ៩​ចំណុច​យក​ឈ្នះ​ភាព​ខ្ជិល ដើម្បី​ក្លាយ​ជា​មនុស្ស​ជោគជ័យ

  • 2017-09-15 07:33:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ខ្ជិល​ច្រអូស គឺ​ជា​ទម្លាប់​អាក្រក់​មួយ ដែល​តែង​កើត​លើ​មនុស្ស​គ្រប់​រូប ប៉ុន្តែ​អាច​កែខៃ​យក​ឈ្នះ​កុំ​ឲ្យ​វា​មក​ត្រួត​ត្រា​បាន ដោយ​អនុវត្ត​តាម​វិធីសាស្ត្រ ៩​ចំណុច​ដូច​ខាង​ក្រោម។

១. បំបែក​ការងារ​ធំ ទៅ​ជា​ការងារ​តូចៗ៖ ពេល​ខ្លះ អ្នក​ចាប់​ផ្ដើម​ខ្ជិល ពេល​ឃើញ​ការងារ​ធំ​មួយ មិន​ដឹង​ថា​បញ្ចប់​ដោយ​របៀប​ណា ឬ​ត្រូវ​ចំណាយ​ពេល​ច្រើន​ម៉ោង​​ជា​ដើម។ ដូច​នេះ ត្រូវ​បំបែក​វា​ជា​តូចៗ ហើយ​ធ្វើ​ម្ដង​មួយ ទើប​អាច​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ ក្នុង​ការ​បញ្ចប់​ការងារ​នោះ ដោយ​មិន​ខ្ជិល។

២. ដក​ឃ្លា​មក​សម្រាក គេង និង​ហាត់​ប្រាណ៖ ក្នុង​ករណី​ខ្លះ ភាព​ខ្ជិល​កើត​ឡើង​ដោយ​សារ​អស់​កម្លាំង និង​អស់​ថាមពល​ពី​ខ្លួន។ ចំណោះ​ស្រាយ គឺ​អាច​ផ្ដល់​ការ​សម្រាក​ខ្លះ​ដល់​ខ្លួន​ឯង​សិន កុំ​បន្ត​ធ្វើ​ទាំង​ខ្ជិល ដោយ​គ្មាន​បាន​ផល​អ្វី។ អាច​គេង​បន្តិច រួច​ហាត់​ប្រាណ ដើម្បី​ឲ្យ​ទទួល​បាន​ភាព​ស្រស់​ថ្លា​ឡើង​វិញ។

៣. គិត​ពី​ប្រយោជន៍​នៃ​ការងារ៖ អ្វី​ដែល​អ្នក​កំពុង​ធ្វើ ត្រូវ​គិត​ពី​ប្រយោជន៍​របស់​វា ទើប​ធ្វើ​ដោយ​មិន​ខ្ជិល។ ចៀស​វាង​គិត​ពី​ការ​លំបាក ឬ​ឧបសគ្គ ដែល​អាច​រាំង​ស្ទះ​កម្លាំង​ចិត្ត​របស់​អ្នក រហូត​ឈាន​ទៅ​រក​ភាព​ខ្ជិល។ គួរ​គិត​ពី​ចំណុច​វិជ្ជមាន នៃ​អ្វី​ដែល​កំពុង​ធ្វើ នោះ​អ្នក​នឹង​មាន​កម្លាំង​ចិត្ត​បន្ត។

៤. គិត​ថា​ខ្លួន​ឯង​ចង់​ក្លាយ​ជា​អ្វី៖ មនុស្ស​ដែល​មាន​គោល​ដៅ​ច្បាស់ ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​ពាក្យ​ថា​ខ្ជិល​ឡើយ។ ដើម្បី​សម្រេច​បំណង​ដែល​ខ្លួន​ចង់​បាន និង​ដឹង​ថា​ខ្លួន​ចង់​ក្លាយ​ជា​អ្វី នោះ​អ្នក​អាច​លើក​ទឹក​ចិត្ត​ខ្លួន​ឯង លាចាក​ពី​ពាក្យ​ថា ខ្ជិល។

៥. ពី​ផល​វិបាក នៃ​ភាព​ខ្ជិល៖ ត្រូវ​គិត​ថា មាន​អ្វី​កើត​ឡើង បើ​អ្នក​បណ្ដោយ​ខ្លួន​ឲ្យ​ខ្ជិល និង​មិន​បាន​បំពេញ​ការងារ​ដែល​ខ្លួន​ចង់​ធ្វើ​នោះ។ បន្ទាប់​ពី​គិត​ហើយ ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ភ្លាម នោះ​អ្នក​នឹង​ជក់​ដៃ​ធ្វើ ដោយ​លែង​មាន​ពាក្យ​ថា​ខ្ជិល​ទៀត​ហើយ។

​៦. កុំ​ចាប់​ធ្វើ​រឿង​ច្រើន​ក្នុង​ពេល​តែ​មួយ​៖ ត្រូវ​ផ្ដោត​លើ​រឿង​តែ​មួយ ដើម្បី​បញ្ចប់​ដោយ​ជោគជ័យ មុន​ចាប់​ផ្ដើម​ឈោង​ចាប់​ការងារ​មួយ​ទៀត។ នៅ​ពេល​មាន​ការងារ​ច្រើន អ្នក​នឹង​មាន​អារម្មណ៍​ថា "លើស​ហើយ" រួច​ក៏​ចាប់​ផ្ដើម​ខ្ជិល។

៧. ប្រាប់​ខ្លួន​ឯង​ថា​ត្រូវ​ធ្វើ៖ ត្រូវ​រំឭក​ខ្លួន​​ឯង​ជា​ប្រចាំ​ថា ពេល​វេលា​មិន​ចាំ​ឡើយ បើ​មិន​ធ្វើ​ហើយ ២៤ម៉ោង​ប្រាកដ​ជា​កន្លង​ហួស​យ៉ាង​លឿន។ ដាស់​តឿន​ខ្លួន​ឯង​ថា ទាល់​តែ​ធ្វើ​ទើប​មាន​លទ្ធផល... ទាល់​តែ​ធ្វើ ទើប​អាច​សម្រេច​គោល​បំណង​បាន។

៨. ចាត់​ទុក​ការងារ ជា​ការ​ហាត់​ប្រាណ៖ ត្រូវ​គិត​ថា​ការងារ​ទាំង​អស់ ប្រៀប​ដូច​ជា​ការ​ហាត់​ប្រាណ ធ្វើ​ឲ្យ​រាង​កាយ​កាន់​តែ​រឹង​មាំ ធ្វើ​ច្រើន កាន់​តែ​សកម្ម។

៩. រៀន​តាម​គំរូ​បុគ្គល​ជោគជ័យ៖ មើល​បុគ្គល​ជោគជ័យ ថា​គេ​ធ្វើ​យ៉ាង​ណា ទើប​មិន​ឲ្យ​ភាព​ខ្ជិល​ត្រួត​ត្រា​បាន។ នៅ​ពេល​សកម្ម​កាន់​តែ​ច្រើន ភាព​ខ្ជិល​ក៏​ចាក​ចេញ​ម្ដង​បន្តិច ហើយ​អ្នក​នឹង​កាន់​រឹង​មាំ៕

ប្រភព៖ successconsciousness   ប្រែ​សម្រួល៖ គង់ វិសាល