តិចនិក​ថត​រូប​រថយន្ត​ឲ្យ​មើល​ទៅ​ទាក់​ភ្នែក​គេ​គ្រប់​គ្នា

  • 2017-09-16 02:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ចូលរួម​ការ​ដាក់​បង្ហាញ​រថយន្ត​ស្អាតៗ​នៅ​កន្លែង​ណា​មួយ​ ​ឬ​ប្រហែល​ជា​អ្នក​បាន​ឃើញ​នូវ​ទី​សាធារណៈ​ណា​មួយ​ ​និង​អ្នក​មាន​រថយន្ត​ខ្លួនឯង​យ៉ាង​ស្អាត​ ​ហើយ​ចង់​ផ្ដិត​យក​រូបភាព​ទាំងនេះ​ឲ្យ​បាន​ល្អ​។ ​ការ​ថត​រូបភាព​រថយន្ត​មិន​តែងតែ​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នក​ធ្វើ​តាម​ការ​ណែនាំ​ឲ្យ​បាន​ត្រឹមត្រូវ អ្នក​អាច​ពង្រឹង​គុណភាព​រូបភាព​អ្នក​បាន​ល្អ​។ ការ​សាកល្បង​ថត​ម្ដង​ហើយ​ម្ដង​ទៀត ជា​វិធី​ដ៏​ល្អ​សម្រាប់​សិក្សា​លើ​លក្ខខណ្ឌ​ និង​ពន្លឺ​ផ្សេង​គ្នា​ចំពោះ​ទិដ្ឋភាព​រថយន្ត​។ ម្យ៉ាង​ទៀត វា​មិន​តម្រូវ​ការ​ឧបករណ៍​ច្រើន​នោះ​ទេ ដោយ​គ្រាន់​តែ​មាន​កាមេរ៉ា រថយន្ត និង​ឆន្ទៈ​ក្នុង​ការ​ផ្ដិត​យក​រូបភាព​ឲ្យ​បាន​ល្អ ដែល​អ្នក​អាច​ពិនិត្យ​មើល​គំនិត​ខាងក្រោម​បាន​៖

  • ការប្រើប្រាស់​ឧបករណ៍

ឧបករណ៍​ពីរ​សំខាន់​សម្រាប់​ថត​គឺ​កាមេរ៉ា និង​រថយន្ត​។ សូម្បី​តែ iPhone ក៏​អាច​ចាប់​យក​រូបភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​បាន​លទ្ធផល​មើល​ទៅ​ដូច​អ្នក​អាជីព អ្នក​អាច​ថត​ជាមួយ​នឹង​កាមេរ៉ា DSLR។ ម្យ៉ាង​ទៀត​អ្នក​អាច​ប្រើប្រាស់ Wide lens (ប្រហែល 24mm) ដែល​នឹង​ជួយ​អ្នក​ចាប់​យក​រូបភាព​បាន​ល្អ​ជាមួយ​នឹង​បរិស្ថាន​ជុំវិញ​។ មួយ​វិញ​ទៀត Macro lens​ ​(ប្រហែល ​100mm f/2.8) ក៏​អាច​ជួយ​អ្នក​ពេល​អ្នក​ចាប់​យក​រូបភាព​ជិត​កៀក​នឹង​រថយន្ត​ផង​ដែរ​ដូចជា ​យ៉ាន់​ឡាន​ ​ឬ​សមាសធាតុ​គ្រឿង​បរិក្ខារ​ខាងក្នុង​។ ពេល​អ្នក​កំណត់ Settings កាមេរ៉ា អ្នក​គួរ​ថត​ក្នុង​ទម្រង់ RAW ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​លទ្ធភាព​ក្នុង​កែ​តម្រូវ​ពេល​ក្រោយ​បាន​ងាយស្រួល​។ 

Tripod ជា​គំនិត​ដ៏​ល្អ​ក្នុង​ការ​ជួយ​ផ្ដល់​លំនឹង​ដល់​កាមេរ៉ា ដែល​អាច​ឲ្យ​អ្នក​ថត​ជាមួយ​នឹង Exposure វែង ដែល​អនុញ្ញាត​ឲ្យ​ពន្លឺ​បន្ថែម​ចូល​ពេល​អ្នក​ថត​ក្រោម​លក្ខខណ្ឌ​ងងឹត​។ ប្រសិនបើ​អ្នក​ថតរូប​រថយន្ត​នៅ​ខាងក្រៅ អ្នក​គួរ​រក្សា​សភាព​ស្អាត​តាម​តែ​អាច​ទៅ​រួច មុន​ពេល​អ្នក​ចេញ​ពី​ផ្ទះ​ ឬ​អាច​យក​ប្រដាប់​សម្អាត​តាម​មុន​ពេល​ថត​។ 

  • ពិនិត្យ​មើល​ទីតាំង

ប្រសិនបើ​អ្នក​មាន​ជម្រើស​សម្រាប់​ថត​នៅ​ទីតាំង​ផ្សេង​គ្នា អ្នក​គួរ​គិតគូរ​ពី​ប្រភេទ​ទីតាំង​ដែល​សាក​សម​នឹង​រថយន្ត​របស់​អ្នក (ពណ៌ ឬ​រូបរាង​) ព្រោះ​វា​នឹង​ផលិត​រូបភាព​ស៊ី​គ្នា​បាន​យ៉ាង​ល្អ ប៉ុន្តែ​អ្នក​គួរ​ព្យាយាម​ជៀសវាង​ការ​ថត​នៅ​ចំណត​រថយន្ត ព្រោះ​គំនូស​សរ​នៅ​លើ​ថ្នល់ ឬ​ដី​នោះ​មិន​ធ្វើ​ឲ្យ​រូបភាព​លេច​ធ្លោ​ល្អ​នោះ​ទេ​។

  • ជ្រើសរើស​មុំ​ឲ្យ​បាន​ត្រឹមត្រូវ

​ប្រសិនបើ​អ្នក​ថតរូប​រថយន្ត​ផ្ទាល់​ខ្លួន អ្នក​អាច​បម្លាស់ទី​ជុំវិញ​បាន​សម្រាប់​ស្វែងរក​នូវ​មុំ​ដែល​ល្អ​បំផុត​។ អ្នក​ថតរូប​ជា​ច្រើន​បាន​ដាក់​កាមេរ៉ា​នៅ​កម្រិត​ទាប ស្ទើរ​តែ​មើល​ឡើង​លើ​ទៅ​រថយន្ត ដើម្បី​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ ការ​ថតរូប​នៅ​ជ្រុង​ខាង​មុខ​របស់​រថយន្ត​ក៏​មាន​លក្ខណៈ​ធម្មតា​ផង​ដែរ​។ ការ​ថត​មុំ​នេះ​អាច​បង្ហាញ​រថយន្ត​បាន​ច្រើន​ក្នុង Frame តែមួយ ហើយ​បាន​លាក់​បាំង​នូវ ​Reflection ​(មើល​​ឃើញ​អ្នក​ថត​តាម​ពី​ផ្ទាំង​ណា​មួយ​) ផង​ដែរ​។ ការ​ថតរូប​ចំហៀង​របស់​រថយន្ត អាច​ធ្វើ​ឲ្យ​ផ្នែក​ចំហៀង​ដ៏​ធំ​នោះ​ចូល​ក្នុង​កញ្ចក់​ធំ​មួយ​ដែល​ទំនង​ជា Reflect ទៅ​នឹង​អ្នក​។ អ្នក​អាច​ប្រើប្រាស់ ​Photoshop សម្រាប់​កែប្រែ​បាន ​ប៉ុន្តែ​វា​មាន​ភាព​ងាយស្រួល ប្រសិនបើ​អ្នក​កំណត់​វា​ពី​ដំបូង​។ អ្នក​គួរ​កំណត់​ទីតាំង​រថយន្ត ដូច្នេះ​ផ្នែក​ល្អ​បំផុត​នៃ​ផ្ទៃ​ខាងក្រោយ​ដែល​បាន​ជ្រើសរើស​ស្ថិត​នៅ​ពី​ក្រោយ​វា ហើយ​ប្រសិនបើ​អ្នក​អាច​ប្រើប្រាស់​រថយន្ត​ដើម្បី​លាក់បាំង​នូវ Distractions ដូចជា គំនូស​ផ្លូវ​ជា​ដើម កាន់​តែ​ល្អ​។ ម្យ៉ាងទៀត​ពេល​អ្នក​ចត​រថយន្ត គួរ​បង្វែរ​កង់​ចេញ​ពី​កាមេរ៉ា ដែល​មើល​ទៅ​កាន់​តែ​ស្អាត​។ 

  • ពិនិត្យ​មើល​ភាព​លម្អិត

អ្នក​គួរ​បង្ហាញ​នូវ​ភាព​លម្អិត​ជិត​ៗ ដោយ​ថត​នូវ​គ្រឿង​បរិក្ខារ​របស់​រថយន្ត ដែល​អាច​ពិនិត្យ​មើល ស្បែក​កៅអី​អង្គុយ ឬ​ចង្កូត​, ប្រអប់​លេខ​ ឬ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​រថយន្ត​លេច​ធ្លោ​។ អ្នក​គួរ​ពិនិត្យ​នូវ​ផ្នែក​ខាងក្រៅ​ផង​ដែរ ប្រហែល​ជា​មាន​នូវ​បំពង់​ស៊ី​ម៉ាំង​ភ្លោះ​នៅ​ខាងក្រោយ​។ ប្រសិនបើ​វា​ជា​រថយន្ត​លក្ខណៈ High-performance ប្រហែល​ជា​មាន​នូវ​ស្លាក​សញ្ញា V8 មួយ​នៅ​ចំហៀង​ដែល​ល្អ​សម្រាប់​រូបភាព​បង្ហាញ​ពី​ថាមពល​របស់​ម៉ាស៊ីន​ខាងក្នុង​។ អ្នក​ក៏​អាច​ពិនិត្យ​មើល​ស្លាក​សញ្ញា​ផ្សេងៗ​ផង​ដែរ នៅ​ជុំវិញ​រថយន្ត​។

  • រំកិល​កាមេរ៉ា​សម្រាប់​សកម្មភាព​ខ្លាំងៗ (បើកបរ​លើ​ផ្លូវ) 

ការ​រំកិល ឬ​បង្វិល សំដៅ​លើ​ការ​រំកិល​កាមេរ៉ា​ទៅ​តាម Subject ដើម្បី​រក្សា​ឲ្យ Subject នៅ​ក្នុង Frame ពេល​វា​ឆ្លងកាត់​អ្នក​។ វា​ប្រហែល​ជា​ស្តាប់​ទៅ​ធម្មតា ប៉ុន្តែ​វា​ជា​បច្ចេកទេស​មួយ​ទាមទារ​ការ​សាកល្បង​ច្រើន​ដែរ​។ ខណៈ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ Shutter speed លឿន​ខ្លាំង (លើស​ពី 1/1,000 sec) ដើម្បី​បង្កក​រូបភាព​រថយន្ត​ជា​លក្ខណៈ Motion ដែល​ជា​វិធីសាស្ត្រ​សាមញ្ញ​ធ្វើ​ឲ្យ​រថយន្ត​មើល​ទៅ​ដូច​ចត​នៅ​កណ្តាល​ផ្លូវ​។ អ្វី​ដែល​អ្នក​ត្រូវ​ការ​ធ្វើ​ដើម្បី​ចាប់​យក​សកម្មភាព​គឺ​ប្រើប្រាស់ Shutter speed យឺត ប្រហែល​ជា 1/180 sec ឬ​អាច​ត្រឹម 1/80 sec។ បន្ទាប់​មក​ដូច​ដែល​អ្នក​រំកិល ឬ​រុញ​ជា​មួយ​កាមេរ៉ា រថយន្ត​នឹង​រក្សា​ការ Focus បាន​ច្បាស់​ល្អ ខណៈ​ផ្ទៃខាងក្រោយ​នឹង​ព្រាល ។ រថយន្ត​អាច​នឹង​បើក​ឆ្លងកាត់​អ្នក​លឿន ហើយ​អ្នក​គួរ​កំណត់​កាមេរ៉ា ក្នុង​ការ​ប្រើប្រាស់ Burst mode ផង​ដែរ ដូច្នេះ​អ្នក​អាច​មាន​ជម្រើស​រូបភាព​ច្រើន​។ 

មុន​រថយន្ត​មក​ដល់​នៅ​ទីតាំង​ដែល​អ្នក​ថត អ្នក​គួរ​តែ​អាច​ងាយស្រួល​ងាក​ខ្លួន​តាម​បណ្ដោយ​ដំណើរ​របស់​រថយន្ត​ដែល​ឆ្លងកាត់​។ ម្យ៉ាង​វិញ​ទៀត អ្នក​គួរ​ប្រើប្រាស់ Manual focus សម្រាប់​ការ​ថតរូប​នេះ ចំពោះ​ផ្នែក​នៃ​ផ្លូវ​ដែល​អ្នក​ដឹង​ថា​រថយន្ត​នឹង​ត្រូវ​ឆ្លងកាត់​។ 

  • ពង្រឹង​គុណភាព​រូប​ក្រោយ​ការ​ថត

ការ​ថតរូប​មិន​ប្រាកដ​ថា​បាន​ល្អ​គ្រប់​យ៉ាង​នោះ​ទេ ដូច្នេះ​ពេល​ខ្លះ​អ្នក​គួរ​ប្រើប្រាស់​កម្មវិធី​កាត់ត​សម្រាប់​ជួយ​កែប្រែ​តំបន់​ភ្លឺ ឬ​ងងឹត ឬ​កំណត់​ពណ៌​បន្ថែម សម្រាប់​បង្កើន​គុណភាព​រូបភាព​ឲ្យ​កាន់​តែ​ទាក់ទាញ និង​ចាប់​អារម្មណ៍​។ អ្នក​អាច​ប្រើប្រាស់​កម្មវិធី Adobe Lightroom ឬ Photoshop ឬ កម្មវិធី​ផ្សេងៗ សម្រាប់​កាត់ត​រូបភាព​ទាំងនោះ​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Cnet   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី