អ្នកស្លាប់ដោយសាររញ្ជួយដីនៅ​ម៉ិកស៊ីកូ​កើនដល់ជិត ៣០០នាក់

  • 2017-09-22 03:52:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​បាន​វាយ​ប្រហារ​ភាគ​កណ្ដាល​ប្រទេស​​ម៉ិកស៊ីកូ​ កាល​ពី​ថ្ងៃ​ អង្គារ​ទី ១៩​កញ្ញា ​កម្រិត ៧,១​រិចទ័រ បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន ២៧៣​នាក់​​ហើយ។ នេះ​បើ​តាម​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

​​ចំនួន​អ្នក​ស្លាប់​ជាង​ពាក់​កណ្ដាល គឺ​អ្នក​​​រស់​នៅ​ទីក្រុង​ម៉ិកស៊ីកូ​ផ្ទាល់​តែ​ម្ដង និង​ជា​​កន្លែង​​អគារ​ជិត ៤០​ខ្នង​​បាន​បាក់​រលំ។ យោង​​ទៅ​តាម​ភ្នាក់​ងារ​ការពារ​ជន​ស៊ីវិល​បាន​បញ្ជាក់​ថា ​ពលរដ្ឋ​​រស់​នៅ​ទីក្រុង​ម៉ិកស៊ីកូ​ចំនួន ១៣៧​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ៧៣​នាក់​​ រស់​នៅ​រដ្ឋ Morelos ៤៣​នាក់​ រស់​នៅ​រដ្ឋ Puebla ១៣​នាក់​ រស់​នៅ​រដ្ឋ​ម៉ិកស៊ីកូ ៦នាក់​​នៅ​រដ្ឋ Guerrero និង​ម្នាក់​នៅ​រដ្ឋ Oaxaca។

ចំនួន​អ្នក​ស្លាប់​ត្រូវ​គេ​រំពឹង​ថា នឹង​​កើន​ឡើង​បន្ត​ទៀត ខណៈ​ក្រុម​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​​កំពុង​បន្ត​ស្វែង​រក ហើយ​សាក​សព​ជា​ច្រើន​រក​ឃើញ​នៅ​ក្រោម​គំនរ​ថ្ម​អគារ​បែក​បាក់។ ​លោក​ចៅហ្វាយ​ក្រុង​ម៉ិកស៊ីកូ ​បាន​​ប្រាប់​ថា ​អាជ្ញាធរ​បាន​រក​ឃើញ​​សាក​សព​ស្ត្រី​ចំនួន ៨៧​នាក់ បុរស ៥០​នាក់ រួម​ទាំង​កុមារ​ ២៥​នាក់​ផង។

​ប្រជាជន​ក្នុង​ក្រុង​ជាង ៥​ពាន់​នាក់ ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​ទៅ​កាន់​ជម្រក​បណ្ដោះ​អាសន្ន​ចំនួន​ ៤៧​ នៅ​ជុំវិញ​ក្រុង។ ​ឯ​អគារ​បាក់​រលំ​មាន​ចំនួន ៣៨ និង​អគារ​រង​ការ​ខូច​ខាត​មាន​ជាង ២ ៩០០​ ផងដែរ៕

ចុចអាន៖

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ ឡេង ភារុណ