មានអ្វីកើតឡើង បើកូរ៉េខាងជើង តេស្ដ​គ្រាប់បែក​អីុដ្រូហ្សែន​ក្នុងមហា​សមុទ្រប៉ាស៊ីហ្វិក?

  • 2017-09-23 08:57:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​តាន​តឹង​រវាង​កូរ៉េខាងជើង និង​អាមេរិក​ បាន​​ឡើង​កម្ដៅ​ម្ដង​ទៀត​ដោយ​ភាគី​ទាំង​ពីរ​គំរាម​កម្ទេច​ប្រទេស​គ្នា​ទៅ​វិញ​ទៅ​មក។

មេ​ដឹក​នាំ​កូរ៉េខាងជើង​ លោក គីម ជុង​អ៊ុន បាន​ឆ្លើយ​​តប​ទៅ​កាន់​​ការ​គំរាម​កំហែង​​សកម្មភាព​យោធា​របស់​ ដូណាល់ ត្រាំ ​ដោយ​ព្រមាន​​ថា ​កូរ៉េខាងជើង​ អាច​នឹង​តេស្ដ​គ្រាប់​បែក​អ៊ីដ្រូហ្សែន​ដ៏​ខ្លាំង​បំផុត​របស់​ខ្លួន​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េខាងជើង​លោក Ri Yong Ho ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទី​ក្រុង​ញូវយ៉ក ​សហរដ្ឋ​អាមេរិក។

ការ​គំរាម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​​ថ្លែង​សារ​គំរាម​កម្ទេច​កូរ៉េខាងជើង​ទាំង​ស្រុង​នៅ​​ក្នុង​កិច្ច​ប្រជុំ​មហាសន្និបាត​​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ ទី​ ១៩​ កញ្ញា​កន្លង​ទៅ​។ ​ប្រសិន​បើ​កូរ៉េខាង​ជើង តេស្ដ​មែន វា​នឹង​ក្លាយ​​ជា​អាវុធ​នុយក្លេអ៊ែរ​ដំបូង​គេ ​ដែល​បំផ្ទុះ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នា​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

គ្រាប់​បែក​អ៊ីដ្រូហ្សែន​ជា​អ្វី និង​ធ្លាប់​តេស្ដ​​ពី​មុន​មក​ទេ?

កូរ៉េខាងជើង ធ្លាប់​តេស្ដ​គ្រាប់​បែក​អ៊ីដ្រូហ្សែន​ដ៏​ខ្លាំង​មួយ​នៅ​បរិវេណ​តេស្ដ​មីស៊ីល​នៅ​ភាគ​ឦសាន​ប្រទេស​កាល​ប៉ុន្មាន​សប្ដាហ៍​មុន។​ កម្លាំង​បំផ្ទុះ​វា​ខ្លាំង និង​​បណ្ដាល​ឲ្យ​​រញ្ជួយ​ដី​កម្រិត ៦,៣​រិច​ទ័រ។

បើ​ប្រៀប​ធៀប​ជា​មួយ​គ្រាប់​បែក​អាតូមិច​របស់​អាមេរិក​ទម្លាក់​លើ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា នៅ​ជប៉ុន កាល​សង្គ្រាម​លោក​លើក​ទី​ពីរ​ឆ្នាំ ១៩៤៥ ​វិញ គឺ​ខ្លាំង​ជាង ១៦​ដង។ គ្រាប់​បែក​អាមេរិក​កាល​នោះ​ បាន​សម្លាប់​ជនជាតិ​ជប៉ុន​ជាង ១៥​ម៉ឺន​នាក់។ ប៉ុន្តែ​បច្ចេកវិទ្យា​របស់​គ្រាប់​បែក​អ៊ីដ្រូហ្សែន​មាន​ភាព​ស្មុគស្មាញ​ជាង​គ្រាប់​បែក​​អាតូមិច ​តែ​អាច​បំផ្លាញ​អ្វី​ៗ​មួយ​ទីក្រុង​រាប​ដល់​ដី។

តើ​កូរ៉េខាងជើង​យក​ទៅ​បំ​ផ្ទុះ​តាម​របៀប​ណា?

អាមេរិក និង​រុស្ស៊ី​ធ្លាប់​តែ​ប្រើ​យន្ត​ហោះ​ដឹក​គ្រាប់​បែក​ធំ​ៗ​ទៅ​បំផ្ទុះ ប៉ុន្តែ​កូរ៉េខាងជើង​វិញ ត្រូវ​អ្នក​វិភាគ​អះអាង​ថា នឹង​ប្រើ​មីស៊ីល​របស់​ខ្លួន​សណ្ដោង​យក​ទៅ​ ជាមួយ​បច្ចេកវិទ្យា​ដ៏​ស្មុគស្មាញ។

នឹង​មាន​អ្វី​កើត​ឡើង បើ​កូរ៉េខាងជើង​តេស្ដ​បំផ្ទុះ​ពិត​មែន?

ពិត​ណាស់ ការ​តេស្ដ​ម្ដង​ៗ​មិន​បាន​ផ្ដល់​ល្អ​ចំពោះ​មជ្ឈដ្ឋាន​ជុំវិញ​ឡើយ។ អ្វី​​ដែល​រង​ផល​ប៉ះពាល់​មុន​គេ គឺ​បរិស្ថាន​នឹង​ត្រូវ​បំផ្លាញ ​ពុល​ត្រី បាក់​ដី ជីវិត​សត្វ​ក្នុង​​​សមុទ្រ​​ជា​ច្រើន​ត្រូវ​ងាប់​ រញ្ជួយ​បង្កើត​​​ជា​រលក​ធំ​​ៗ​បោក​បក់ ​បរិយាកាស​រង​ការ​បំពុល។ ប្រសិន​បើ​ផ្សែង​ភាយ​ទៅ​ដល់​មនុស្ស វា​នឹង​ធ្វើ​ឲ្យ​កើត​ជំងឺ​មហារីក ទារក​ក្នុង​ផ្ទៃ​ប្រែ​ជា​ពិការ​មិន​គ្រប់​លក្ខណៈ និង​បង្ក​ជា​បញ្ហា​ដល់​ក្រពេញ​ទីរ៉ូអ៊ីត​​ទៀត​ផង​។

​តាម​​ប្រភព​ពី​វេបសាយ CTBTO ចាប់​តាំង​ពី​ការ​កកើត​សព្វាវុធ​នុយក្លេអ៊ែរ​មក​ ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មាន​ការ​តេស្ដ​​ចំនួន​ជាង ២ ០០០​ដង​ហើយ ដោយ ១០០​ដង តេស្ដ​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ប៉ាស៊ីហ្វិក។

យ៉ាង​ណា​បើ​យើង​សិក្សា​ស្រាវ​ជ្រាវ គ្រាប់​បែក​កូរ៉េ​ខាង​ជើង​នេះ មិន​មែន​ជា​គ្រាប់​បែក​ខ្លាំង​បំផុត​ក្នុង​លោក​ទេ គឺ​មាន​គ្រាប់​បែក​រុស្ស៊ី​មួយ​ឈ្មោះ Tsar Bomba ​ធ្លាប់​តេស្ដ​​រួច​ហើយ។

គ្រាប់​បែក Tsar Bomba ​មាន​កម្លាំង​ផ្ទុះ​ស្មើ​នឹង​ម្សៅ​បំផ្ទុះ TNT ៥០​មេហ្កាតោន (១មេហ្កាតោនស្មើ ១លានតោន) ឬ​ខ្លាំង​ជាង​គ្រាប់​ទម្លាក់​នៅ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​ជាង ៣ ៥០០​ដង​ ឯណោះ។ ​ដុំ​ផ្សែង​មូល​បាញ់​ទៅ​លើ​​មាន​កម្ពស់ ៩,៦​គីឡូម៉ែត្រ និង​ផ្សែង​សាយ​ភាយ​បាន​​ចម្ងាយ ៥៦​គីឡូម៉ែត្រ។

Tsar Bomba បាន​ទម្លាក់​សាកល្បង​នៅ​ម៉ោង ១១៖៣២​នាទី​ ថ្ងៃ​ទី ៣០​តុលា ឆ្នាំ ១៩៦១ ​នៅ​លើ​វាល​ទឹកកក​អាកទិច​ សណ្ដោង​ដោយ​យន្ត​ហោះ Tu-95V ។ ពេល​ទម្លាក់​ចុះ​ក្រោម​គេ​បាន​ប្រើ​ឆត្រយោង​ទម្ងន់ ៨០០​គីឡូក្រាម​​ដើម្បី​សណ្ដោង​គ្រាប់​បែក​បន្ត​ចម្ងាយ ៤៥គីឡូ​​​ម៉ែត្រ​ទៅ​កាន់​កន្លែង​បំផ្ទុះ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី