ឃឹម​ ពេជ្រចិន្តា​ រៀនចប់​បរិញ្ញាបត្រ​រង ​ក៏​ដោយ​សារ​តែ​អាជីព​ប្រដាល់

  • 2017-09-25 04:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ជើង​ចាស់​ ឃឹម​ ពេជ្រចិន្តា​ ថា​អាជីព​ប្រដាល់​មួយ​នេះ​បាន​ជួយ​រូប​គេ​បាន​ច្រើន​ទាំង​ជីវភាព​រស់​នៅ​ និង​ការ​សិក្សា​ផង​ដែរ។​

កីឡាករ​ ឃឹម ពេជ្រចិន្តា​ ក្រហម

កីឡាករ​ ឃឹម​ ពេជ្រចិន្តា​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​អាជីព​ឈឺ​ខ្លួន​មួយ​នេះ​ជួយ​ខ្លួន​បាន​ច្រើន​ណាស់​ សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដូច​ជា​ម៉ូតូ​ សម្ភារ​ប្រើប្រាស់​ផ្សេង​ទៀត​ជា​ច្រើន ការ​ចំណាយប្រើប្រាស់​ប្រចាំ​ថ្ងៃ​ រួម​ទាំង​ការ​សិក្សា​ថែម​ទៀត​ផង។​

កីឡាករ​ ឃឹម ពេជ្រចិន្តា​ ក្រហម

អ្នក​ប្រដាល់​វ័យ​២៨​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ អំឡុង​ឆ្នាំ​២០០៧​ ដែល​ខ្លួន​បាន​រៀន​បរិញ្ញាបត្ររង​ខាង​ផ្នែក​អគ្គិសនី​នោះ​ គឺ​បាន​លុប​បង់​សាលា​មក​ពី​ឡើង​សង្វៀន​ រហូត​ដល់​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​២០០៩។​ បើ​ទោះ​ជា​បច្ចុប្បន្ន​មាន​ការងារ​ជា​ជាង​អគ្គិសនី​ក្ដី​ ក៏​កីឡាករ​ជើង​ចាស់​ម្នាក់​នេះ​មិន​បោះបង់​អាជីព​ប្រដាល់​នេះ​ឡើយ​ នៅ​ឆ្លៀត​ហ្វឹកហាត់​និង​បន្ត​ប្រកួត​រហូត​ផង​ដែរ​ ហើយ​សរុប​ពី​ចំណូល​ប្រដាល់​និង​ការ​ផ្ទាល់​ខ្លួន​ផង​នោះ​ កីឡាករ​រូប​នេះ​សល់​ខ្ទង់​ ៣០០-៤០០​ ដុល្លារ​អាមេរិក​ឲ្យ​គ្រួសារ​ដែរ។​

កីឡាករ​ដើម​កំណើត​នៅ​ទីក្រុង​ភ្នំពេញ​ខាង​លើ​ មិន​ភ្លេច​ទេ​អាជីព​ប្រដាល់​នេះ​ ទី១​គឺ​ស្រឡាញ់​ខ្លាំង​ណាស់​ ទី២​ជួយ​ជីវភាព​គ្រួសារ​បាន​ច្រើន​រហូត​ដល់​ពេល​នេះ។​

កីឡាករ​ ឃឹម ពេជ្រចិន្តា​ ក្រហម

​ឃឹម​ ពេជ្រចិន្តា​ ជា​កីឡាករ​ចាស់​វស្សា​ចូលប្រឡូក​ប្រដាល់​គុន​ខ្មែរ​តាំង​ពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ​ គេ​ធ្លាប់​ប្រកួត​ជា​មួយ​កីឡាករ​ជើង​ចាស់​ជា​ច្រើន​ដូច​ជា​ ឡុង​ សុភី​ ពេជ្រ​ សីហា​ វង្ស​ ណយ​ និង​កីឡាករ​ជំនាន់​ក្រោយ​ ឃីម​ ឌីម៉ា​ មឿន​ សុខហ៊ុច​ ជា​ដើម​ ហើយ​ការ​ប្រកួត​ចុង​ក្រោយ​របស់​អ្នក​ប្រដាល់​រូប​នេះ​ឈ្នះ​ ផន​ ផល្លា​ ដោយ​ពិន្ទុ​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥​ក្នុង​កម្មវិធី​ TV5 Knock Out Series​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​