ផ្ទះនៅលើកណ្តាលផ្លូវ អស់១៤ឆ្នាំ ទីបំផុតត្រូវកម្ទេចចោលហើយ ដោយសារហេតុផលមួយ

  • 2017-09-25 07:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ឈរ​នៅ​លើ​កណ្ដាល​ផ្លូវ អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍ ផ្ទះ​ដ៏​ល្បី​មួយ​ខ្នង​ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​សៀងហៃ ទីបំផុត​ត្រូវ​បាន​គេ​កម្ទេច​ចោល​ហើយ ដោយ​ចំណាយ​ពេល​ត្រឹមតែ ៩០ នាទី​ប៉ុណ្ណោះ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ សប្ដាហ៍​មុន។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា អស់​រយៈពេល ១៤ ឆ្នាំ​ហើយ ដែល​ផ្ទះ​កម្ពស់ ៣ ជាន់​មួយ​ខ្នង​នេះ បាន​បង្ខំ​ឲ្យ​ផ្លូវ​ធំ ៤ គន្លង នៅ​ក្នុង​ស្រុក Songjiang ច្របាច់​ចូល​ទៅ​ជា​ផ្លូវ ២ គន្លង​វិញ នៅ​ត្រង់​ចំណុច​ផ្លូវ​ឆ្លង​កាត់​មុខ​ផ្ទះ​នោះ បណ្ដាល​ឲ្យ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន។

ផ្ទះ​ខាងលើ​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា «Nail House» ដោយសារតែ​ភាព​ចចេស​រឹងរូស​របស់​ម្ចាស់​ផ្ទះ ដែល​បាន​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់ មិនព្រម​ទទួល​សំណង​ពី​រដ្ឋាភិបាល បណ្ដាល​ឲ្យ​អ្នក​ម៉ៅការ​សំណង់ សម្រេច​ចិត្ត​សាងសង់​ផ្លូវ​នៅ​ជុំវិញ​ផ្ទះ​នោះ​តែម្ដង។

ទោះ​បី​ជា​យ៉ាង​ណា កាល​ពី​ដើម​ខែ​កន្លង​ទៅ​នេះ អតីត​ម្ចាស់​ផ្ទះ​មាន​ឈ្មោះ​ថា Xu Yongtao អាយុ ៨៧ ឆ្នាំ បាន​យល់​ព្រម​ប្រគល់​ផ្ទះ​នោះ បន្ទាប់​ពី​មាន​ជម្លោះ​ដ៏​ជូរចត់ ដែល​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។

យ៉ាងណាមិញ លោក Xu នឹង​ទទួល​បាន​ប្រាក់​សំណង ចំនួន ២,៣ លាន​យ័ន ឬ​ប្រហែល ៣៥០ ០០០ ដុល្លារ ជាមួយ​នឹង​ផ្ទះ​ចំនួន ៤ ល្វែង​ទៀត​ផង។ កូនប្រសា​ប្រុស​របស់​លោក Xu បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា គ្រួសារ​របស់​ខ្លួន​កាន់​តែ​ចាស់​ហើយ និង​ធុញទ្រាន់​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ខ្លាំង​ណាស់៕

ចុច​អាន៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សេង ឡុង