មានកូនស្រី៧នាក់មិនស្កប់ចិត្ត ទិញកូនប្រុសម្នាក់​មកស្នងត្រកូល បែរជួបរឿងអាក្រក់ទៅវិញ

  • 2017-09-18 07:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្ដី​ប្រពន្ធ​ជនជាតិ​ចិន​មួយ​គូ ដែល​មាន​កូនស្រី​ផ្ទាល់ខ្លួន រហូត​ដល់​ទៅ ៧ នាក់ បាន​ចំណាយ​លុយ​ជាង ១៤ ០០០ ដុល្លារ ទិញ​យក​កូន​ប្រុស​ម្នាក់​ទៀត ពី​ជន​ចម្លែក ដើម្បី​ឲ្យ​កូន​ប្រុស​នោះ​មក​ស្នង​ត្រកូល​នៅ​ក្នុង​គ្រួសារ តែ​ចុងក្រោយ​បែរ​ជួប​រឿង​អាក្រក់​ទៅ​វិញ។

យោង​តាម​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​ឲ្យ​ដឹង​ថា ទារក​នោះ​មាន​អាយុ​ទើប​តែ​ជាង ១ ខែ​ប៉ុណ្ណោះ ដោយ​ត្រូវ​បាន​គេ​ចាប់​ពង្រត់ និង​លក់​ទៅ​ឲ្យ​ប្ដី​ប្រពន្ធ​ខាងលើ ប៉ុន្តែ​ពួកគេ​បាន​ប្រាប់​តុលាការ​ថា ពួក​គេ​មិន​បាន​ដឹង​អំពី​ការ​ពិត​នេះ​ទេ។

លោក និង​លោក​ស្រី Chen បាន​រៀបការ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ និង​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ក្នុង​ការ​មាន​កូន​ប្រុស ដោយសារ​តែ​ការ​គិត​បែប​ចាស់​គំរឹល​ពី​បុរាណ ដែល​ចង់​បាន​កូន​ប្រុស​មក​ស្នង​ត្រកូល។ ពួកគេ​បាន​ព្យាយាម ប៉ុន្តែ​ទទួល​បាន​តែ​កូនស្រី រហូត​ដល់​ទៅ ៧ នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ២ ដល់ ១៨ ឆ្នាំ។ ដូច្នេះ​ហើយ​ទើប​ពួកគេ​សម្រេចចិត្ត​ទិញ​កូន​ប្រុស​ម្នាក់​តែម្ដង។

ក្រោយមក ប្ដី​ប្រពន្ធ​ខាងលើ ត្រូវ​អ្នក​ស្គាល់​គ្នា​ណែនាំ​ទៅ​គ្រួសារ​ដែល​ចង់​លក់​កូន​ប្រុស។ ពួកគេ​ក៏​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង Shantou ទៅកាន់ ស្រុក Fengshun ដើម្បី​ទៅ​ជួប​បុរស​ម្នាក់​ឈ្មោះ Wang ដែល​អះអាង​ថា​ជា​ឪពុក​របស់​ទារក​ខាងលើ។

លោក Chen បាន​ប្រាប់​តុលាការ​ថា លោក Wang បាន​ធានា​ជូន​ពួកគេ​ថា ទារក​នោះ​មិនមែន​ត្រូវ​គេ​ចាប់​ពង្រត់​មក​ទេ ប៉ុន្តែ​លោក Wang បាន​ស្នើសុំ​លុយ​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ ចំនួន ១៤ ០០០ ដុល្លារ ជា​ថ្លៃ​ចិញ្ចឹម​បីបាច់។ បន្ទាប់មក ពួក​គេ​បាន​ប្រគល់​លុយ និង​ចុះហត្ថលេខា​យល់ព្រម​ជាមួយ​លោក Wang មុន​ពេល​យក​កូន​ប្រុស​នោះ​មក​ទីក្រុង Shantou វិញ។

ផ្ទុយទៅវិញ រឿង​ដែល​មិន​នឹក​ស្មាន​ដល់​ក៏​បាន​កើត​ឡើង នៅ​ពេល​ដែល​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ ត្រលប់​ទៅ​កាន់ Shantou វិញ ពួកគេ​ក៏​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​តែម្ដង ដោយ​អះអាង​ថា ទារក​នោះ​ត្រូវ​បាន​គេ​ចាប់​ពង្រត់ និង​ជួញដូរ។

បើ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ទារក​នោះ​ត្រូវ​បាន​ប្ដី​ប្រពន្ធ​មួយ​គូ​ផ្សេង​ទៀត​មក​ពី​ខេត្ត Yunnan លក់​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ឈ្មោះ Peng។ ក្រោយមក Peng បាន​លក់​ទារក​នោះ​បន្ត​ឲ្យ​ទៅ លោក Wang។ លោក Wang ទទួល​បាន​ផល​ចំណេញ​ប្រហែល ១ ០០០ ដុល្លារ ក្នុង​ការ​លក់​ទារក​នោះ​បន្ត ឲ្យ​ទៅ​ប្ដី​ប្រពន្ធ​ត្រកូល Chen ខាង​លើ។

យ៉ាងណាមិញ តុលាការ​បាន​ចោទប្រកាន់​មនុស្ស ៨ នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស ខណៈ​លោក និង​លោក​ស្រី Chen ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ទិញ​កុមារ ដែល​ត្រូវ​គេ​ចាប់​ពង្រត់៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង