រឿង​ "Avatar” វគ្គ​ថ្មី​ចាប់​ផ្ដើម​ថត​ហើយ​ ចំណាយ​ដើម​ទុន​ខ្ទង់​ប៊ីលាន​ដុល្លារ

  • 2017-09-28 02:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​រឿង​ "Avatar” វគ្គ​ថ្មី​បាន​ចាប់​ផ្ដើម​ថត​ហើយ​ បន្ទាប់​ពី​រឿង​វគ្គ​ដំបូង​បាន​ដាក់​បញ្ចាំង​កាល​ពី​ឆ្នាំ ២០០៩ ដោយ​បាន​ក្លាយ​ជា​រឿង​មួយ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្រ្ដ​គឺ​ដល់​ទៅ ២,៧​ប៊ីលាន​ដុល្លារ​ឯណោះ ទូទាំង​ពិភពលោក។

លោក James Cameron

ភាព​យន្ត​ដែល​ដឹក​នាំ​ដោយ​កំពូល​អ្នក​ដឹក​នាំ​រឿង James Cameron នេះ​បាន​ចាប់​ផ្ដើម​ថត​កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ។ នេះ​បើ​តាម​ការ​រាយ​ការណ៍​ពី​សារព័ត៌មាន​ Deadline។

ដោយ​សារ​តែ​លោក​ជា​កំពូល​អ្នក​ដឹក​នាំ​រឿង​បែប​នេះ​ហើយ ទើប​លោក​នឹង​ធ្វើ​រឿង​មួយ​ដែល​គេ​នឹក​ស្មាន​មិន​ដល់។ រឿង "Avartar” វគ្គ​ថ្មី​នេះ​នឹង​ត្រៀម​ថត​បន្ត​សរុប​ដល់​ទៅ​ ៤ វគ្គ​ឯ​ណោះ​។ វិធីសាស្ត្រ​នេះ​គឺ​ស្រដៀង​នឹង​ខ្សែ​រឿង​ "Lord of the Rings” ដែរ​ ដែល​​បាន​ថត​រឿង​ទាំង​បី​វគ្គ​ក្នុង​ពេល​តែ​មួយ។

បើ​តាម​សារព័ត៌មាន​ Deadline តម្លៃ​សរុប​សម្រាប់​គម្រោង​ថត​រឿង​នេះ​ គឺ​​​ត្រៀម​ដល់​ទៅ ១​ប៊ីលាន​ដុល្លារ​ឯណោះ។

មូល​ហេតុ​ដែល​អ្នក​ដឹក​នាំ​រូប​នេះ​ហ៊ាន​ថត​រឿង​ដែល​ចំណាយ​ថវិកា​មិនចេះ​តិច​ដូច្នេះ​ គឺ​ដោយ​សារ​តែ​លោក​ជា​អ្នក​ដឹក​នាំ​រឿង​ដ៏ល្បី​ "Titanic” ផង​ដែរ​ ម្លោះហើយ​ផលិតករ​រឿង​មិន​ញញើត​នឹង​ចំណាយ​ប្រាក់​ចំពោះ​លោក​ឡើយ។

ផលិត​កម្ម​ 20th Century Fox នឹង​មាន​គម្រោង​ដាក់​បញ្ចាំង​រឿង​ "Avatar” វគ្គ​ថ្មី​ដំបូង​នៅ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ​ ឆ្នាំ ២០២០។​ រឿង​បន្ទាប់​នឹង​ដាក់​បញ្ចាំង​មួយ​ឆ្នាំ​ក្រោយ ហើយ​រឿង​ពីរ​វគ្គ​ទៀត​នឹង​ដាក់​បញ្ចាំង​នៅ​ខែ​ធ្នូ​ ឆ្នាំ ២០២៤ និង ២០២៥ ដោយ​រឿង​ទាំង​អស់​នឹង​ដាក់​បញ្ចាំង​ដោយ​ប្រើ​បច្ចេកទេស 3D Imax។

​ប៉ុន្តែ​ផលិតកម្ម​ Fox មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​នឹង​អាច​ដាក់​ថ្ងៃ​បញ្ចាំង​តាម​ការ​គ្រោង​ទុក​នេះ​បាន អាស្រ័យ​លើ​កាលៈទេសៈ​អំណោយ​ផល៕

អាន​អត្ថបទ៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី