នាយករដ្ឋមន្ត្រី​ថៃ​ដឹង​កន្លែង​លាក់​ខ្លួន​របស់​អ្នក​ស្រី Yingluck ហើយ

  • 2017-09-28 12:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​នេះ នាយករដ្ឋមន្ត្រី​ថៃ Prayut Chan-o-cha បាន​និយាយ​ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ អ្នក​ស្រី Yingluck Shinawatra កំពុង​ស្ថិត​ក្នុង​ទី​ក្រុង Dubai នៃ​រាជាណាចក្រ​អារ៉ាប​រួម។

លោក Prayut Chan-o-cha បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា៖ ខ្ញុំ​ទទួល​បាន​ព័ត៌មាន​មិន​ផ្លូវ​ការ​ ពី​ក្រសួង​ការ​បរទេស​ថា ​អ្នក​ស្រី​ Yingluck កំពុង​ស្ថិត​ក្នុង​ទីក្រុង Dubai។ នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ​បាន​បន្ត​ទៀត​ថា នៅ​ពេល​នេះ ក្រសួង​ការ​បរទេស កំពុង​តែ​តាម​ដាន​ស្វែង​រក​ពី​ទីតាំង​ពិត​ប្រាកដ ដែល​អ្នក​ស្រី​ Yingluck កំពុង​ស្ថិត​នៅ។ លោក Prayut ក៏​បាន​ថ្លែង​ទៀត​ថា៖ "ឥឡូវ ប៉ូលិស​ត្រូវ​តែ​ចាត់​វិធាន​ការ និង​សហការ​សម្រប​សម្រួល​ជាមួយ​ក្រសួង​ការ​បរទេស និង​អង្គការ​ប៉ូលិស​អន្តរជាតិ ដើម្បី​ដោះ​ស្រាយ​រឿង​នេះ"។   ទោះ​ជា​យ៉ាង​ណា បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​អន្តរជាតិ​ល្បី​ឈ្មោះ Reuters យោង​តាម​ប្រភព​​ពី​រាជាណាចក្រ​​អារ៉ាប់រួមបាន​ឲ្យ​ដឹង​ថា អ្នក​ស្រី Yingluck បាន​ចាក​ចេញ​ពី​ទី​ក្រុង Dubai ទៅ​ទី​ក្រុង​ឡុងដុង ចក្រភព​អង់គ្លេស តាំង​ពី​ថ្ងៃ​ទី ១១ ខែ​កញ្ញា​មក​ម្ល៉េះ។

អ្នក​ស្រី​ Yingluck  បាន​ភៀស​ចេញ​ពី​ប្រទេស​ថៃ តាំង​ពី​ខែ​មុន។ កាល​ពី​ម្សិល​មិញ​នេះ អ្នក​ស្រី​ ត្រូវ​បាន​តុលាការ​ជាន់​ខ្ពស់​ថៃ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ៥​ឆ្នាំ ទាក់​ទង​នឹង​រឿង​អាស្រូវ​ពុក​រលួយ​គម្រោង​ស្រូវ​អង្ករ​របស់​រដ្ឋាភិបាល​អ្នក​ស្រី​ អំឡុង​ពេល​អ្នក​ស្រី​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថៃ ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៤។ គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​អ្នក​ស្រី Yingluck Shinawatra ត្រូវ​បាន​យោធា​ថៃ​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ទី ២២​ ឧសភា​ ឆ្នាំ ២០១៤ ដែល​ជា​រដ្ឋ​ប្រហារ​ទី ១៩ នៅ​ក្នុង​ប្រទេស​ថៃ គិត​តាំង​ពី​ឆ្នាំ ១៩៣២​មក៕

ប្រភព៖ Bangkokpost   ប្រែសម្រួល៖ ហ៊ីម រស្មី