ក្រុម​ម៉ូតូ​ធំ​សិង្ហបុរី ជិះ​ម៉ូតូ​​រាប់​រយ​គីឡូ ស្វែង​រក​ប្រាក់​ជួយ​មន្ទីរពេទ្យ​ស្ត្រី​នៅកម្ពុជា​

  • 2017-09-29 02:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ម៉ូតូ​ធំ BMW Motorcycle Club សិង្ហបុរី និង​កម្ពុជា បាន​រួម​គ្នា​ធ្វើ​កម្មវិធី​សប្បុរសធម៌ ជួយ​មន្ទីរពេទ្យ​ព្យាបាល​រោគ​ស្ត្រី​មួយ កាល​ពី​ម្សិលមិញ។

លោក​ស្រី Janne Ritskes ​ជា​សហ​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​ស្ត្រី នគរ​ទេព(រូប​ខាង​ឆ្វេង​)

ក្រោយ​ធ្វើ​ដំណើរ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ឆ្លង​កាត់​ប្រទេស​ជាច្រើន​ដូច​ជា សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ឡាវ និង​ភូមា ក្រុម​ម៉ូតូ​ធំ​សិង្ហបុរី​ដែល​មាន​លោក Pinaki Ray ជា​តំណាង​បាន​មក​ដល់​ទឹកដី​កម្ពុជា​ដោយ​សុវត្ថិភាព។

ដោយ​មាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ក្រុម​ម៉ូតូ​ធំ​កម្ពុជា BMW Motorcycle Club(Cambodia) បាន​ជួប​ជុំ​គ្នា នៅ​ក្នុង​បរិវេណ​អង្គការ តាប៊ីតា ខាំបូឌា(Tabitha Cambodia)។

លោក Pinaki Ray ជា​តំណាង​ក្រុម​ម៉ូតូ​ធំ​សិង្ហបុរី​

លោក​ស្រី Janne Ritskes ​ជា​ស្ថាបនិក​អង្គការ តាប៊ីតា ខាំបូឌា និង​ជា​សហ​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​ស្ត្រី នគរ​ទេព បាន​ឲ្យ​ដឹង​ថា លោក​ស្រី រំភើប​ចិត្ត​ជា​ខ្លាំង ដែល​ក្រុម​ម៉ូតូ​ធំ BMW Motorcycle Club បាន​ចំណាយ​ពេលដ៏​ច្រើននិង​ត្រូវ​ធ្វើ​ដំណើរ​រាបរយ​គីឡូម៉ែត្រ​ ក្នុង​ដំណើរ​ផ្សង​ព្រេង​ស្វែង​រក​ថវិកា មក​ជួយ​​មន្ទីរពេទ្យ​ព្យាបាល​រោគ​ស្ត្រី ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាងសង់ មិន​ទាន់​បញ្ចប់​នៅ​ឡើយ។

ក្រុម​ម៉ូតូ​ធំ​សិង្ហបុរី និង​កម្ពុជា ជា​ក្រុម​ម៉ូតូ​ធំ​ដែល​មាន​ឈ្មោះ​ជា​សមាជិក​អន្តរជាតិ​នៃ BMW Motorcycle Club លើ​ពិភពលោក ដែល​តែង​តែ​ធ្វើ​កម្មវិធី​សប្បុរសធម៌​ជា​រៀងរាល់​ឆ្នាំ នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នានា​រួម​ទាំង​កម្ពុជា​។

ថវិកា​ដែល​បាន​មក​ពី​ការ​ធ្វើ​កម្មវិធី​សប្បុរសធម៌ ដោយ​ជិះ​ម៉ូតូ​ឆ្លង​ប្រទេស​ជាច្រើន ក្រុម​ម៉ូតូ​ធំ បាន​ស្វែង​រក​​ទឹក​ប្រាក់​សរុប​ប្រមាណ​ជា ២៣ ៩៥០ ដុល្លារ ដោយ BMW Motorcycle Club(Singapore) ស្វែង​រក​បាន​ចំនួន ២២ ០០០ ដុល្លារ និង​ក្រុម​ម៉ូតូ​ធំ BMW Motorcycle Club(Cambodia) ស្វែង​រក​បាន​ចំនួន ១ ៨៥០ ដុល្លារ ត្រូវ​បាន​ប្រគល់​ជូន​លោក​ស្រី Janne Ritskes ​ជា​ស្ថាបនិក​អង្គការ តាប៊ីតា ខាំបូឌា។

ក្រុម​ម៉ូតូ​ធំ កំពុង​ស្ដាប់​ការ​រៀប​រាប់​ពី​ដំណើរ​សាង​សង់​មន្ទីរពេទ្យ

មន្ទីរពេទ្យ នគរពេទ ដែល​មាន​លោកស្រី Janne Ritskes(យ៉េន រីស្កេស) ជា​សហ​ស្ថាបនិក ​ជា​មន្ទីរពេទ្យ​សម្រាប់​ស្ត្រី​ដំបូង​គេ​នៅ​កម្ពុជា ដែល​ពិនិត្យ​និង​ព្យាបាល​រោគ​មហារីក​ដំណាក់​កាល​ដំបូង ដែល​តែង​កើត​មាន​លើ​ស្ត្រី​ជា​ច្រើន​ពាន់​នាក់ និង​ជា​មន្ទីរពេទ្យ​ស្រ្តី ដែល​ផ្ដល់​ការ​ប្រឹក្សា​ពី​បញ្ហា​ស្ត្រី​ដោយ​មិន​គិត​ថ្លៃ​។

បច្ចុប្បន្ន មន្ទីរពេទ្យ នគរទេព​ កំពុង​ស្ថិត​ក្នុង​ការ​សាងសង់​បាន​ប្រមាណ​ជា ៦០ ភាគរយ កំពុង​ខ្វះខាត​ថវិកា​សម្រាប់​សាងសង់​ផង​ដែរ។ ប្រសិន​បើ​ប្រិយមិត្ត​មាន​ចំណាប់​អារម្មណ៍​ចង់​ចូល​រួម​ជា​សប្បុរស​ធម៌ អាច​ទំនាក់​ទំនង​បាន​តាម​រយៈ​លេខ៖ 078 559798។

អង្គការ តាប៊ីតា ខាំបូឌា ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​​បាន​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ស្ត្រីទុរគត អនាថា ស្ត្រី​មាន​ផ្ទុក​មេរោគ ឲ្យ​មាន​ការងារ​ធ្វើ និង​ការ​អភិវឌ្ឍ​សហគមន៍ ក្នុង​គម្រោង​ជួយ​សាង​សង់​អណ្ដូង​ទឹក ស្រះ​ទឹក ឬ​លំនៅដ្ឋាន​ដល់​ប្រជាពលរដ្ឋ​ក្រី​ក្រ​ជួប​ការ​លំបាក​នៅ​ជន​បទ។

អង្គការ តាប៊ីតា ខាំបូឌា មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​បាស្ទ័រ កែង​នឹង​ផ្លូវ 360 សង្កាត់​បឹង​កេង​កង ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ៕

មន្ទីរពេទ្យ នគរពេទ កំពុង​សាងសង់មាន​ទីតាំង​នៅ​ក្បែរ​មន្ទីរ​ឃុំ​ឃាំង ព្រៃស​

ចុច​អាន​បន្ត​៖

អត្ថបទ៖ រក្សា