គួរ​ធ្វើ​បែប​ណា ពេល​អ្នក​មាន​អារម្មណ៍​​ថា​វង្វេង​បាត់​គោល​ដៅ?

  • 2017-09-30 02:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាព​មួយ​ចំនួន​ដែល​ជួប​ប្រទះ​ក្នុង​ជីវិត អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​គ្មាន​អ្វី​ក្នុង​ខ្លួន មិន​ដឹង​ត្រូវ​ធ្វើ​អ្វី មិន​ដឹង​ថា​គោល​ដៅ​នៅ​ឯណា ឬ​គិត​ថា​គ្មាន​អ្វី​សោះ​ក្នុង​ខ្លួន ហើយ​អារម្មណ៍​នេះ​មនុស្ស​ជា​ច្រើន​សុទ្ធតែ​ធ្លាប់​ជួប​ប្រទះ។ បើ​មាន​បញ្ហា​ទាំងនេះ អ្នក​អាច​ស្វែង​​យល់​ពី​វិធី ៤​យ៉ាង​​ដើម្បី​បំបាត់​អារម្មណ៍​មិន​ល្អ​ទាំង​នោះ ហើយ​ស្វែង​រក​ភាព​ភ្លឺ​ថ្លា​មក​វិញ៖

១.ជួបជុំ​មិត្តភ័ក្ដិ ​និង​គ្រួសារ៖ ជួន​កាល ពេល​អ្នក​វង្វេង​បាត់​គោលដៅ ចង់​ដក​ខ្លួន​ចេញ​ពី​ពិភពលោក ប៉ុន្តែ​នៅ​ក្នុង​ភាព​ស្ងៀមស្ងាត់​មាន​សេចក្ដី​ឈឺចាប់ ហើយ​វិធី​ល្អ​បំផុត​ក្នុង​ការ​ស្វែង​រក​ខ្លួន​ឯង​ត្រលប់​មក​វិញ និង​អាច​ឈរ​ជើង​ម្ដង​ទៀត គឺ​ការ​ទទួល​គំនិត​ពី​អ្នកដទៃ។ ចូរ​ទៅ​អង្គុយ​ជាមួយ​មិត្ត​ដែល​ជឿ​ទុក​ចិត្ដ ឬ​ក៏​សមាជិក​គ្រួសារ ហើយ​ប្រាប់​ពួកគេ​ពី​អារម្មណ៍​របស់​អ្នក។ ការ​និយាយ​វា​ចេញ​មក​អស់ អ្នក​នឹង​ផ្ដើម​រក​​ឃើញ​ដំណោះ​ស្រាយ។

២.ធ្វើ​ការងារ​ស្ម័គ្រចិត្ត៖ ការ​មាន​អារម្មណ៍​វង្វេង​ខ្លួនឯង ឬ​អស់​សង្ឃឹម ច្រើន​កើត​ឡើង​ដោយសារ អ្នក​ផ្ដោត​ទៅ​លើ​រឿង​ផ្ទាល់​ខ្លួន និង​បញ្ហា​សំខាន់​ក្នុង​ជីវិត​ច្រើន​ពេក។ នោះ​ជា​ពេល​ដ៏​ឥត​ខ្ចោះ​ក្នុង​ការ​បង្វែរ​ខ្លួន​មក​ជួយ​អ្នក​ដទៃ​វិញ។ ចូរ​ចំណាយ​ពេល​វេលា​និង​ថាមពល​អ្នក​ទៅ​ធ្វើ​អំពើ​ល្អ និង​ជួយ​អ្នក​ដទៃ​ដែល​កំពុង​ត្រូវការ។ អ្នក​នឹង​ឃើញ​ក្រុម​មនុស្ស​សុទិដ្ឋិនិយម​ជាច្រើន​នៅ​កន្លែង​ការងារ​ស្ម័គ្រ​ចិត្ដ។ បេះដូង​ពួក​គេ​វិជ្ជមាន និង​មាន​ព្រលឹង​ព្រលះ​ដែល​នឹង​ផ្ដល់​ឱ្យ​អ្នក​នូវ​ក្ដី​សង្ឃឹម​ហើយ​ក្រុម សង្គម​មនុស្ស​ថ្មី​នឹង​បំផុស​ចិត្ត​គំនិត​អ្នក​ឡើង​វិញ។ ការ​ចូលរួម​នោះ​នឹង​ដាស់​បំភ្លឺ​ភ្លើង​សុបិន​អ្នក​ឱ្យ​ឆាបឆេះ​ឡើងវិញ។

៣. អាន៖ មនុស្ស​ទូទៅ​ចំណាយ​ពេល​ច្រើន​ពេក​ទៅ​លើ​បណ្ដាញ​សង្គម​អ៊ីនធឺណិត សម្រាប់​ស្វែង​រក​​ចម្លើយ​ជីវិត។ ផ្ទុយ​ទៅ​វិញ ចូរ​ទុក​ទូរសព្ទ​ចុះ ហើយ​អាន​សៀវភៅ។ ការ​អាន​គឺ​ជា​ផ្លូវ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ទទួល​បាន​ភាព​ភ្លឺថា្ល​ត្រចះត្រចង់។ ការ​អាន​មាន​អានុភាព​បំផុស​គំនិត​អ្នក​អំពី​ការ​រស់នៅ​ក្នុង​ជីវិត​ដែល​មាន​គុណភាព​ល្អ​ជាង​នេះ។ វា​អាច​ផ្ដល់​ឱ្យ​អ្នក​នូវ​មហិច្ឆតា​និង​ការ​ប៉ង​អ្វី​ដែល​ល្អ​ប្រសើរ។ ដូចនេះ ចូរ​រើស​យក​សៀវភៅ​អភិវឌ្ឍ​ខ្លួន ឬ​សៀវភៅ​ចិត្ត​វិញ្ញាណ មួយ​ចំនួន ហើយ​ចាប់​ផ្ដើម​អាន!

៤. ប្រមូល​អារម្មណ៍​ធ្វើ​កិច្ចការ​ជា​ប្រចាំ៖ អ្នក​អាច​ផ្លាស់​ប្ដូរ​អារម្មណ៍​អ្នក​ ដោយ​ការ​ប្រមូល​អារម្មណ៍​ធ្វើការ​ជា​ប្រចាំ។ ចូរ​ព្យាយាម​បំពេញ​គោលដៅ​តូចៗ​មួយ​ចំនួន​ជា​រៀងរាល់​ថ្ងៃ។ គោលដៅ​ទាំងនោះ​មិន​ចាំបាច់​ត្រូវ​នឹង​គោល​បំណង​ក្នុង​ជីវិត​អ្នក​ទេ ព្រោះ​ប្រហែល​អ្នក​មិន​ទាន់​គិត​ឃើញ​គ្រប់​យ៉ាង​ចេញ​នៅ​ឡើយ។ ប៉ុន្តែ​ការ​ធ្វើ​សកម្មភាព​នេះ​ធ្វើ​ឱ្យ​អ្នក​​ផ្ដើម​រក​ឃើញ​អ្វី​ដែល​មាន​អត្ថន័យ​ក្នុង​ជីវិត។ វា​ជា​ជំហាន​ទៅ​មុខ​ដែល​អ្នក​រក​ឃើញ​ទំនុក​ចិត្ត ហើយ​ផ្លូវ​នានា នឹង​ផុស​ចេញ​បន្ត​បន្ទាប់​នៅ​មុខ​អ្នក៕

ប្រភព៖ brendon   ប្រែ​សម្រួល៖ លី គីមហ្គិច