​អាណាចក្រ​បៃតង​ ថា ការ​ឈ្នះ​សម្ព័ន្ធ​មូស្លីម​​ជា​ជោគជ័យ​ដ៏​មហាសាល

  • 2017-10-09 02:17:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ម៉ុក​ ចាន់​កុរណា ​ប្រធាន​ក្លឹប​អាណាចក្រ​បៃតង​បាន​​​បង្ហាញ​ចំណាប់អារម្មណ៍​ថា ការ​យក​ឈ្នះ​ទៅ​លើ​​​ក្រុម​សម្ព័ន្ធ​មូស្លីម​​កម្ពុជា ២-១ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ម្សិល​មិញ​នេះ​ជា​ជោគជ័យ​ដ៏​មហាសាល​ ដែល​ការ​ប្រកួត​ធ្វើ​ឡើង​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​ពាន​រង្វាន់​​សម្ដេច​អគ្គ​មហា​ពញា​​ចក្រី​ ហេង សំរិន។

ម៉ុក​ ចាន់​កុរណា

​ប្រធាន​ក្លឹប​រូប​នេះ​បាន​ឲ្យ​ដឹង​ថា វា​ជា​រឿង​នឹក​ស្មាន​មិន​ដល់​មួយ​ដែល​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង សម្ព័ន្ធ​មូស្លីម​​ត្រឹម​ ៩០​នាទី​ ពី​ព្រោះ​លោក​គិត​ថា ដៃ​គូ​មួយ​នេះ​មាន​​ប្រព័ន្ធ​លេង​ល្អ ហើយ​ថែម​ទាំង​មាន​បទ​ពិសោធ​​លេង​ទីលាន​ធំ​ច្រើន​ទៀត​ផង។ ​លោក​គិត​ថា ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ម្សិល​មិញ​នេះ​ នឹង​អាច​ចូល​ដល់​​វគ្គ​បន្ថែម​ម៉ោង​ ពី​ព្រោះ​កម្រិត​ក្រុម​ទាំង​ពីរ​ប្រហាក់​ប្រហែល​គ្នា។

​សម្រាប់​គោល​ដៅ​បន្ទាប់​របស់​អាណាចក្រ​បៃតង​​លោក​បញ្ជាក់​ថា ​ក្លឹប​គឺ​ផ្សារភ្ជាប់​ជា​មួយ​ស្មៅ​បៃតង​ជា​និច្ច​ ពោល​គឺ​បណ្ដុះ​យុវជន​កម្ពុជា​​មិន​ឲ្យ​ធ្វើ​អ្វី​ប៉ះ​ពាល់​ដល់​សង្គម​ជាតិ​ ដោយ​ឲ្យ​ពួក​គេ​ងាក​មក​លេង​កីឡា​ជា​រឿង​សំខាន់។ ចំណែក​គម្រោង​ដែល​ពាន​​សម្ដេច​​នេះ​ចង់​បង្កើត​ឡើង​នា​ឆ្នាំ​ក្រោយ​ៗ ទៀត​នោះ​លោក​មិន​ទាន់​​ច្បាស់ ១០០ % បាន​ចូល​រួម​ឬ​យ៉ាង​ណា​នោះ​ទេ ដោយ​សារ​នៅ​រង់​ចាំ​ពិចារណា​ជុំ​វិញ​ការ​ឧបត្ថម្ភ​ជា​មុន​សិន។

​ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់ សម្ដេច​អគ្គ​មហា​ពញាចក្រី ហេង សំរិន រដូវកាលទី១ មាន ១៨ក្រុមចូលរួម ។ ជើងឯក​បាន​ទៅ​ក្រុម​អាណា​ចក្រ​បៃតង ទទួល​បាន​ប្រាក់​រង្វាន់ ២៥លានរៀល, ជើង​ឯក​រង​ក្រុម​សម្ព័ន្ធ​យុវជន​មុស្លីម​កម្ពុជា ទទួល​បាន​ប្រាក់​រង្វាន់ ២០លានរៀល និង​ក្រុម​លេខ​៣ បាន​ទៅ​ក្រុម​ពិស្ណុការ ទទួល​បាន​ប្រាក់​រង្វាន់ ១៥លានរៀល ។ ​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​​ទទួល​បាន​ពាន​មួយ និង​ថវិកា ៨០​ម៉ឺន​រៀល អ្នក​ចាំ​ទី​ល្អ​ទទួល ៨០​ម៉ឺន​រៀល ពាន​មួយ និង​​ចុង​ក្រោយ​ក្រុម Fair Play ទទួល​បាន​ពាន​មួយ និង​ទឹក​ប្រាក់ ៤​លាន​រៀល​ផង​ដែរ៕

ក្រុម​អាណាចក្រ​បៃតង​លើក​ពាន
ក្រុម​សម្ព័ន្ធ​មូស្លីម​
ក្រុម​ពិស្ណុការ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​